ដោយសារតែទុរេ​នមួយផ្លែ ផ្អើលអស់ក្រុមអ្នកពន្លត់អគ្គីភ័យ ហើយគ្រូ និងសិស្ស ប្រហែល ៥០០ នាក់ត្រូវបានជម្លៀសចេញពីសាលារៀន ព្រោះស្មានថាលេចធ្លាយឧស្ម័ន

មានរឿងហួសចិត្តមួយ​បានកើតឡើង នៅសាកលវិទ្យាល័យ Royal Melbourne Institute of Technologo នៅទីក្រុង Melbourne ប្រទេសអូស្ត្រាលី។ យោងតាម​ប្រភពព័ត៌មាន​បានអោយដឹងថា កាលពីថ្ងៃសៅរ៍ វេលាម៉ោង ៣ រសៀល ស្រាប់តែមាន​នរណាម្នាក់ខលចេញពីសាលកវិទ្យា ទៅក្រុមពន្លត់អគ្គីភ័យ ដោយរាយការណ៍ថា ពួកគេបានធុំក្លិនចម្លែក ទំនងជាមាន​ការលេចធ្លាយ​ឧស្ម័យ​នៅកន្លែងណាមួយ នៅក្នុងសាកលវិទ្យាល័យ។

អ្នករាយការណ៍ម្នាក់នោះ បន្តទៀតថា ក្លិនរបស់វាស្អុយខ្លាំងណាស់ ហើយទំនងជា​នៅ​ម្តុំបរិវេណបណ្ណាល័យ​ក្នុងសាលា ប៉ុន្តែពួកគេរកមិនឃើញទេ។ ភ្លាមៗ សិស្សនិស្សិត និងបុគ្គលិក​ទាំងអស់ ត្រូវបានប៉ូលីសជម្លៀសចេញពីក្នុងសាលា ខណៈពេលដែល​ក្រុមពន្លត់អគ្គីភ័យ កំពុងធ្វើការ​ស្វែងរក​ប្រភពនៃក្លិននោះ។

បន្ទាប់ពីធ្វើការរុករក មួយសន្ទុះធំ ក្រុមអ្នកពន្លត់អគ្គីភ័យ ក៏រកឃើញថា វាមិនមែនជា​ក្លិន​នៃសារធាតុគីមី ដែលអាចបង្កជាគ្រោះថ្នាក់ រឺក្លិនឧស្ម័យអ្វីនោះទេ ប៉ុន្តែក្លិននោះ​បណ្តាល​មកពីទុរេនទុំ ដែលចោលនៅក្នុងទូ ហើយជះក្លិនសាយភាយ តាមរយៈ​ម៉ាស៊ីន​ត្រជាក់នៅក្នុងអគារតែប៉ុណ្ណោះ។

បន្ទាប់ពីក្រុម​អ្នកពន្លត់អគ្គីភ័យ​រកឃើញ​ពីមូលហេតុ នៃក្លិននោះហើយ ធ្វើអោយ​មនុស្ស​ជាច្រើននាំគ្នា អស់សំណើចយ៉ាងខ្លាំង។ ក្រោយមកក៏មានការ ហាមឃាត់ មិនអោយ​យក​ទុរេន ចូលទៅក្នុង​បរិវេនសាលារៀនទៀត ព្រោះខ្លាច​កើតមាន​រឿង​បែប​នេះ​ម្តង​ទៀត​។

ការពិតទៅមានមនុស្សជាច្រើន មិនចូលចិត្តផ្លែទុរេនទេ ព្រោះតែចាញ់ក្លិនរបស់វា ហើយនៅ​តាម​កន្លែងមួយចំនួន ក៏បានធ្វើការ​ហាមឃាត់​មិនអោយ​យក​ទុរេន​ចូល​ផង​ដែរ។ ជាក់ស្តែងដូចជានៅ​ផ្លូវក្រោមដី​នៃប្រទេសសិង្ហបុរី និងសណ្ឋាគារធំៗ​មួយចំនួន បានហាមឃាត់មិនអោយយកចូល ព្រោះក្លិនរបស់វា​អាចធ្វើ​អោយប៉ះពាល់​អ្នកដទៃ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial