ភ្ញៀវទេសចរណ៍អង់គ្លេសម្នាក់ ដែលមកលេងនៅខេត្តព្រះសីហនុ ត្រូវពួកចិនមានគ្នា ១០ នាក់ព្រួតវាយ ព្រោះខឹងសាកអក្សរ «តៃវ៉ាន់» នៅលើថ្ងាស

បុរសជនជាតិអង់គ្លេសម្នាក់ ត្រូវបានពួកចិនមានគ្នា ១០ នាក់ព្រួតវាយ ខណៈពេលដែលចូលទៅកំសាន្តនៅក្នុងបារមួយកន្លែង​នៅក្នុងខេត្តព្រះសីហនុ កាលពីយប់ថ្ងៃទី ២៧ ខែឧសភាពកន្លងទៅនេះ។ បុរសរងគ្រោះរូបនោះបាននិយាយថា ពួកចិនទាំងនោះខឹងនឹងខ្លួន ដែលសាកអក្សរ «តៃវ៉ាន់» នៅលើថ្ងាស។

យោងតាមសារព័ត៌មាន next shark ដែលបានដកស្រង់ចេញពី Taiwan News បានអោយដឹងថា បុរសរងគ្រោះមានឈ្មោះថា Paul Farrel បានរងរបួសយ៉ាងដំណំ ដោយត្រូវពួកចិនវាយ បន្ទាប់ពីឃើញសាកនៅលើថ្ងាស។

បន្ទាប់ពីរងការវាយប្រហារយ៉ាងព្រៃផ្សៃ លោក Paul ក៏បានសរសេររៀបរាប់អំពីហេតុការណ៍ ដែលបានកើតឡើងថា នៅលើគណនីហ្វេសប៊ុករបស់ខ្លួនថា «ខ្ញុំបានចូលទៅលេងបារមួយកន្លែង នៅក្នុងប្រទេសកម្ពុជា ហើយពួកចិនមានគ្នា ១០ នាក់បានអង្គុយនៅក្បែរខ្ញុំដែរ។ ពេលនោះខ្ញុំក៏បានដោះមួកចេញ ស្រាប់តែបុរសជនជាតិចិនម្នាក់បាន ឃើញអក្សរសាកនៅលើ​ថ្ងាសរបស់ខ្ញុំហើយ គេក៏បានស្រែកឡើងជាភាសាចិនថា “តៃវ៉ាន់គឺជាប្រទេសចិន!” ខ្ញុំក៏បានឆ្លើយតបទៅវិញថា “តៃវ៉ាន់! តៃវ៉ាន់!” ពួកគេស្រាប់តែស្ទុះយកបង្គោលដែកមកវាយខ្ញុំតែម្តង»។

បុរសជនជាតិចិនទាំង ១០ នាក់នោះបានវាយលោក Paul យ៉ាងដំណំ ហើយពួកគេទាមទារអោយគាត់និយាយថា តៃវ៉ាន់គឺជាផ្នែកមួយនៃប្រទេសចិន។ លោក Paul បន្ថែមថា ដោយខ្លាចពួកគេវាយខ្លួនរហូតដល់ស្លាប់នោះ គាត់ក៏និយាយជាភាសាចិនទៅវិញថា «ល្អ! អ្នកគិតថាតៃវ៉ាន់គឺជាប្រទេសចិន ខ្ញុំនឹងនិយាយថាតៃវ៉ាន់គឺប្រទេសចិន ខ្ញុំគ្រាន់តែចង់រួចខ្លួនតែប៉ុណ្ណោះ»។

លោក Paul បានសរសេរនៅលើ​គណនីហ្វេសប៊ុករបស់ខ្លួនថា លោកពិតជា​មានអារម្មណ៍សោកស្តាយណាស់ដែលសាកអក្សរ «Taiwan» នៅលើថ្ងាសរបស់ខ្លួន។ គាត់សរសេរថា «នៅថ្ងៃអនាគត ខ្ញុំនឹងមិនយកមួកដើម្បីបិទបាំងនោះទេ តែខ្ញុំនឹងលុបសាកនោះចេញ។

វាគឺជាកំហុសនៅពេលស្រវឹងដែលឆ្គួតបំផុត ដែលនឹកឃើញទៅសាកអក្សរបែបនេះនៅលើថ្ងាសរបស់ខ្ញុំ។ វាគួរតែនៅកន្លែងផ្សេង ដែលគេមើលមិនឃើញ មិនគួរសាកនៅលើមុខបែបនេះទេ។ ខ្ញុំបានបាញ់ឡាស៊ែរលុបសាករូបទង់ជាតិនៅលើចង្ការរួចហើយ នៅតែពីរបីដងទៀតតែប៉ុណ្ណោះ សម្រាប់ការលុបអក្សរនៅលើថ្ងាស»។

«ជនជាតិតៃវ៉ាន់ត្រូវតែមានការប្រុងប្រយ័ត្នអំពីសុវត្ថិភាព នៅពេលដែលទៅក្រៅប្រទេស! ការពិតទៅខ្ញុំបានជួបប្រជាជនចិនដែលល្អៗជាច្រើននៅប្រទេសកម្ពុជា ប៉ុន្តែជាក់ស្តែងមានតែមួយក្រុមនេះទេ ដែលមិនរួសរាយរាក់ទាក់ ហើយអាក្រក់បំផុត»។

ជាក់ស្តែងលោក Paul បានរងរបួសយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីការវាយប្រហារនេះ។ គាត់រងរបួសត្រង់ក្បាល ហើមបបូរមាត់ បាក់ធ្មេញពីរដើម ហើយពីរទៀតលានចេញមកក្រៅ ធ្វើអោយបិទមាត់មិនជិត អាវរបស់គាត់រហែក ហើយនឹងមានស្នាមជាំជាច្រើនកន្លែង ផ្សេងទៀតនៅលើរាងកាយ។

គួរបញ្ជាក់ផងដែរថា លោក Paul រស់នៅលើទឹកដីតៃវ៉ាន់អស់រយៈពេល ១៤ ឆ្នាំមកហើយ។ កាលពីប៉ុន្មានឆ្នាំមុនគាត់បានរៀបការជាមួយនឹងស្ត្រីជនជាតិតៃវ៉ាន់ម្នាក់ និងបានបើកបារមួយកន្លែងថែមទៀតផង៕

ប្រភព៖ next shark

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial