ឆ្កែស្រលាញ់ម្ចាស់មួយក្បាលនេះ ដេកនៅស្ថានីយ៍រថភ្លើងក្រោមដី រយៈពេល ១២ ម៉ោងជារៀងរាល់ថ្ងៃ ដើម្បីរង់ចាំម្ចាស់ត្រលប់មកពីធ្វើការវិញ

ឆ្កែការពិត​ទៅជាប្រភេទ​សត្វចិញ្ចឹម ដែលស្រលាញ់​ម្ចាស់ខ្លាំងណាស់។ មិនតែ​ប៉ុណ្ណោះ​វាក៏ស្មោះត្រង់​នឹងម្ចាស់ផងដែរ។ តួយ៉ាងដូចជា​សត្វឆ្កែមួយក្បាលនេះ ដែលមាន​ឈ្មោះ​ថា Xiongxiong តែងតែដេកចាំម្ចាស់ នៅស្ថានីយ៍រថភ្លើងក្រោមដី ជារៀងរាល់ថ្ងៃ​ដើម្បី​រង់ចាំម្ចាស់​ត្រលប់មកពីធ្វើការវិញ។

យោងតាម South China Morning Post បានប្រាប់អោយដឹងថា​ ឆ្កែមួយក្បាលនេះ តែងតែមក​ដេកចាំម្ចាស់​នៅស្ថានីយ៍រថភ្លើង Liziba metro នៅស្រុក Yuzhong ជារៀងរាល់ថ្ងៃ។ ពេលព្រឹកម៉ោង ៧ វាមក​ជាមួយម្ចាស់ ហើយដេកនៅ​ទីនោះ​រយៈពេល ១២ ម៉ោង ទំរាំតែម្ចាស់របស់វាចេញពីធ្វើការវិញ។

យោងតាមសំដីម្ចាស់របស់ Xiongxiong បាននិយាយថា «Xiongxiong អាយុ ១៥  ឆ្នាំហើយៗ គាត់ចិញ្ចឹមវាអស់រយៈពេល ៧ រឺ ៨​ ឆ្នាំមកហើយ។ ចាប់តាំងពីគាត់ចិញ្ចឹម Xiongxiong មក វាតែងតែរង់ចាំគាត់ជារៀងរាល់ថ្ងៃ»។

Xiongxiong បានធ្វើអោយ​មហាជន​ជាច្រើននាក់​ចាប់អារម្មណ៍ជាខ្លាំង ហើយមនុស្សម្នា​ដែលដើរ​ឆ្លងកាត់ទីនោះ តែងតែឃើញ​វាជារៀងរាល់ថ្ងៃ។ វាពិតជាឆ្លាត​មែនទែន វាមិន​ទទួល​ចំណីពី​មនុស្សប្លែកមុខទេ។

យោងតាមសំដី​អ្នកដែល​រស់នៅតំបន់នោះ បាននិយាយ​ប្រាប់អ្នកយក​ព័ត៌មានថា «ឆ្កែមួយក្បាលនេះ​ឆ្លាតណាស់ ហើយវា​មិនដែល ទទួលចំណីពី​មនុស្សប្លែកមុខទេ។ វាគ្រាន់តែ​ដេកស្ងៀមនៅទីនេះ ហើយរង់ចាំ​ម្ចាស់របស់វា​ត្រលប់មកពីធ្វើការវិញ។ វាតែងតែ​បង្ហាញ​ពីអារម្មណ៍រំភើបខ្លាំង នៅពេលដែល​វាឃើញ​ម្ចាស់​របស់វា​ត្រលប់​មក​វិញ»។

ឆ្កែមួយក្បាលនេះ បានធ្វើអោយ​អ្នកនិយម​លេងអ៊ីនធើណេត​ជាច្រើននាក់នឹកឃើញ ដល់ឆ្កែរបស់ជប៉ុន​មួយក្បាល​ដែលមាន​ឈ្មោះថា Hachiko ដែល​ឈររង់ចាំ​ម្ចាស់​របស់​វា​​នៅស្ថានីយ៍ Shibuya អស់រយៈពេល ៩ ឆ្នាំ ចាប់តាំងពី​ម្ចាស់របស់វា​បានស្លាប់​ចោល​វា​បាត់។

សត្វចិញ្ចឹមដ៏​ស្មោះត្រង់ ដែលមានឈ្មោះថា Hachiko ហើយនឹងម្ចាស់​របស់វា​ដែលមាន​ឈ្មោះថា Ueno បានធ្វើអោយ មនុស្សជាច្រើននាក់ រំភើបចិត្តជាខ្លាំង។ ពួកគេអាណិត Hachiko ដែលរង់ចាំម្ចាស់ ដែលស្លាប់ទៅហើយ អស់រយៈពេល ៩​ឆ្នាំ ហើយវា​នៅតែ​បន្តរង់ចាំ រហូតដល់ដង្ហើម​ចុងក្រោយ​របស់វា។

ពួកគេមិនអាច​ជួយអ្វីបានទេ ក្រៅតែពី​ជូនទឹកភ្នែក ហើយអង្អែលក្បាលរបស់ Hachiko ថ្នមៗ​ដោយក្តីអាណិត។ នៅពេលដែល Hachiko ស្លាប់ទៅ គេក៏បាន​សាងសង​រូបសំណាករបស់វា ហើយនឹងម្ចាស់របស់វា នៅក្នុងសាកលវិទ្យាតូក្យូ។ ដូច្នេះពួកគេ ទាំងពីរ​លែងបែកគ្នា​ជារៀងរហូត។ រឿងរ៉ាវរបស់សត្វចិញ្ចឹម និងម្ចាស់នេះមាន​អាយុកាល​ រាប់រយឆ្នាំហើយ ប៉ុន្តែវានៅតែមិនអាច រលុប​ចេញពី​ការចងចាំ​របស់មនុស្ស​បាន៕

Xiongxiong របស់ចិន

 

Xiongxiong ឆ្កែស្រលាញ់ម្ចាស់

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial