បុរសម្នាក់ចំណាយលុយ ៣៣៤,០០០ យន់ (ប្រហែល ៥២,២៨៣ដុល្លា) បត់ធ្វើជាបាច់ផ្កាមួយយ៉ាងធំ ជូនមិត្តស្រីនៅក្នុងថ្ងៃខួបកំណើតរបស់នាង ត្រូវជាប់ទោសពីបទធ្វើអោយខូចរូបិយបណ្ណ័

បុរសម្នាក់បានធ្វើអោយ អ្នកនិយមលេងអ៊ីនធើណេត មានការរំភើបចិត្តជាខ្លាំង នៅពេលដែលឃើញបាច់ផ្កាយ៉ាងធំធ្វើពីលុយ ដែលមានតម្លៃស្មើ ៥២,២៨៣ដុល្លា សម្រាប់ជូនមិត្តស្រីរបស់គាត់នៅក្នុងថ្ងៃខួបកំណើត។

ពិធីជប់លៀងដ៏ប្រណិត ដែលធ្វើឡើងនៅក្នុងបន្ទប់ VIP នៃសណ្ឋាគារដ៏ល្បីឈ្មោះមួយនៅក្នុងខេត្ត Chongqing ភាគខាងត្បូងប្រទេសចិន បានផ្ទុះឡើងកាលពីថ្ងៃទី ១៦ ខែឧសភាកន្លងទៅនេះ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពី សំណាក់អ្នកនិយមលេងអ៊ីនធើណេត។ រូបថតរបស់នារីម្នាក់ឈរកាន់ បាច់ផ្កាមួយយ៉ាងធំ ដែលធ្វើឡើងពីក្រដាសប្រាក់ ១០០ យន់ ក្លាយជាប្រធានដ៏ក្តៅគគុក។

យោងតាមប្រភពព័ត៌មាន ប្រទេសចិនបានអោយដឹងថា បាច់ផ្កាធ្វើអំពីលុយនោះ ត្រូវបានធ្វើឡើង ដោយបុគ្គលិកហាងផ្កាចំនួន ៧​នាក់ ហើយចំណាយអស់រយៈពេលដល់ទៅ ១០ ម៉ោងឯណោះទំរាំបត់រួច។ ទោះបីជាយ៉ាងណាក៏ដោយ បន្ទាប់ពីរូបថតដ៏គួរអោយទាក់ទាញនោះ បានផ្ទុះឡើងនៅលើប្រព័ន្ធអ៊ីនធើណេត វាក៏បានទាក់ទាញចំណាប់អារម្មណ៍ បុគ្គលិកដែលធ្វើការនៅធនាគារចិន ហើយពួកគេបានចោទប្រកាន់បុរសនោះ ពីបទរំលោភច្បាប់ប្រទេស។

ជាក់ស្តែង ការប្រើប្រាស់ក្រដាស់ប្រាក់យន់ បត់ជាផ្កាបែបនេះ វានឹងធ្វើអោយខូច រឺទក់លុយ ដូច្នេះការយកក្រដាស់ប្រាក់ ទៅធ្វើបែបនេះ ត្រូវបានហាមឃាត់នៅប្រទេសចិន។ យោងតាមអ្នកនាំពាក្យម្នាក់ បាននិយាយប្រាប់អ្នកយកព័ត៌មាន Sina News ថា ក្រដាសប្រាក់យន់គឺជារូបិប័ណ្ណស្របច្បាប់របស់ចិន ហើយតំណាងអោយ រូបភាពរបស់ប្រទេសចិន ដូច្នេះមិនគួរយកទៅជាបែបនេះទេ។

គាត់បានរំលឹកបន្ថែម​ដល់ប្រជាជនចិនថា មានវិធីជាច្រើនណាស់ ដើម្បីបង្ហាញពី​មនោសញ្ចេតនា ប៉ុន្តែមិនមែន​តាមវិធី​ដែល​បំពាន​ច្បាប់បែបនេះទេ។ ដូច្នេះសម្រាប់អ្នក​ដែលមានបំណងយកក្រដាសប្រាក់យន់​ទៅធ្វើជាបែបនេះ គួរតែបញ្ឈប់ភ្លាមទៅ ចៀសវាងការជាប់ទោសពីបទបំពានច្បាប់៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial