គ្រូកាប់មុត ដុតមិនឆេះម្នាក់ រលាកជើងធ្ងន់ធ្ងរ បន្ទាប់ពីរត់លើរងើកភ្លើង ខុសបច្ចេកទេស

មានហេតុ​ការណ៍ដ៏​រន្ធត់មួយ​បានកើតឡើង នៅប្រទេសឥណ្ឌា ខណៈពេលដែល​គ្រូអាចារ្យម្នាក់ ឆេះជើងធ្ងន់ធ្ងរ នៅពេលដែល​កំពុងសំដែងពី​សិល្ប៍វិជ្ជារបស់ខ្លួន​នៅចំពោះ​មុខទស្សនិកជន។

សកម្មភាព​ដ៏រន្ធត់នោះ​បានថតជាប់​នៅក្នុងវីដេអូ ហើយវាធ្វើ​អោយមនុស្ស​ជាច្រើន​មាន​ការភ្ញាក់ផ្អើល​ជាខ្លាំង បន្ទាប់ពីវីដេអូនោះ​បានបង្ហោះ​ចែកចាយ​នៅលើ​បណ្តាញសង្គម។យោងតាម​របាយការណ៍​បានអោយដឹងថា លោកគ្រូម្នាក់នោះ​មានឈ្មោះថា Vijay Kumar អាយុ ៣៥ ឆ្នាំបានរលាកជើង​យ៉ាងធ្ងន់ធ្ងរ ខណៈពេលដែល​គាត់កំពុងសំដែង រត់នៅភ្លើងរងើកភ្លើង នៅក្នុងពិធីបុណ្យមួយ​ដែលប្រារព្វឡើង​​នៅឯព្រះវិហារ Sri Revansiddeshwara ដែលមាន​ទីតាំងនៅលើ​កំពូលភ្នំ នៅក្នុងស្រុក Karnataka ប្រទេសឥណ្ឌា។

មូលហេតុ​ដែលធ្វើ​អោយគាត់​រលាកគឺ បណ្តាលមក​ពីគាត់​បាត់បង់លំនឹង ហើយដួល​ទៅលើ​រងើកភ្លើង​ពេលកំពុងរត់។ ភ្លាមៗគ្រូអាចារ្យ ៣ នាក់ផ្សេងទៀត ក៏បាន​ជួយ​សង្គ្រោះ ហើយបញ្ជូនគាត់​ទៅកាន់​មន្ទីរពេទ្យ។ ក្នុងនោះផងដែរ គ្រូអាចារ្យ ២ នាក់​ក្នុងចំណោមនោះ ក៏បានរលាកដែរ ប៉ុន្តែមិនធ្ងន់ធ្ងរនោះទេ។

យោងតាម​ប្រភពព័ត៌មាន​បានអោយ​ដឹងថា វិហារនោះ​ត្រូវបានគេ​ចាត់ទុកថា​ជា​ទីកន្លែង​ដ៏ពិសិដ្ឋផងដែរ។ ហើយនេះ​ក៏មិនមែន​ជាករណីទី ១ នោះទេ ដែលមាន​គ្រូអាចារ្យ កាប់មិនមុត ដុតមិនឆេះ សំដែង​ខុសបច្ចេកទេស បណ្តាល​អោយរង​របួស​ធ្ងន់បែបនេះ។

ដូចនេះគ្នាដែរ មានគ្រូអាចារ្យ​ដ៏ល្បី​ឈ្មោះរបស់ អាហ្វ្រិកខាងត្បូង ធ្លាប់បាត់បង់​ជីវិត​ដោយសារតែ​សំដែង​ខុសបច្ចេកទេស​នេះដែរ។ នេះគឺសារដាស់តឿន​ដល់អ្នកដែល តាំងខ្លួនជា​មនុស្សអស្ចា្យកាប់មិនមុត ដុតមិនឆេះផងដែរ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial