បុរសម្នាក់វាយធ្វើបាបមិត្តស្រី ខណៈពេលដែលកំពុង Live នៅលើហ្វេសប៊ុក ព្រោះសង្ស័យថានាងបោកប្រាស់

មានហេតុការណ៍ដ៏​គួរអោយភ្ញាក់ផ្អើលមួយ បានកើតឡើងនៅទីក្រុងបាងកក ប្រទេសថៃ។ អ្នកនិយម​លេងអ៊ីនធើណេត​ជាច្រើននាក់​មានការភ្ញាក់ផ្អើល​ជាខ្លាំង នៅពេល​ដែលបុរស​ម្នាក់បាន Live វីដេអូពីសកម្មភាពរបស់ខ្លួន វាយ​ធ្វើបាប​មិត្តស្រី​យ៉ាងដំណំនៅលើហ្វេសប៊ុក។

យោងតាមសារព័ត៌មាន Mirror បានប្រាប់អោយដឹងថា បុរសដែលជា​ជនដៃដល់​រូបនេះ​មានឈ្មោះថា Chaichana Sirichart អាយុ ២៥​ឆ្នាំ បានចាក់សោឃុំ​មិត្តស្រីរបស់ខ្លួន ដែលមានឈ្មោះថា Kuldara Yeesaman អាយុ ២៤ ឆ្នាំ នៅក្នុងបន្ទប់ ហើយធ្វើ​ទារុណ​កម្មមកលើរូបនាង ខណៈពេលដែលកំពុង live ជាវីដេអូនៅហ្វេសប៊ុក។

យោងតាមសេចក្តីរាយការណ៍ បានអោយដឹង ហេតុការណ៍នេះ​បានកើត​ឡើង​កាលពី​ថ្ងៃអាទិត្យទី ២២ ខែមេសាកន្លងទៅ។ ប្រភពព័ត៌មាន​បានអោយដឹងថា​លោក Sirichart បានចោទប្រកាន់មកលើ Yeesaman ថាបានលួច​មានទំនាក់ទំនង​ជាមួយអ្នកថ្មី ហើយនឹង​បានលួច​លុយពី​ការបណ្តាក់ទុនរបស់ខ្លួន។

នៅក្នុងវីដេអូ ដែលបាន​ចែកចាយ​នៅលើ​បណ្តាញសង្គម បានបង្ហាញពី​សកម្មភាព​បុរសរូបនោះ និយាយឡកឡឺយ និងស្រែក​គំរាមកំហែងនាង​ម្តងហើយម្តងទៀតថា គេនឹងសម្លាប់នាងចោល។ ពិតជាអាក្រក់ឃោរឃៅមែន។ បុរសនោះបានសួរ Yeesaman ដែលកំពុងភ័យខ្លាចថា «តើប្រុសលួចលាក់​របស់នាងជាអ្នកណា?» ហើយគាត់ថែមទាំង​បានបង្ខំអោយនាង ទះកំផ្លៀងខ្លួនឯង ហើយមុខរបស់នាង​ឡើងហើមពោរ មើលលែងចង់ស្គាល់ទៅហើយ។

Yeesaman ត្រូវបានជួយសង្គ្រោះ នៅពេលដែល​អ្នកទស្សនាភ័យរន្ធត់ ហើយរត់​ទៅ​រាយការណ៍ប្រាប់ប៉ូលីស នៅវេលាម៉ោងប្រហែល ៤ រសៀល ហើយភ្លាមៗ​ប៉ូលីស​ក៏​បានចុះទៅដល់ក​ន្លែងកើតហេតុ។ ទោះបីជា​យ៉ាងណាក៏ដោយ ដំបូងឡើយលោក Sirichart មិនព្រមបើកទ្វារទេ ហើយប៉ូលីសក៏បាន​ព្យាយាមចរចា​ជាមួយ​គាត់រយៈពេល ២ ម៉ោងទំរាំតែ​គាត់យល់ព្រមបើកទ្វារ។

ប៉ូលីស​ក៏បាន​បញ្ជូន​នារីរងគ្រោះ​ទៅកាន់មន្ទីរពេទ្យ ហើយបាននាំ​ខ្លួនបុរស​ដែលជា​មិត្តប្រុស​ទៅកាន់​ប៉ុស្តិ៍ប៉ូលីស។ ទោះបីជា​យ៉ាងណាក៏ដោយ ភ្លាមៗប៉ូលីស​នៅមិនទាន់​អាចសួរចម្លើយបុរសនោះ​បាននៅឡើយទេ ដោយសារតែ​រកឃើញថា​នៅក្នុង​ខ្លួន​របស់គាត់ មានជាតិមេតំហ្វេតាមីនខ្ពស់ ដូច្នេះគាត់​មិនអាច​ផ្តល់ចម្លើយ​ត្រឹមត្រូវបានទេ។

ក្រោយមកគាត់​បាននិយាយរៀបរាប់ថា គាត់ស្ត្រេសនឹង​ការងារក្រុមហ៊ុនរបស់គាត់ ដែលមានឈ្មោះថា Global FX Investment ដោយសារតែ​អតិថិជនខកខាន​មិនបាន​សងប្រាក់ត្រលប់មកវិញ​ ទាន់ពេលវេលា​ទៅតាមការសន្យា។

Sirichart បានយំស្រែក​នៅក្នុង​ប៉ុស្តិ៍ប៉ូលីស ហើយបានស្តីបន្ទោស​ចំពោះការងារ និងហរិញ្ញាវត្ថុរបស់ខ្លួន ដែល​ធ្វើអោយគាត់ស្ត្រេសខ្លាំង រហូតធ្វើអោយគាត់​ប្រែទៅជា​ញៀនស្រា និងប្រើថ្នាំបែបនេះ។ តើនេះជាសំដីដោះសារមែនទេ?

យោងតាមសេចក្តីរាយការណ៍ បានប្រាប់អោយដឹងថា ប៉ូលីសបានរកឃើញ​ថាគាត់បានប្រើអំបោស និង ម៉ាស៊ីនផ្លុំសក់​វាយ​ទៅលើនារីរងគ្រោះ ដែលបណ្តាល​អោយនាងរងរបួសធ្ងន់ មានស្នាមមុត និងស្នាមជាំធ្ងន់ធ្ងរ​នៅលើមុខ ដងខ្លួន និងដៃរបស់នាង ហើយវាប្រហែលជាអាច​នឹងបាក់ឆ្អឹង​ថែមទៀតផង។ ពិតជា​សាហាវឃោរឃៅមែន។

ទោះបីជាយ៉ាងណាក៏ដោយ ប៉ូលីសរង់ចាំរហូតដល់​នារីរងគ្រោះធូរស្រាលពី​ជំងឺ​បន្តិច​សិន ទើបសាកសួរ​នាងបន្ថែមពី​មូលហេតុ ហើយនឹងកាត់ទោសបុរសដៃដល់ជាផ្លូវការ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial