ក្មេងប្រុសម្នាក់ចុកពោះខ្លាំងទ្រាំលែងបាន ក៏បញ្ជូនទៅកាន់មន្ទីរពេទ្យ ស្រាប់តែពេទ្យប្រទះឃើញ ឈើ ហើយនឹងប្លាស្ទិចនៅក្នុងពោះ ដោយសារតែចូលចិត្តញុំារបស់ទាំងនេះពេក

ក្មេងប្រុសវ័យ ១៦ ឆ្នាំជនជាតិឥណ្ឌាម្នាក់ ត្រូវបានក្រុមគ្រួសារ​បញ្ជូនទៅកាន់​មន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗ បន្ទាប់ពីចុកពោះខ្លាំង​មិនព្រមបាត់សោះ។ ក្រុមគ្រូពេទ្យ​មានការភ្ញាក់ផ្អើលជាខ្លាំង​ បន្ទាប់ពីពិនិត្យឃើញ ឈើ និង ប្លាស្ទិច នៅក្នុងពោះ​របស់ក្មេងប្រុស។ វាមិនមែនជាការចុកពោះធម្មតានោះទេ ប៉ុន្តែគ្រូពេទ្យបានប្រទះឃើញឈើទំងន់ ២ ផោន ហើយប្លាស្ទិចនៅក្នុងពោះវៀនរបស់ក្មេងប្រុសរូបនោះ។

បន្ទាប់ពីឆ្លុះឃើញរបស់ដែលគួរអោយខ្ពើមទាំងនេះ នៅក្នុងពោះរបស់ក្មេងប្រុសហើយនោះ គ្រូពេទ្យនៅឯមន្ទីរពេទ្យ Bhathinda នៃរដ្ឋ Punjab ក៏បានធ្វើការវះកាត់ អោយក្មេងប្រុស ដែលមានឈ្មោះថា Arjun Sah ។ គ្រូពេទ្យ ២ នាក់ដែលបានធ្វើការវះកាត់នោះ ក៏បានវះយករបស់ស្មោគគ្រោក ដែលមានទំងន់ប្រហែលជា ៣០០ក្រាម ចេញពីក្នុងពោះក្មេងប្រុស។ ក្រុមគ្រូពេទ្យបានប្រាប់ថា ក្មេងប្រុសមានការញៀនដ៏ចម្លែកមួយ គឺញៀនហូបជ័រ ហើយនឹងដុំឈើ។

យោងតាមសំដី​លោក Gurmeet ដែលជាឪពុកក្មេងប្រុស​ បានប្រាប់អោយដឹងថា «នៅពេលដែលពួកយើង ឃើញគេហូបកៅស៊ូ យើងក៏ហាមឃាត់គេភ្លាម ប៉ុន្តែគេនៅតែលួចលាក់បាំងពួកយើង។ នៅឆ្ងាយពីភ្នែករបស់ពួកយើង កូនប្រុសរបស់ខ្ញុំ ក៏លួចហូបវាទៀត។ យូរៗទៅគេក៏ឈប់លែងបាន ប៉ុន្តែគេមិនដែលត្អូញថា មានបញ្ហាអ្វីនោះទេ។ ពួកយើងគិតថា នៅពេលដែលគេធំឡើង គេនឹងកែទម្លាប់នេះបានដោយខ្លួនឯង តែការពិតទៅវាមិនអាចទៅរួចទេ។

កាលពីមួយឆ្នាំកន្លះមុន Arjun ក៏បានត្អូញត្អែរ ថាចុកពោះ។ ចាប់តាំងពីពេលនោះមក គេចេះតែចុកពោះរហូតមក។ ពួកយើងក៏បាននាំគេទៅ ជួបជាមួយគ្រូពេទ្យជាច្រើននាក់ដែរ​ ប៉ុន្តែគ្មានគ្រូពេទ្យណាអាចពិនិត្យដឹងថា មកពីអ្វីបានជាធ្វើអោយគេឈឺពោះនោះទេ។

ការធ្វើរោគវិនិច្ឆ័យជាលើកដំបូងឃើញថា គេមានជំងឺដំបៅក្រពះ ប៉ុន្តែសុខភាពរបស់អ្នកជំងឺបានធ្លាក់ចុះយ៉ាងឆាប់រហ័ស ដោយគេចាប់ផ្តើមស្រកទំងន់ លែងចង់ញុំាអាហារ និងពិបាកក្នុងការដកដង្ហើម។ ឪពុកអ្នកជំងឺបន្តថា «ប្រហែលជាមួយសប្តាហ៍មុន ស្ថានភាពរបស់គេចាប់ផ្តើមយ៉ាប់យ៉ឺន បន្ទាប់ពីគេបានត្អូញត្អែរថា ពិបាកដកដង្ហើម ហើយក៏ឈប់ញុំាអាហារ។ ខ្ញុំអរគុណដល់លោកគ្រូពេទ្យទាំងអស់គ្នាណាស់ ដែលបានជួយសង្គ្រោះកូនប្រុសរបស់ខ្ញុំ»។

គ្រូពេទ្យបានរកឃើញ ឈើ និងប្លាស្ទិច បានរុំជាប់គ្នានៅក្នុងពោះវៀនរបស់អ្នកជំងឺ ដែលទឹកសូម្បីតែមួយដំណក់ក៏មិនអាចឆ្លងកាត់ទៅក្នុងរាងកាយរបស់គេបានដែរ។ គ្រពេទ្យបាននិយាយថា ករណីរបស់ក្មេងប្រុសនេះ ពិតជាធ្វើអោយគ្រូពេទ្យ​ មានការលំបាកជាខ្លាំង ហើយប្រសិនបើគេពន្យារពេលតែបន្តិចទៀតនោះ គេអាចនឹងមានគ្រោះថ្នាក់ដល់អាយុជីវិត។

បន្ទាប់ពីវះកាត់រួច គ្រូពេទ្យបានណែនាំក្មេងប្រុសរូបនោះថា គួរតែទទួលការប្រឹក្សាដ៏ត្រឹមត្រូវមួយ ដើម្បីព្យាបាលការញៀនដ៏ចម្លែករបស់គេ។

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial