អ្នកភូមិនៅឥណ្ឌានាំគ្នាវាយសម្លាប់ឆ្កែអាណាថា ១៣ ក្បាល ព្រោះខឹងខាំក្មេងៗ ៣ នាក់រហូតស្លាប់

អ្នកភូមិនៅឥណ្ឌាបានខឹងសម្បារនឹងឆ្កែ ហើយនាំគ្នាវាយ​សំពងឆ្កែ​អាណាថា​ ១៣ ក្បាលរហូតងាប់ ព្រោះខឹងខាំក្មេងៗ នៅក្នុងភូមិ ៣ នាក់ស្លាប់យ៉ាងអនោចអធម។ហេតុការណ៍នេះ បានកើតឡើង​កាលពី​ថ្ងៃពុធ ទី ២ ខែឧសភា ម្សិលមិញនេះ​។

យោងតាមប្រភពព័ត៌មាន​បានអោយ​ដឹងថា អ្នកភូមិ​ដែលរស់នៅ​ក្នុង​ភូមិ Khairabad នៅក្នុងរដ្ឋ Uttar Pradesh បានកាត់ទោស​ឆ្កែទាំងនោះ ដោយដៃរបស់ពួកគេផ្ទាល់ បន្ទាប់ពីរស់នៅជាមួយ​នឹង​ភ័យខ្លាចជាប្រចាំ ដោយខ្លាចឆ្កែអាណាថា​ទាំងនោះខាំ។ បើយោងតាម សេចក្តីរាយការណ៍ ពីបណ្តាញសារព័ត៌មាន បានអោយដឹងថាមានក្មេងៗ ចំនួន ១៤ នាក់ហើយ ដែលបានស្លាប់ ដោយសារតែឆ្កែខាំ បើគិតចាប់តាំងពី​ខែមករា​មក​ទល់ថ្ងៃ​កើតហេតុនេះ។

យោងតាមប្រភពព័ត៌មាន បានអោយដឹងថា ក្មេងៗទាំងនោះ មានអាយុក្រោម ១២ ឆ្នាំ ហើយឆ្កែខាំ​នៅកន្លែង​ផ្សេងគ្នា ខណៈពេលដែល​ពួកគេ ដើររើស​ផ្លែស្វាយ​នៅវាលស្រែ​ខាងក្រៅភូមិ។

នៅប្រទេសឥណ្ឌា ច្បាប់ស្តីពី​សុខុមាលភាពសត្វ​នៅក្នុងឆ្នាំ ២០០១​ បានហាមឃាត់​ការសម្លាប់​សត្វឆ្កែអាណាថា។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកភូមិ Khairabad នៅតែបានបាញ់សម្លាប់ឆ្កែ ៣ ក្បាល ហើយអ្នកខ្លះទៀត បានវាយឆ្កែ​យ៉ាងហោច​ណាស់ ១០ ក្បាលផ្សេងទៀតរហូតងាប់។

យោងតាមសំដី​ស្នងការ​ប៉ូលីស​ស្រុក​បានប្រាប់ អ្នកយកព័ត៌មានប្រទេសឥណ្ឌា​ថា «ការស៊ើបអង្កេតរបស់យើង បានបង្ហាញថាក្មេងៗ បីនាក់នោះ នៅតែម្នាក់ឯង ខណៈពេលដែល​ពួកគេត្រូវ​ឆ្កែខាំរហូតស្លាប់នោះ»។

លោកស្នងការបន្ថែមទៀតថា ករណីឆ្កែខាំស្លាប់នេះ​មានច្រើនមកហើយ ចាប់តាំង​ពី​ខែមករាមក ប៉ុន្តែគាត់​មិនបាន​បង្ហាញពី​តួលេខនោះទេ។ បច្ចុប្បន្ន​ ករណី អ្នកស្រុកអ្នកភូមិ​ផ្ទុះកំហឹង​វាយប្រហារ​ទៅលើ​ឆ្កែអាណាថា បានកំពុងកើន​ឡើង​នៅ​ទូទាំងប្រទេសឥណ្ឌា។

ដូចគ្នានេះដែរ កាលពីខែមុន មានបុរសពីរនាក់ ត្រូវបានចាប់ខ្លួន​នៅទីក្រុង New Delhi បន្ទាប់ពី ពួកគេវាយឆ្កែអាណាថា រហូតងាប់ ព្រោះពួកគេ​ថ្លង់នឹង​សំលេង​ព្រូស​ដ៏រំខាន​របស់ពួកវា។ ហើយវីដេអូ ដែលថតបាន ត្រូវបាន​ចែកចាយ​ពេញបណ្តាញសង្គម។

គួរបញ្ជាក់ផងដែរថា បើធ្វើការប៉ាន់ស្មាន ប្រទេសឥណ្ឌាមាន ឆ្កែអាណាថាប្រហែល ៣០ លានក្បាល ហើយ​ជារៀង​រាល់ឆ្នាំ​មានការរាយការណ៍​ថា យ៉ាងហោចណាស់​ឆ្កែ ១៧ លានក្បាលបានខាំគេឯង។

យោងតាម តួលេខរបស់អង្គការ សុខភាពពិភពលោក បានអោយដឹងថា ចាប់តាំងពីឆ្នាំ ២០១៤ មានមនុស្សជិត ២០,០០០នាក់ហើយ ដែលបាន​ស្លាប់​ដោយសារ​តែជំងឺឆ្កែឆ្គួត​នៅទូទាំងប្រទេសនេះ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial