នារីម្នាក់ឃើញស្នាមកន្ទួល នៅលើដៃស្មានតែស្នាមមួសខាំ ដឹងអីការពិតជាដុំមហារីកសោះ ចុងក្រោយត្រូវអស់ដៃម្ខាង

អ្នកជំងឺមហារីកម្នាក់នេះ ត្រូវបានកាត់ដៃម្ខាង ហើយនឹងវះកាត់ជាច្រើនលើក ដើម្បីការពារអាយុជីវិតរបស់នាង។ រឿងរ៉ាវរបស់នាង​បានទាក់ទាញ ការចាប់​អារម្មណ៍​យ៉ាងខ្លាំងពីសំណាក អ្នកនិយមលេងអ៊ីនធើណេត នៅ​ប្រទេសហ្វីលីពិន ។

បើទោះបីជា​នាង បានឆ្លងកាត់រឿង​ដ៏អាក្រក់បំផុត នៅក្នុងជីវិតរបស់នាង​យ៉ាងណា​ក៏ដោយ ប៉ុន្តែនាងនៅតែ​មានស្នាមញញឹម និងនៅតែតស៊ូនៅក្នុងជីវិត។ នារីសុទ្ឋិនិយម​ម្នាក់នេះ​​មានឈ្មោះ​ថា Joy Arcilla តើរឿងរ៉ាវ​របស់នាងយ៉ាងណានោះ តោះអាន​ទាំង​អស់​គ្នា​។

Joy គឺជាក្មេងស្រីសាមញ្ញា ហើយនឹងរីករាយម្នាក់។ ជាអកុសលអ្វីៗ​បានផ្លាស់ប្តូរ​ជីវិត​របស់​នាង ហើយវាកាន់តែ​អាក្រក់ឡើងៗ នៅពេលដែលនាង​រកឃើញថា​មានដុំ​មហារីក​នៅក្នុងដៃរបស់នាង​កាលពីឆ្នាំ ២០១៣។ វាចាប់ផ្តើមឡើង ជាស្នាមពកតូចមួយ ដែល​ប្រហាក់ប្រហែល ទៅនឹងស្នាមមូសខាំ​តែប៉ុណ្ណោះ ដូច្នេះនាងមិន​ចាប់អារម្មណ៍​នឹងវា
ទេ​។ មួយសប្តាហ៍ ក្លាយទៅជារាប់ខែ ស្នាមពកនោះ ដូចជាមិនបាត់សោះ ប៉ុន្តែផ្ទុយ​ទៅ​វិញ​វាកាន់តែធំឡើងៗរហូត។

ក្រោយមកនាងបាន​ធ្វើរោគវិនិច្ឆ័យ រកឃើញថានាង កើតជំងឺម្យ៉ាង ដែលហៅថា Ewings Sarcoma វាជាជំងឺមហារីកដ៏កម្រម្យ៉ាង ដែលកើតមានឡើង នៅលើឆ្អឹង រឺ ជាលិកាទន់។ វាគឺជាប្រភេទ​ជំងឺមហារីក ដែលកើតឡើងចំពោះក្មេងៗ ហើយនឹងក្មេងវ័យជំទង់។ នៅពេលដែលវាកើតឡើង នៅលើ Joy ពេលនោះនាង​មាន​អាយុត្រឹមតែ ១៦ ឆ្នាំប៉ុណ្ណោះ។

នាងទទួលការវះកាត់ ជាលើកដំបូង នៅក្នុងខែមេសា ឆ្នាំ ២០១៣ ហើយគ្រូពេទ្យ​បាន​ធានា​អះអាងថា ជំងឺមហារីករបស់នាង បានបាត់ទាំងស្រុងហើយ។ ស្រាប់តែនៅក្នុងឆ្នាំ ២០១៤ វាក៏បានកើតឡើងចំពោះ Joy ម្តងទៀត ។ វាជាពេលដែលនាង ប្រទះឃើញថា ដុំពកនោះបានត្រលប់មកវិញហើយៗ វាធំជាងមុន និងឈឺចាប់ជាមុនទៅទៀត។

នាងក៏ទទួល ការវះកាត់ជាលើកទី ២ នៅក្នុងខែកុម្ភៈ ឆ្នាំ ២០១៤ ដុំពកនោះក៏​បានយក​ចេញ​ម្តងទៀត។ ចាប់តាំងពី ជំងឺមហារីកបានកើតឡើង នាងត្រូវឆ្លងកាត់ ការព្យាបាល​ដោយ​ប្រើគីមីចំនួន ១៧ ដង។

ទោះជាយ៉ាងណាក៏ដោយ នាងបានសុំអោយ​ក្រុមគ្រួសារ​របស់នាង បញ្ឈប់ការព្យាបាល ដោយប្រើគីមី នៅដំណាក់កាលទី ៥ ឬទី ៦ ពីព្រោះ​នាង​មិនអាច ស៊ូទ្រាំជាមួយនឹង បញ្ហាផ្លូវចិត្ត ភាពតានតឹង និងការឈឺចាប់​បានទៀតទេ។

គ្រួសាររបស់នាង ក៏បាននាំនាង​ទៅជួប គ្រូពេទ្យផ្សេងទៀត ហើយគ្រូពេទ្យ​នៅតែ​ប្រាប់ដូចៗ​គ្នាថា ដំណោះស្រាយ មានតែមួយគត់ គឺត្រូវព្យាបាល​ដោយប្រើគីមី។ នាងក៏សម្រេចចិត្តថា ផ្លាស់ប្តូររបៀបរបរ ក្នុងការរស់នៅរបស់នាង ដោយនាងញុំា​អាហារ​ដែលមាន​សារធាតុចិញ្ចឹមច្រើន។

ការជ្រើសរើសមួយនេះ នៅតែមិន​ អាចជួយអ្វីនាងបាន។ នៅក្នុងឆ្នាំ ២០១៥ នាងប្រទះ ឃើញដុំពកមួយទៀត​បានកើតឡើង ហើយវាកាន់​តែធំជាងមុនទៅទៀត។ គ្រូពេទ្យបាន ប្រាប់នាងថា នាងគួរតែ ទទួលការព្យាបាលដោយគីមីសាស្ត្រ។

ទីបំផុតនាងក៏​ព្រម​ទទួល​ការព្យាបាលនោះ។ ហើយនៅដំណាក់កាលទី ១២ នៃការព្យាបាល ដោយប្រើគីមី នៅខែតុលា ឆ្នាំ ២០១៥ ដុំពកនោះ ក៏ត្រូវបាន​យក​ចេញម្តងទៀត។ នៅក្នុងខែកុម្ភៈ ឆ្នាំ ២០១៦ នាងបានបញ្ចប់ការព្យាបាលគីមីលើកទី ១៧។

ការប្រយុទ្ធជាមួយនឹង ដុំមហារីកនេះ នៅមិនទាន់បញ្ចប់នៅឡើយទេ។ ដុំមហារីក​នៅតែ​បន្តកើតមានឡើង បន្ទាប់ពីព្យាបាលមិនយូរប៉ុន្មាន។ ម្តងនេះមិនមែន​ជារឿងលេង​សើច​នោះ​ទេ ព្រោះដុំមហារីក កើតឡើងម្តងនេះគឺកាចជាងមុន ព្រោះវារីកធំ​គួរអោយ​ខ្លាច​តែម្តង។ នាងត្រូវព្យាបាល ដោយគីមីសារជាថ្មី ហើយត្រូវញុំាអាហារដែលតមបំផុត។

ថ្វីត្បិតតែ នាងបានខំប្រឹងប្រែង យ៉ាងណាក៏ដោយ ប៉ុន្តែដុំពកនេះ​ចាប់ផ្តើម​រីកធំ​បន្តិច​ម្តងៗ ហើយនាង​មិនអាចសូម្បី តែកម្រើកដៃរបស់នាង។ ការព្យាបាល​ដោយគីមី​មិន​អាចជួយអ្វីបានទៀតទេ គ្រូពេទ្យបានប្រាប់ថា ដៃរបស់នាងត្រូវតែកាត់ចេញដាច់ខាត។

នេះគឺជាដំណឹងដ៏ សែនអាក្រក់បំផុត សម្រាប់ជីវិតនាង ហើយវាប្រៀបដូចជា​សុបិន្ត​ដ៏អាក្រក់មួយ ដែលគ្រប់គ្នាមិនចង់​អោយកើតមានឡើង។ នាងពិតជារន្ធត់ចិត្តជាខ្លាំង។ គ្រូពេទ្យប្រាប់នាងថា មានតែវិធីនេះតែមួយគត់ ដែលអាចទប់ស្កាត់​ការរីករាលដាល​នៃជំងឺមហារី​ទៅក្នុង​រាងកាយរបស់នាង។

វាពិតជា សោកនាដកម្មដ៏អាក្រក់មួយ សម្រាប់ Joy នាង​ក៏ចាប់ផ្តើមបាក់ទឹកចិត្ត នៅពេលដែល​គិតដល់រឿង ដែលនាងត្រូវ​កាត់ដៃម្ខាងចោល។ ក្រោយមក​នាង​ក៏​គិតយល់នូវរឿងមួយ ដែលថា​ជីវិតរបស់នាង សំខាន់ជាងដៃម្ខាង ដែលមានផ្ទុកជំងឺមហារីកនេះ។ នាងមិនអាចស្លាប់បានទេ ដូច្នេះនាងក៏​សម្រេចចិត្ត​ជ្រើសរើសការព្យាបាល ដ៏លំបាកទទួលយកមួយនេះ។

នៅថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០១៧ ការវះកាត់ទី ៤ ក៏ចាប់ផ្តើមឡើង ជាពេលដែល Joy ត្រូវកាត់ដៃ​ចោល។ ការវះកាត់ ទទួលបានជោគជ័យ ហើយជីវិតថ្មី​របស់នាង​ក៏ចាប់ផ្តើម​កើតមានឡើង។ ថ្វីត្បិតតែនាង ត្រូវបាត់បង់ដៃម្ខាង ក៏ពិតមែន តែនាងនៅតែ​មាន​ស្នាមញញឹម ហើយនាងព្យាយាម សម្របក្នុងជីវិតជាមនុស្សពិការ។

នាងរៀននូវអ្វី ដែលថ្មីៗ នាងថែមទាំង ផ្តល់កំលាំងចិត្ត ដល់មនុស្សទូទៅថា កុំងាយ​អស់សង្ឃឹម និងកុំងាយចុះចាញ់ខ្លាំងពេក។ អ្វីៗនៅមិនទាន់ ទាល់ច្រកនោះទេ ប្រសិនបើ​ថ្ងៃស្អែកនៅតែមាន៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial