ស្ត្រីត្រូវពស់ចឹកម្នាក់​បានស្លាប់ បន្ទាប់ពីកប់នៅក្នុងជីអាចម៍គោ ព្រោះជឿថាជាវិធីបណ្តេញពិសដ៏ពូកែសក្តិសិទ្ធ

ស្ត្រី​ដែលរស់នៅ​ជនបទ​ដាច់ស្រយាល នៃប្រទេសឥណ្ឌាម្នាក់ បានស្លាប់ដោយសារ​ថប់ដង្ហើម បន្ទាប់ពីគ្រូព្យាបាលបែបបុរាណម្នាក់ យកនាងទៅកប់នឹង​ជីអាចម៍គោ ក្រោយពេល​ដែលនាងត្រូវពស់ចឹក។

ស្ត្រីជនរងគ្រោះ​មានឈ្មោះថា Devendri ត្រូវពស់ចឹកដៃរបស់នាង ពេលដែលនាង​កំពុងដើររើសអុស។ យោងតាម​សំដី​ប្តី​របស់នាង​ដែលមាន​ឈ្មោះថា Mukesh បាននិយាយថា នាងបានស្វែងរក​ការព្យាបាលពី​គ្រូបុរាណ​នៅក្នុងស្រុក ដោយមិនបាន​ទៅមន្ទីរពេទ្យទេ។

បន្ទាប់ពីពស់ចឹក ទាំងពីរនាក់ប្តីប្រពន្ធ​ក៏បានទៅ​ជួបគ្រូ​ព្យាបាលបុរាណម្នាក់ ដែលមាន​ឈ្មោះថា Murarey។ យោងតាម​សំដីរបស់គ្រូ​រូបនោះ​បាននិយាយថា គាត់កប់ស្ត្រី​រងគ្រោះ​នៅក្រោម​គំនរអាចម៍គោ ដើម្បីស្រូប​យកពិស​ចេញពីក្នុងខ្លួនរបស់នាង។

នាងត្រូវកប់​នៅក្រោមជី​អាចម៍​រយៈពេល ៧៥ នាទី ហើយគ្រូសូត្រ​បាលី​បណ្តេញ​ពិស​ចេញពីខ្លួន។ ខណៈអ្នកភូមិ​នាំគ្នា​មកចោមរោមមើល ការព្យាបាល​ដ៏ចម្លែក​នោះ​យ៉ាង​ច្រើនកុះករ។ បុរសជា​ប្តីរូបនោះ បាននិយាយថា គាត់និងប្រពន្ធរបស់គាត់ ក៏បានព្យាយាម​រកវិធីផ្សេង​ដើម្បីព្យាបាលពស់ចឹក​ដែរ។

ពួកគេបាន​ប្រើថ្នាំពេទ្យ ហើយថែមទាំង​បានយក​ខ្សែរឹតត្រង់ដៃ​របស់នាងទៀតផង។ ទោះបីជា​យ៉ាងណាក៏ដោយ លោកគ្រូបុរាណ ព្យាបាលពស់ចឹក​បានប្រាប់​ពួកគេ​ថា​គាត់នឹងព្យាបាលនាង ដោយវិធីដ៏ពូកែមួយ ដោយយកអាចម៍គោកប់។

លោកគ្រូ Murarey ជឿថា​វិធីរបស់គាត់​ពិតជា​អាច​ព្យាបាល​ពស់ចឹក​បានយ៉ាងពូកែ ដូច្នេះ​ប្តីប្រពន្ធ ក៏យល់ព្រម​ទទួលការ​ព្យាបាល​តាមវិធីមួយនេះ។ ប្តីស្ត្រីរងគ្រោះ​បាននិយាយថា​ «លោកគ្រូគាត់​ជឿជាក់ថា​វិធីរបស់គាត់​ពិតជាសក្តិសិទ្ធ។ គាត់បាន​កប់​ប្រពន្ធខ្ញុំរយៈពេល ៧៥ នាទីនៅក្រោមអាចម៍គោ»។

ជាអកុសលវិធីព្យាបាលនេះ មិនបាន​សម្រេចនោះទេ វាបែរជា​បណ្តាល​អោយស្ត្រី​រងគ្រោះស្លាប់​យ៉ាង​អណោចអធម៍ទៅវិញ។ លោកគ្រូ​បុរាណ​រូបនោះ បាននិយាយថា «អ្នកដែលរស់នៅទីនេះ អ្នកណាក៏ស្គាល់ខ្ញុំដែរ ថាជាគ្រូព្យាបាល​សត្វខាំ រឺពស់ចឹក។ ខ្ញុំគិតថា​ពស់វែកបានចឹកនាង។ នាងស្លាប់ដោយសារតែការកប់ក្នុងអាចម៍គោ»។

វិធីកប់អាចម៍គោនេះ គឺជាវិធីសាស្ត្របុរាណ ដែលអ្នកភូមិរស់នៅ​តាមជនបទ នៃប្រទេសឥណ្ឌា តែងតែ​ជឿថា​វាអាចជួយបាន​។ វាក៏ត្រូវបាន​គេជឿតាំងពី​យូរលង់​ណាស់មកហើយ៕

អ្នកភូមិនាំគ្នាចោមរោមមើលយ៉ាងច្រើនកុះករ

កូនស្ត្រីរងគ្រោះត្រូវក្លាយជាក្មេងកំព្រា

ប្តីស្ត្រីរងគ្រោះ

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial