សាលាហ្វឹកហាត់ធ្វើជាតារាលើអ៊ីនធើណេត ដ៏ធំបំផុតនៅប្រទេសចិនចាប់ផ្តើមបើកហើយ

សាលាបណ្តុះបណ្តាល​ធ្វើជា​តារាអ៊ីនធើណេត​ដ៏ធំបំផុត​នៅកណ្តាលប្រទេសចិន បានចាប់ផ្តើម​បើកទ្វារ​ទទួលសិស្ស​អោយមក​ចុះឈ្មោះ​ចូលរៀន​កាលពី​ថ្ងៃអង្គារ​សប្តាហ៍នេះ ហើយមានអ្នកចុះឈ្មោះយ៉ាងច្រើនកុះករ។

សាលាហ្វឹកហាត់​នេះ​មានទីតាំង​នៅទីក្រុង Wuhan ដែលជា​រដ្ឋធានីនៃខេត្ត Hubei ភាគកណ្តាល បានទាក់ទាញនារីៗ​វ័យក្មេងជាង ៦០ នាក់ ដែលជា​អ្នកចង់ក្លាយ​ជា​តារា​លើ​អ៊ីនធើណេត។

សាលាមួយនេះ​មិនទាមទារ​អោយសិស្ស មានប៊ិច សៀវភៅ រឺខ្មៅដៃអ្វីនោះទេ ប៉ុន្តែពួកគេទាំងអស់​ត្រូវតែមាន​ទូរស័ព្ទ​ដែលអាច​ថតរូបបាន ហើយនឹងដង selfie។

ក្រុមអ្នកវិភាគជាច្រើន បានរំពឹង​ថា​វិស័យ​ឧស្សាហកម្ម​ផ្សាយផ្ទាល់​នៅលើអ៊ីនធើណេត នៅ​ប្រទេស​ចិន​ អាចនឹងកើនដល់ ១៤ពាន់លាន​ដុល្លា​ក្នុងឆ្នាំនេះ។

តារាអ៊ីនធើណេត​ជាច្រើននាក់ រឺក្រុមអ្នកផ្សាយផ្ទាល់​បរទេស​អាចរកប្រាក់បាន ចាប់ពី ២០០០០ដុល្លា ឡើងទៅដល់ ៦០០០០ដុល្លា ក្នុងមួយខែ រឺក្នុងមួយវីដេអូ។

ទោះបីជាយ៉ាងណាក៏ដោយ វានៅតែមិនទាន់​ច្បាស់ថា​តើស្ត្រី​ទាំងនេះ​នឹង​ធ្វើអ្វីខ្លះ​នៅសាលានោះទេ។ បើយោងតាម​ការមើលទៅ​លើ​រូបថត​ដែលបាន​បង្ហោះ​នៅលើ​អ៊ីនធើណេត ពួកគេប្រហែល​ជាបង្រៀនអំពីវិធី ធ្វើយ៉ាងណា​អោយរូបថត​របស់ពួកគេថតចេញមកស្អាត។

បុគ្គលិកធ្វើការ​​នៅសាលា​​បង្រៀនម្នាក់​ដែល​សុំមិន​បញ្ចេញ​ឈ្មោះ បាននិយាយ​ប្រាប់​អ្នកយកព័ត៌មាន South China Morning ថា «ពួកយើង​នឹងបង្រៀនពី របៀបក្នុងការសុំ gift ពីគេ របៀបបង្កើត​ប្រធាន​​ទាក់ទាញ​អ្នកទស្សនា និងរបៀបគ្រប់គ្រង​ចិត្ត​អ្នកគាំទ្រ» ។

បុគ្គលិកម្នាក់នោះ​បន្តទៀតថា «ពួកយើងនឹង​បង្រៀន​សិស្ស​ទាំង​ជំនាញ​សំដែង ហើយនឹងការ​បញ្ចុះបញ្ជូល​នៅលើ​អ៊ីនធើណេត ហើយនឹង​ការ​លក់​អនឡាញផងដែរ»។

គួរបញ្ជាក់ផងដែរថា នៅក្នុងថ្ងៃ​បើកទទួល​សិស្សនោះ​ផងដែរ​ក៏មាន​អ្នកចាប់​អារម្មណ៍ជាច្រើន បានចូល​មក​សាកសួរ​ព័ត៌មានលំអិត ហើយក៏​មានអ្នក​ចុះឈ្មោះ​យ៉ាងច្រើន​កុះករផងដែរ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial