មនុស្សយ៉ាងហោចណាស់ ៧៧ នាក់បានស្លាប់ នៅក្នុងហេតុការណ៍ព្យុះធូលីដ៏ខ្លាំងខ្លាមួយ នៅប្រទេសឥណ្ឌាភាគខាងជើង កាលពីម្សិលមិញនេះ

យោងតាម​សារព័ត៌មាន​មួយដែល​បានចុះផ្សាយនៅ​លើគេហទំព័រ asiaone បានប្រាប់អោយដឹងថា ក្រុមមន្ត្រីនៃប្រទេសឥណ្ឌា បាននិយាយកាលពី​ថ្ងៃព្រហស្បត្តិ៍ម្សិលមិញនេះថា មានព្យុះធូលីដ៏ខ្លាំងខ្លាំមួយ បានផ្ទុះឡើងនៅ​ទូទាំង​ប្រទេសឥណ្ឌាភាគខាងជើង ហើយបាន​សម្លាប់មនុស្ស​យ៉ាងហោចណាស់ ៧៧ នាក់ ហើយ ១៤៣ នាក់ផ្សេងទៀតរងរបួស ដោយសារតែដើមឈើ និងជញ្ជាំង បាក់សង្កត់លើ។

ក្រុមមន្ត្រីបានបន្តទៀតថា ព្យុះពេញមួយយប់​បានបំផ្លិចបំផ្លាញរដ្ឋ Uttar Pradesh និងរដ្ឋ Ragasthan ហើយចំនួនអ្នកស្លាប់​ប្រហែលជាអាច​នឹងមាន​ការកើន​ឡើង​ថែមទៀត។ នៅរដ្ឋ Uttar Pradesh ភាគខាងជើង មានមនុស្សស្លាប់ចំនួន ៤៦ នាក់ ចំណែកឯង ៣១ នាក់ផ្សេងទៀត បានស្លាប់នៅក្នុងរដ្ឋ Rajasthan ខាងលិច។

ស្រុក Agra នៃរដ្ឋ Uttar Pradesh គឺជាស្រុកមួយ​ក្នុងចំណោមនោះ ដែលទទួលរង​ការវាយប្រហារ​ដ៏អាក្រក់បំផុតមួយ ហើយមានមនុស្សជាង ៣០ នាក់បានស្លាប់។ ជនរងគ្រោះភាគច្រើន រងរបួសដោយសារតែជញ្ជាំង ដើមឈើ បង្គោលភ្លើង ហើយនឹងផ្ទះបាក់សង្កត់លើ។ ក្រៅពីមនុស្សស្លាប់ និងរងរបួសហើយនោះ ក៏មានសត្វពាហនៈចំនួន ១៥៧ ក្បាល​ក៏ត្រូវបាន​ងាប់​នៅទូទៅរដ្ឋផងដែរ។

ស្រុកបីនៅក្នុងរដ្ឋ Ragasthan គឺជារដ្ឋ ដែលមានប្រជាប្រិយភាព ហើយមានអ្នកទេសចរ​ចេញចូល​ទស្សនា​វិមានប្រវត្តិសាស្ត្រ និងវប្បធម៌ចម្រុះពណ៌ ក៏ត្រូវទទួល​រងការខូចខាត​យ៉ាងដំណំផងដែរ។

ការផ្គត់ផ្គង់ថាមពល​អគ្គិសនី​​ក៏ត្រូវបាន​កាត់ផ្តាច់ នៅក្នុងរដ្ឋ Bharatpur ដោយសារតែ​បង្គោលភ្លើងជាង ១០០០ដើម ត្រូវបានដួលរំលំ។ ក្រុមមន្ត្រី​បាននិយាយថា វាត្រូវការពេលវេលា​យ៉ាងហោចណាស់ក៏ ២ ថ្ងៃដែរ ទំរាំតែស្តារ​ថាមពលអគ្គីសនី​វិញ​បាន​។

រដ្ឋាភិបាលឥណ្ឌា​ក៏បាន​បញ្ចេញមូលនិធិភ្លាមៗ ដើម្បីទូទាត់សំណង​ដល់ក្រុមគ្រួសារ​នៃអ្នក​ដែលបានស្លាប់ ឬរងការខូចខាតទ្រព្យសម្បត្តិទាំងនោះ។ នាយករដ្ឋមន្ត្រីនៃ​ប្រទេសឥណ្ឌាគឺលោក Narendra Modi បានមាន​ប្រសាសន៍​នៅលើ​បណ្តាញទំនាក់ទំនងសង្គម Twitter ថា «ខ្ញុំពិត​ជាមាន​ការស្តោកស្តាយ​ខ្លាំងណាស់ ចំពោះអ្នក​ដែលបាត់បង់ជីវិត នៅក្នុងហេតុការណ៍​ព្យុះធូលី​នៅតំបន់មួយចំនួន​ នៃប្រទេសឥណ្ឌា។ ខ្ញុំក៏សូមចូលរួមរំលែក និងកាន់ទុក្ខដល់គ្រួសារ​ដែល​បាន​បាត់បង់សមាជិកនៅ​ហេតុការណ៍ដ៏អាក្រក់ផងដែរ។ ហើយខ្ញុំក៏សូមអោយ​អ្នកដែលរងរបួស ឆាប់ជាសះស្បើយឡើងវិញផង»។

គួរបញ្ជាក់ផងដែរថា កាលពីខែមុន មានព្យុះមួយបានឆក់ជីវិតមនុស្សយ៉ាងហោចណាស់ ១៥ នាក់ នៅក្នុងរដ្ឋ Uttar Pradesh ហើយនឹងបានបំផ្លាញសសរបុរាណចំនួន ២ នៅផ្លូវចូលទៅកាន់ Taj Mahal៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial