ឪពុកម្តាយគ្រប់រូបគួរប្រុងប្រយ័ត្ន!!! ទារកអាយុ ១០ ខែម្នាក់ធ្លាក់ចេញពីលើរថយន្តដឹកទំនិញ ដោយសារតែឪពុកម្តាយខ្វះការប្រុងប្រយ័ត្ន បិទទ្វារមិនជាប់ ហើយមិនបានដាក់ខ្សែក្រវ៉ាត់កៅអីទារក

ថ្មីៗនេះមាន​វីដេអូមួយ​ល្បីពេញបណ្តាញសង្គម ហើយមាន​អ្នកនិយម​លេង​អ៊ីនធើណេត​ជាច្រើននាក់ ហួសចិត្តជាខ្លាំង ខណៈពេល​ដែលឪពុកម្តាយ​បើកឡានទៅមុខ ដោយមិន​ដឹងថា កូនរបស់ខ្លួនធ្លាក់​ពីលើ​រថយន្តដឹកទំនិញ ដែលបើកបរដោយឪពុកទារក។

យោងតាមរបាយការណ៍ បានអោយដឹងថា ឧប្បត្តិហេតុនេះ​បានកើតឡើង នៅខេត្ត Changzou ភាគខាង​កើតប្រទេសចិន។ ជាក់ស្តែង​ទារកអាយុ ១០ ខែ ត្រូវបាន​ឪពុកម្តាយ​ដាក់អោយ​អង្គុយនៅលើ​កៅអីទារក (Car Seat) នៅក្បាំងខាងក្រោយ ប៉ុន្តែជាការ​ធ្វេសប្រហែស ទាំងខ្សែក្រវ៉ាត់កៅអីទារក និងទ្វាររថយន្ត​មិនត្រូវ​បាន​ចាក់​ជាប់​នោះទេ ដែលជាហេតុ​បណ្តាល​អោយទារក​ធ្លាក់ពីរថយន្ត នៅលើផ្លូវ។

អ្វីដែលហួសចិត្តនោះ​គឺឪពុកម្តាយ​មិនបានដឹងទេ​ថាកូនធ្លាក់ពីលើរថយន្ត រហូតទាល់​តែពួកគេ​ឈប់ស្តុប​ទើបដឹងថា​បាត់កូនពីក្នុងរថយន្ត។ យោងតាម​ប្រភព​ព័ត៌មាន​បាន​អោយដឹងថាស្ត្រីវ័យ ៥០ ឆ្នាំម្នាក់​ បានឃើញទារកនៅលើផ្លូវ ហើយដើរមកលើកក្មេង មុនពេលដែលរថយន្តមកដល់។ គាត់បានជួយ​សង្គ្រោះក្មេង​អោយរួចផុតគ្រោះថ្នាក់។

ពិតសំណាងល្អណាស់ ដែលពេលដែលធ្លាក់នោះ មិនមានរថយន្តមកពីក្រោយ ហើយក៏អរគុណ​ដល់ស្ត្រីចិត្តល្អខ្លាំងណាស់ គាត់មើល​ក្មេង​រហូត​ទាល់​តែ​ឪពុកម្តាយ​ត្រលប់មករកកូនវិញ។

បន្តិចក្រោយមក ឪពុកម្តាយរបស់ក្មេងក៏​ត្រលប់​មកកន្លែងកើតហេតុ ហើយប្រទះ​ឃើញ​កូន​នៅជាមួយស្ត្រីចំណាស់រូបនោះ។ ស្ត្រីជាម្តាយក៏​ប្រញាប់មកយកកូន ហើយអរគុណ​ដល់ស្ត្រីចំណាស់ ដែលបានជួយសង្គ្រោះកូន។ បន្ទាប់មកនាង​ក៏បាននាំ​កូន​ទៅកាន់​មន្ទីរពេទ្យ​ដែលនៅក្បែរនោះ ប៉ុន្តែជាសំណាងល្អ ដែលក្មេង​គ្មានរបួសអ្វីទាំងអស់។

ក្នុងនោះផងដែរ​ ក៏មានអ្នកនិយមលេង​អ៊ីនធើណេតជាច្រើននាក់ បានស្តីបន្ទោសជាខ្លាំង ចំពោះការធ្វេសប្រហែស​របស់ឪពុកម្តាយ ដោយមិនគិតពីសុវត្ថិភាពរបស់កូន ដោយអោយ​កូនអង្គុយ​ខាងក្រោយតែម្នាក់ឯង ថែមទាំង​មិនបាន​ដាក់​ខ្សែ​ក្រវ៉ាត់​កៅអី​ទារក និងចាក់សោទ្វារ​ឡានអោយ​បានជាប់​ល្អថែម​ទៀតផង។

នេះគឺជាសារ​ដាស់តឿនដល់​ឪពុកម្តាយ​គ្រប់រូប​អោយមាន​ការប្រុងប្រយ័ត្ន​ ចំពោះ​កូនៗ​របស់លោកអ្នក នៅពេល​ដែលធ្វើដំណើរតាមរថយន្ត។ សូមមេត្តា​ប្រុងប្រយ័ត្ន​ចាក់សោរ​ទ្វាររថយន្តអោយបានជាប់ល្អ ជាពិសេសកូនតូចៗ​មិនគួរអោយពួកគេ​អង្គុយក្បែរទ្វារទេ ព្រោះពួកគេអាចនឹងដកគន្លឹះទ្វារ ហើយបើកទ្វារលេង ខណៈពេលដែលកំពុងបើកបរ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial