អ្នកដំណើរនៅលើយន្តហោះម្នាក់ ត្រូវបានគេឃុំខ្លួន និងបង្គាប់អោយប្រាក់ពិន័យ ១១,០០០ដុល្លា បន្ទាប់ពីបើកទ្វារអាសន្ននៅលើយន្តហោះ ហេតុផលព្រោះគាត់ចង់ស្រូបយក «ខ្យល់អាកាសបរិសុទ្ធ»​

អ្នកដំណើរនៅលើ យន្តហោះនៅប្រទេសចិនម្នាក់ ត្រូវបានគេចាប់ខ្លួន​បន្ទាប់ពីបើក​ទ្វារអាសន្នរបស់យន្តហោះ មុនពេលហោះហើរ ដោយគាត់អះអាងថា គាត់គ្រាន់​តែ​ចង់​ស្រូបយក​ខ្យល់អាកាស​បរិសុទ្ធប៉ុណ្ណោះ។

យោងតាមការ​ចុះផ្សាយនៅ The cover បានអោយដឹងថា ហេតុការណ៍នេះកើតឡើង​នៅ​ពេល​ពាក់កណ្តាលអធ្រាត្រ កាលពីថ្ងៃសៅរ៍ នៅព្រលានយន្តហោះ ក្នុងស្រុកមួយ ក្នុងទីក្រុងមីយ៉ាង ខេត្តស៊ីឈួន ប្រទេសចិន។ អ្នកដំណើររូបនោះមានឈ្មោះ នាមត្រកូល Chen វ័យ ២៥ ឆ្នាំ។

បន្ទាប់ពីហេតុការណ៍​ដ៏ភ្ញាក់ផ្អើលនេះ​បានកើតឡើង លោក Chen ក៏ត្រូវបានគេ​ចាប់ខ្លួន ពីបទរុះរើឧបករណ៍យន្តហោះ ដោយគ្មានការអនុញ្ញាត ហើយគាត់ក៏ត្រូវ​បានគេ​ឃុំខ្លួន​រយៈពេល ១៥ ថ្ងៃ និងត្រូវបង្គាប់​អោយបង់​ប្រាក់ពិន័យចំនួន ១១,០០០ដុល្លាផងដែរ។

នៅពេលដែល​នាំខ្លួនគាត់​ទៅសួរចម្លើយ គាត់បានប្រាប់ប៉ូលីសថា គាត់គ្រាន់តែ​ចង់​បើកបង្អួចយកខ្យល់តែប៉ុណ្ណោះ ព្រោះនៅក្នុង​យន្តហោះនោះក្តៅពេក។ លោក Chen បានបន្ថែមថា នៅពេលដែលគាត់ ជិះនៅលើ ជើងហោះហើរលេខ​ 8 L9720 របស់​ក្រុមហ៊ុន Lucky Air ខណៈពេលនោះ មានអារម្មណ៍ក្តៅស្អុះ ហើយគាត់ក៏ទាញគន្លឹះ ដែលនៅក្បែរដៃគាត់ ដោយគិតថាវាជាបង្អួច ប៉ុន្តែគាត់ភ្ញាក់ផ្អើលខ្លាំងណាស់ នៅពេល​ដែល​ឃើញ ជញ្ជាំងទាំងមូល​បានដួលរំលំមកបែបនេះ។

គាត់នៅតែអះអាងថា គាត់មិនដឹងថាផ្ទាំងនោះ គឺជាកន្លែងច្រកចេញបន្ទាន់ នៅគ្រាមានអាសន្ន​ទេ។ គាត់លើកឡើងថា «ដោយសារតែវាអួរអាប់ ហើយក្តៅពេក នៅក្នុងយន្តហោះ ដូច្នេះខ្ញុំគ្រាន់តែចង់បើកបង្អួច ដែលនៅក្បែរខ្ញុំតែប៉ុណ្ណោះ។ អ្នកណាទៅដឹងថាវា ជាច្រកចេញ។ ពេលដែលទ្វាររំលំមក ខ្ញុំពិតជា​ភ័យ
ត​ក់ស្លុតខ្លាំងណាស់»។

យោងតាម​សេចក្តីរាយការណ៍ អោយបានដឹងថា គ្រាន់តែកំហុស​អចេតនារបស់លោក Chen បានធ្វើអោយ ក្រុមហ៊ុនអាកាសចរណ៍ ទទួលរងការខូចខាតទឹកប្រាក់ចំនួន ៧ ម៉ឺនយន់ (ប្រហែល ១១,០០០ដុល្លា)។ ក្រុមហ៊ុនអាកាសចរណ៍ បាននិយាយថា មុនពេល​ហោះហើរម្តងៗ អ្នកបម្រើលើយន្តហោះ តែងតែប្រាប់​អ្នកដំណើរ​អោយមាន​ការប្រុងប្រយ័ត្ន​សុវត្ថិភាពជានិច្ច។

យោងតាម Social Credit System របស់ប្រទេសចិន បានលើកឡើងថា លោក​ Chen ប្រហែលជាអាច​នឹងត្រូវគេដាក់​ចូលទៅក្នុង​បញ្ជីខ្មៅ ក្នុងការ​ធ្វើដំណើរ​របស់​ប្រទេស៕

 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial