ចូលរួមសោកស្តាយផង ប្រសិនបើស្នេហារបស់អ្នកមាន ៥ ចំណុចនេះ

ស្រលាញ់គ្នាគឺជារឿងមួយដែលស្រស់ស្អាត ប៉ុន្តែនៅពេលដែលអារម្មណ៍ស្រលាញ់លែងដូចដើមហើយនោះ វាគឺជារឿងផ្សេងមួយទៀត។ ដើរដល់ចំណុចនេះ ច្បាស់ណាស់ថានឹងមានម្ខាង ដែលត្រូវរងទុក្ខ។ ធម្មតាទេ ក្លាយជាប្តីប្រពន្ធគឺត្រូវតែទ្រាំ ដើម្បីកូនៗ ប៉ុន្តែការទ្រាំក៏ត្រូវមានដែនកំណត់ផងដែរ។ ប្រសិនបើស្នេហាមួយ លេចចេញនូវសញ្ញាទាំងនេះហើយ អ្នកគួរតែត្រៀមចិត្ត ត្រៀមកាយ ដើម្បីបញ្ចប់វា ព្រោះថាប្រសិនបើអ្នកទ្រាំ គឺអ្នកនឹងត្រូវរងទុក្ខវេទនាអស់មួយជីវិត៖

១. ការធ្វើទុក្ខបុកម្នេញផ្លូវកាយ និងការប្រើសំដីគ្រោតគ្រាតមិនគួរអោយចង់ស្តាប់
ប្រសិនបើ​ចំណងស្នេហារបស់អ្នក​លេចចេញ​នូវរូបរាង​នៃការប្រើអំពើហឹង្សា រឺក៏ប្រើសំដីជេរប្រមាថច្រាសឆ្អេះហើយនោះ ចំណងស្នេហាបែបនោះ​គួរតែបញ្ចប់ទៅ។ អ្នកមិនគួរ​បណ្តោយអោយជីវិតរបស់អ្នក រស់នៅក្នុងស្ថានភាព​ដ៏អាក្រក់បែបនោះយូរទេ។

វាមិនត្រឹមតែជា​រូបភាពដ៏អាក្រក់សម្រាប់អ្នកទេ ប៉ុន្តែវាក៏ជះឥទ្ធិពលអាក្រក់ដល់​កូនរបស់អ្នកផងដែរ។ គ្រប់គ្នាគួរតែទទួលបានស្នេហា ដែលពោរពេញទៅដោយការស្រលាញ់ និងការការពារ ប៉ុន្តែប្រសិនបើដៃគូរបស់អ្នកមិនអាចផ្តល់វាអោយអ្នកបានទេ ដូច្នេះអ្នកគួរតែផ្តល់ការស្រលាញ់អោយខ្លួនឯង ហើយដើរចេញពីការប្រើអំពើហឹង្សានោះទៅ។

២. ប្តីដែលញៀនល្បែង ស្រី ស្រា
ការញៀនបីប្រភេទនេះ គឺជាមាគ៌ាឆ្ពោះទៅរកការបែកបាក់គ្រួសារ។ ចំណុចមួយនេះ អាចទាក់ទងទៅនឹងចំណុចទី ១ នៅពេលដែលប្តីដែលញៀនល្បែង ស្រី ស្រា តែងតែមានកំហឹងនៅក្នុងខ្លួន ហើយអាចឈានទៅរកការប្រើអំពើហឹង្សានៅក្នុងគ្រួសារថែមទៀតផង។ ការញៀនល្បែង នឹងធ្វើអោយប៉ះពាល់ដល់ហិរញ្ញវត្ថុនៅក្នុងគ្រួសារ។ ការញៀនស្រី នឹងធ្វើអោយប៉ះពាល់ដល់ចំណងស្នេហាប្តីប្រពន្ធ។ ចំណែកឯការញៀនស្រាវិញ អាចធ្វើអោយមានការប្រើអំពើហឹង្សាដល់ប្រពន្ធកូន។ ជាក់ស្តែងការញៀនទាំងបីនេះ តែងតែកើតឡើងជាញឹកញាប់នៅក្នុងសង្គមយើងបច្ចុប្បន្ន។

៣. គោលដៅ និងការគិតផ្ទុយគ្នា
នៅពេលដែល មនុស្សពីរនាក់រស់នៅជាមួយគ្នា ប៉ុន្តែមានគោលដៅផ្ទុយគ្នាហើយនោះ វាមិនមែនជាសញ្ញាល្អទេ។ ពេលដែលមនុស្សពីរនាក់ មានការយល់ឃើញខុសគ្នា នៅក្នុងការរស់នៅរបស់ពួកគេ វាពិតជាពិបាកក្នុងការពិភាក្សាគ្នា។ ហើយពេលខ្លះទៀត ដោយសារតែការយល់ឃើញ និងមានគោលដៅផ្ទុយគ្នានេះឯង ដែលធ្វើអោយអ្នកទាំងពីរ តែងតែមានជម្លោះរវាងគ្នានិងគ្នាជារឿយៗ។

៤. ចាក់ដោតពីគ្រួសារទាំងសងខាង
នៅពេលដែល ចំណងស្នេហារបស់អ្នកទាំងពីរ ស្ថិតនៅចំកណ្តាល នៃការមិនពេញចិត្តរវាងគ្រួសារទាំងសងខាងហើយនោះ វានឹងក្លាយទៅជាអំរែកមួយយ៉ាងធំ។ ប្រសិនបើអ្នកទាំងពីរយល់ពីគ្នា ហើយអត់ធ្មត់ និងទ្រាំរែកទាំងអស់គ្នានោះជារឿងល្អប្រសើរ។ ជារឿយៗនៅក្នុងសង្គមខ្មែរយើង នៅពេលដែល ជម្លោះរវាងគ្រួសារទាំងសង កើតមានឡើងហើយនោះ គូស្វាមីភាគច្រើនតែងតែបែកបាក់គ្នា។ ជាក់ស្តែងគ្រួសារទាំងសងខាង ពិតជាមានឥទ្ធិពលចំពោះចំណងស្នេហាប្តីប្រពន្ធខ្លាំងណាស់។

៥. ខ្វះការអំណត់រៀងខ្លួន
ម្នាក់ៗយកឈ្នះ យកត្រូវរៀងៗខ្លួន។ រាល់ការឈ្លោះប្រកែកគ្នាគ្មានអ្នកណាឈ្នះអ្នកណាចាញ់ គឺពួយយកមួយឈ្នះដៃរៀងៗខ្លួន។ ចំណងស្នេហាបែបនេះ ពិតជាតានតឹងខ្លាំងណាស់។ ហាក់ដូចជាអ្នកទាំងពីរមិនបានបង្កើតអនុស្សាវរី៍យល្អៗរួមគ្នាទេ ផ្ទុយទៅវិញមានរឿងសោកសៅ។ ការចង់ឈ្នះចង់ចាញ់ ក៏ជាមាគ៌ាឆ្ពោះទៅរក ការបែកបាក់គ្រួសារផងដែរ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial