ក្មេងស្រីអាយុ ៤ ឆ្នាំម្នាក់ ចេះតែឈឺចាប់នៅក្នុងដៃ ពេលយកទៅមន្ទីរពេទ្យ ស្រាប់តែរកឃើញថាកៅស៊ូកងរុំនៅក្នុងសាច់របស់នាង

តើអ្នកធ្លាប់ទេ កាលនៅពីក្មេងយកកៅស៊ូកង មកពាក់នៅលើដៃ? វាពិតជារឿង​ដ៏​គួរ​អោយ​ខ្លាចបំផុត នៅពេលដែល​វាប្រែទៅ​ជាបែបនេះ។ យោងតាម​សេចក្តី​រាយការណ៍​មួយបានអោយដឹងថា ក្មេងស្រីអាយុ ៤ ឆ្នាំម្នាក់ ដែលមានឈ្មោះថា Le Le រស់នៅ​ប្រទេសចិន ចូលចិត្តលេងកៅស៊ូកង ហើយយកវា​មកពាក់​នៅលើដៃរបស់នាង។

ថ្ងៃមួយនៅ​លើ​ស្បែករបស់នាង​ ប្រទះឃើញមាន​​កន្ទូលក្រហម​ទំនងជា​អាឡែស៊ី​ធម្មតាទេ ប៉ុន្តែក្រោយមក​វាក៏ក្លាយទៅជា​រឿងដែល​នឹកស្មានមិនដល់មួយ។ យោងតាម​សារព័ត៌មាន China Times បានអោយដឹងថា ៦ ខែក្រោយមក ស្នាមក្រហមនោះ​មិនបាត់ទេ ហើយវាហើមកាន់តែធំឡើងៗ និងមានរាងជារង្វង់ នៅជុំវិញដៃរបស់នាង។ ឃើញដូច្នេះយាយតា​របស់លីលី​បាននាំ លីលីទៅមន្ទីរពេទ្យកុមារ។

គ្រូពេទ្យបានរកឃើញថា ស្បែករបស់នាងអាឡែកស៊ី ហើយស្ថានភាព​របស់នាង​នៅតែ​បន្តធ្លាក់ចុះជានិច្ច។ យោងតាមសំដីយាយតា​របស់នាង បានប្រាប់អ្នកព័ត៌មានថា លីលី នៅជាមួយពួកគាត់ ដោយសារតែ​ឪពុកម្តាយ​របស់នាង​ធ្វើការនៅស្រុកឆ្ងាយ។ នៅពេល​ដែលឪពុកម្តាយរបស់នាង ត្រលប់មកផ្ទះវិញ​នៅថ្ងៃបុណ្យចូលឆ្នាំចិននោះ ស្រាប់តែ​ពួកគេ​ប្រទះឃើញ ដៃរបស់លីលីឡើងក្រហម ហើយនាងប្រាប់​ថាឈឺនៅ​ពេលដែល​ធ្វើចលនា។

ឪពុកម្តាយរបស់នាង​​ក៏បាននាំនាង ទៅជួបគ្រូពេទ្យម្តងរួចទៅហើយ ប៉ុន្តែពួកគេ​រក​មិន​ឃើញពីមូលហេតុ ដែលបណ្តាល​អោយដៃរបស់នាងឈឺទេ។ រហូតមក​ដល់ពេលមួយ នាងប្រាប់ថា​ដៃរបស់នាង​ឈឺខ្លាំង ដូច្នេះយាយតារបស់នាង ក៏សម្រេចចិត្តនាំចៅ ទៅកាន់មន្ទីរពេទ្យកុមារនៅខេត្ត Zhejiang។

គ្រូពេទ្យបាននាំនាងទៅថតកាំរស្មី X ទើបរកឃើញថា នៅជុំវិញដៃ​ខាងក្រោម​ស្បែក​របស់នាងមានកៅស៊ូកងមួយ។ គ្រូពេទ្យប្រាប់ថា​មានតែការ​វះកាត់តែប៉ុណ្ណោះ​ ដែលអាច​យកវាចេញបាន ព្រោះកៅស៊ូនោះ វានៅកប់ជ្រៅ​ក្នុងសាច់ខ្លាំងណាស់។ ជាសំណាងល្អ ដែលការវះកាត់​ទទួលបានជោគជ័យ ហើយគ្រូពេទ្យក៏អាច​យកកៅស៊ូ​ចេញពីដៃ​របស់លីលីបានសម្រេច។

លោកវេជ្ជបណ្ឌិត Ye Wensong ដែលជាគ្រូពេទ្យវះកាត់អោយលីលី បាននិយាយថា​នេះគឺជារឿងដ៏កម្រ។ តាំងពីគាត់ធ្វើជាគ្រូពេទ្យ​រយៈពេល ២០ ឆ្នាំមកហើយនោះ នេះជាលើកទី ២ ហើយ ដែលគាត់ជួបករណីនេះ។

ទោះបីជាយ៉ាងណាក៏ដោយ គាត់ក៏មិនអាច​ប្រាប់បានថា​ហេតុអ្វីបានជា​វាអាចចូលទៅ​ក្នុងស្បែកបានដូច្នេះទេ។ យ៉ាងណា លោកវេជ្ជបណ្ឌិតគ្រាន់តែ ធ្វើការណែនាំអោយ​ឪពុកម្តាយ​យកចិត្តទុកដាក់ និង ប្រុង​ប្រយ័ត្ន អោយបានខ្ពស់ ចំពោះក្មេងតូចៗ ព្រោះ​
ពួក​គេ​រពឹសណាស់៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial