កូនស្រី លោកឈិន ឡុង ថតវីដេអូបង្ហោះនៅក្នុង youtube ថាគ្មានផ្ទះនៅ គ្មានលុយចាយ ព្រោះម៉ែឪមិនចូលចិត្ត មនុស្សស្រលាញ់ភេទដូចគ្នា

កូនស្រីរបស់ Jackie Chan ហើយនឹងមិត្តស្រីរបស់នាង បានស្វែងរកជំនួយពីមហាជន ព្រោះពួកគេពេលនេះ គ្មានផ្ទះសម្បែងរស់នៅទេ ដោយសារតែ​ម៉ែឪស្អប់​មនុស្ស​ដែល​ស្រលាញ់ភេទដូចគ្នា។

នៅក្នុងវីដេអូ​ដែលបង្ហោះ​នៅលើ Youtube ថ្មីៗនេះ បានបង្ហាញរូបភាព​កូនស្រី​របស់លោក Jackie Chan (ឈិន ឡុង) ដែលមានឈ្មោះថា Etta Ng វ័យ ១៨ ឆ្នាំ សក់ខ្លី តែងបែបជា​មនុស្សប្រុស ចំណែកឯមិត្តស្រីរបស់នាងវិញ មានឈ្មោះថា Andi Autumn អាយុ ៣០ ឆ្នាំ ជនជាតិកាណាដា។ ទាំងពីរនាក់អះអាងថាពួកគេកំពុងតែ​យ៉ាប់យ៉ឺន ព្រោះគ្មានអ្នកណា ផ្តល់ជំនួយដល់ពួកនាងទេ។

នាងបាននិយាយ​នៅក្នុងវីដេអូនោះថា «ពួកយើងគ្មានផ្ទះជ្រកកោនរយៈពេល ១ ខែ​ហើយ ដោយសារតែម៉ែឪ​មិនចូលចិត្ត​មនុស្សស្រលាញ់​ភេទដូចគ្នា។ តើអ្នកដឹងទេថា ពួកយើងដើរ ដេកនៅក្រោមស្ពាន ហើយនឹងកន្លែងផ្សេងៗទៀត»។

កូនស្រីលោក Jackie បន្ថែមទៀតថា «ខ្ញុំមិនយល់សោះថា តើមានអ្វីកើត​ឡើង​ចំពោះ​ពួកយើងទេ ព្រោះពេលដែល ពួកយើងទៅកាន់​ប៉ុស្តិ៍ប៉ូលីស មន្ទីរពេទ្យ អង្គការ​ចែកចំណីអាហារ​ដល់អ្នកក្រីក្រ សមាគមន៍ពួកខ្ទើយ និងពួកកែភេទ ហើយពួកគេ​ទាំងនោះ​សុទ្ធតែ​ប្រកែកមិន​ផ្តល់ជំនួយ​ដល់ពួកយើង។ ដូច្នេះហើយទើប​ពួកយើង​សម្រេចចិត្ត​ធ្វើជាវីដេអូនេះឡើង ព្រោះពួកយើងមិនយល់ ថាមានអ្វីកើតឡើងទេ»។នាងនិយាយ​ទល់មុខមិត្តស្រី​របស់នាងថា «ខ្ញុំស្រលាញ់នាង! បងស្រលាញ់អូន»។

បន្ទាប់ពី​វីដេអូត្រូវ​បានចែករំលែក ម្តាយរបស់ Etta Ng ដែលត្រូវ​ជាអតីត​ភរិយា​របស់​លោក Jackie Chan ដែលមនុស្សគ្រប់គ្នា ស្គាល់ថាជា​រាជនីសម្រស់ហុងកុង គឺអ្នកស្រី Elaine Ng បានឆ្លើយតប​ទៅពួកគេវិញថា «ការធ្វើវីដេអូនេះគឺខុស។ ពួកគេគួរតែរកការងារធ្វើ»។

សម្រង់សម្តី​របស់អ្នកស្រី Elaine Ng «ខ្ញុំគិតថា​ប្រសិនបើពួកគេ​ត្រូវការលុយ ពួកគេ​គួរ​តែ​រកការងារធ្វើ។ ពួកគេមិន​គួរចំណាយ​ពេលថតវីដេអូនេះឡើង ហើយប្រាប់​មនុស្ស​គ្រប់គ្នាថា​ពួកគេគ្មានលុយចាយ ហើយអ្នកណាជាឪពុករបស់ Etta នោះទេ។ មនុស្ស​គ្រប់គ្នាជុំវិញពិភពលោក ប្រឹងប្រែងធ្វើការ ដើម្បីរកលុយ ហើយពួកគេ​មិនពឹងផ្អែក​លើកេរ្តិ៍ឈ្មោះរបស់នរណាម្នាក់ ដើម្បីទទួលបានប្រាក់នោះទេ»។

នៅពេលដែល អ្នកកាសែតសួរអ្នកស្រីថា តើអ្នកស្រីធ្លាប់​បាន​ទាក់ទង​ជាមួយនឹង​កូនស្រីរបស់អ្នកស្រីទេ។ អតីតរាជនីសម្រស់​រូបនោះ​ឆ្លើយយ៉ាងខ្លីថា «ខ្ញុំមិនចង់និយាយពីរឿងនេះទេ»។ ស្របគ្នានេះដែរ មានមហាជនជាច្រើន បានប្រតិកម្មយ៉ាងខ្លាំង​​ចំពោះគូស្នេហ៍ទាំងពីរ​ដែលអង្វរសុំជំនួយពីគេឯង ហើយបន្ទោសថាមកពីអ្នកនេះ រឺអ្នកនោះ ទើបពួកគេជួបទុក្ខលំបាកបែបនេះ។

យោងតាម​សេចក្តីរាយការណ៍​បានអោយដឹងថា លោកឈិន ឡុង  មិនជាប់​ទាក់ទង​នៅក្នុងជីវិតរបស់ Etta ឡើយ។ នៅពេលដែល​អ្នកកាសែត​សួរដល់រឿងកូនស្រី លោកឈិន ឡុង គ្រាន់តែឆ្លើយខ្លីៗថា «ប្រសិនបើនាងពេញចិត្ត ធ្វើបែបនេះទៅហើយ ក៏តាមនឹងចុះ»។

ទស្សនាវីដេអូកូនស្រីលោក ឈិន ឡុង ដូចខាងក្រោម៖

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial