នារីកំសត់គ្មានច្រមុះ​ ដែលតែងតែត្រូវគេសើចចំអក ​បានជួបបុរសចិត្តធម៌ សុំនាងរៀបការបន្ទាប់ពីស្គាល់គ្នាបាន ១ ខែ រស់នៅយ៉ាងមានក្តីសុខ

ខណៈ​មនុស្សជាច្រើន​កំពុងស្វែងរកស្នេហាពិត ហើយតែងតែឆ្ងល់ថា តើស្នេហាពិត​មានរូបរាង​បែបណានោះ គូស្នេហ៍​ជនជាតិចិន​មួយគូនេះ បានបង្ហាញពី​រូបរាង​នៃស្នេហាពិត ថាតើវាមានរូបរាងបែបណា។ រឿងរ៉ាវស្នេហា​របស់ពួកគេ បានធ្វើអោយ​មនុស្សជាច្រើន​មានការរំជួលចិត្ត​ជាខ្លាំង។

លោក Lin Zhouqiang មានវ័យ ២៣ បានសម្រេចចិត្ត​រៀបការជាមួយនឹង មនុស្សស្រី​ដែលគាត់ស្រលាញ់បំផុត ដែលមានឈ្មោះថា Xu Qinqin វ័យ ២១ ឆ្នាំ ដោយមិន​គិត​រូបសម្បត្តិរបស់នាងឡើយ។ រឿងរ៉ាវ​ប្រវត្តិស្នេហា​របស់​ពួកគេមានដូចតទៅ Lin Zhouqiang បានលង់ស្រលាញ់ Qinqin ព្រោះនាងមានចិត្តល្អ។ រូបសម្បត្តិរបស់នាង​មិនមែនជាបញ្ហាចោតសម្រាប់គាត់ឡើយ។

Qinqin តែងតែត្រូវគេសើចចំអក ហើយត្រូវគ្រប់គ្នាមើលងាយ ដែលរួមមានអ្នកជិតខាង មិត្តរួមការងារ ហើយសូម្បីតែសមាជិកគ្រួសាររបស់នាងផ្ទាល់ក៏ដោយ។ នាងនិយាយថា នាងតែងតែត្រូវបានគេ សើចចំអក ហើយត្រូវគេសម្លុត ដោតសារតែ​ច្រមុះ​ដែល​ខូចទ្រង់ទ្រាយរបស់នាង។

មូលហេតុដែលធ្វើអោយ​ច្រមុះរបស់នាង​ទៅជាបែបនេះ ដោយសារតែ​នាងជួប​រឿង​អកុសល​ដ៏គួរអោយ​សង្វែគមួយ ពេលដែលនាងនៅជាទារិកា ហើយនេះក៏​មិនមែនជា​កំហុសរបស់នាងឡើយ។ នៅពេលដែលនាង​ទើបតែកើត​បាន ២៩ ថ្ងៃ ម្តាយរបស់នាង​បានទុកនាងចោល នៅក្នុងបន្ទប់​ក្នុងផ្ទះរបស់នាង។ ស្រាប់តែមាន​កណ្តុរមួយ​ចេញមក​ពីណាមិនដឹង មកខាំច្រមុះរបស់នាង ហើយកកេរនៅជុំវិញភ្នែករបស់នាង។

យោងតាម​សំដីម្តាយរបស់នាង បាននិយាយ​ប្រាប់សារព័ត៌មាន​របស់ប្រទេសចិនថា គាត់មានកូនចំនួន ៥ នាក់។ ជារឿយៗ​គាត់តែងតែ​ធ្វើបែបនេះ ដោយទុកកូនៗ អោយនៅផ្ទះ ហើយគាត់ចេញ​ទៅធ្វើការនៅចំការ។ ថ្ងៃកើតហេតុគាត់ក៏ធ្វើ​ដូច​សព្វ​មួយដងដែរ បន្ទាប់ពីងូតទឹក ស្លៀកពាក់អោយ Qinqin រួចហើយ គាត់បានរុំកន្សែង ហើយទុកនាងអោយគេងនៅក្នុងបន្ទប់។

ស្រាប់តែ ២ ម៉ោងក្រោយមក កូនស្រីចម្បងរបស់គាត់ ក៏រត់ត្រហេបត្រហប មកប្រាប់​គាត់ពីដំណឹងដ៏រន្ធត់នេះ។ នាងប្រាប់គាត់ថា ច្រមុះរបស់ Qinqin ត្រូវកណ្តុរ​ខាំ​ដាច់​ហើយ។ គាត់ក៏ទុកការងារចោល ហើយប្រញាប់រត់មកមើលកូន។ ពេលមកដល់​ផ្ទះ​គាត់ស្រែកយ៉ាងរន្ធត់ ពេលដែលឃើញ Qinqin ប្រលាក់ឈាមពេញមុខ។

គាត់ក៏ប្រញាប់នាំ​កូនទៅកាន់មន្ទីរពេទ្យ ជាសំណាង​ដែលនាងនៅមានជីវិតរស់។ ប៉ុន្តែជាអកុសល គ្រូពេទ្យបានប្រាប់ថា ពួកគេមិនអាច​ជួយសង្គ្រោះមុខរបស់ Qinqin បានទេ។ នៅពេលដែល​នាងធំឡើង នាងតែងតែជួបសេចក្តីទុក្ខក្រៀមក្រំ ដោយសារតែ​មនុស្សដែលបានឃើញនាង នាំគ្នាសើច ហើយធ្វើបាបនាងជានិច្ច។ ពេលនាងទៅរៀន នាងត្រូវបានគេធ្វើបាប និងសម្លុតខ្លាំងឡើងៗ ដែលធ្វើអោយនាងខ្មាស់គេ ហើយបាក់ទឹកចិត្តជាខ្លាំង ដោយគ្មានជម្រើស​នាងក៏សម្រេចចិត្តឈប់រៀន ត្រឹមថ្នាក់ទី ៦។

អ្វីដែលធ្វើអោយនាង កាន់តែខូចចិត្តនោះគឺ នាងតែងតែ​បរាជ័យក្នុងការ​ស្វែងរក​ការងារធ្វើនៅក្នុងភូមិ ដូច្នេះនាងក៏សម្រេចចិត្ត​ចាកចេញពីភូមិ ទៅកាន់ទីក្រុង Guangzhou ដើម្បីរកការងារធ្វើ​ នៅពេលដែលនាងមានអាយុ ១៧ ឆ្នាំ។ ទៅដល់ទីនោះ នាងក៏រកបានការងារធ្វើ​នៅក្នុង​ក្រុមហ៊ុនដេរខោអាវមួយកន្លែង។

រឿងអាក្រក់ៗ នៅតែកើតមានឡើង ចំពោះនាង ដោយមិត្តរួមការងាររបស់នាង តែងតែសើចចំអកអោយនាង ហើយធ្វើអោយនាង​នឹកឃើញដល់​ពេលដែល​នាងនៅរៀន។ មួយឆ្នាំក្រោយមក នាងក៏សម្រេចចិត្តលាឈប់ពីការងារ ព្រោះនាងមិនអាច​ទ្រាំឈរ​អោយគេ​ធ្វើបាប​មើលងាយ​នាងបានទេ។

គ្រួសាររបស់នាង ក៏បានណែនាំបុរសម្នាក់ ដែលមានអាយុបងនាងរហូត ៨ ឆ្នាំអោយនាង។ ពួកគេ​ក៏រៀបការ​ជាមួយគ្នា នៅពេល​ដែលនាង​ឈានចូលវ័យ ១៨ ឆ្នាំ ប៉ុន្តែជីវិតអាពាហ៍ពិពាហ៍នោះ មិនបានយូរអង្វែងឡើយ។ ពួកគេក៏លែងលះគ្នា បន្ទាប់ពីការបាន ២ ឆ្នាំ។

យោងតាមសំដីរបស់ Qinqin និយាយប្រាប់អ្នកកាសែតថា គ្រប់ពេលដែលនាង និងអតីតស្វាមីឈ្លោះគ្នា ប្តីរបស់នាង ហើយនឹងគ្រួសារខាងប្តីនាង តែងតែ​និយាយ​សំដីមិនល្អដាក់នាង ហើយពួកគេ​តែងតែដេញ​នាង​អោយ​ត្រលប់មក​ផ្ទះនាងវិញ។

បន្ទាប់ពីទទួលបានតែ​សេចក្តីឈឺចាប់ និងសង្គមស្អប់ខ្ពើមនាងៗ​ក៏សម្រេចចិត្ត ឃុំខ្លួនឯងនៅក្នុងផ្ទះ។ តែសំណាងណាស់ គួរតែអរគុណ​ដល់អ៊ីនធើណេត ដែលធ្វើអោយនាង​បានជួបនឹង​ស្វាមីចិត្តធម៌របស់នាង។

នៅលើបណ្តាញទំនាក់ទំនងសង្គម នាងបានប្រើឈ្មោះជាអក្សរកាត់ថា QQ ពេលនោះហើយ ដែលនាងបាន​ជួបស្វាមីរបស់នាង។ បន្ទាប់ពីជួបគាត់ នាងចាប់ផ្តើម​កសាងទំនុកចិត្តឡើងវិញ។

ពួកគេក៏ចាប់ផ្តើម​ជិតស្និត​កាន់តែខ្លាំងឡើងៗ។ ពួកគេទាំងពីរនាក់ តែងតែផ្ញើសារ​អោយគ្នាទៅវិញទៅមក​ជារៀងរាល់ថ្ងៃ ហើយនាងក៏រកឃើញថា លោក Zhouqiang រស់នៅភូមិជាមួយនាងដែរ។

បន្ទាប់ពីរាប់អានគ្នា​បានមួយរយៈ​ នាងក៏ប្រាប់គាត់ថា នាងគ្មានច្រមុះទេ ប៉ុន្តែវាមិនបាន​ធ្វើអោយគាត់បាក់ទឹកចិត្តឡើយ។ គាត់ដឹងថា​នារីកំសត់ម្នាក់នេះ ជាមនុស្សសុទិដ្ឋិនិយម និងមានចិត្តសប្បុរស ទោះបីជាមានទុក្ខលំបាក​ច្រើនយ៉ាងណាក៏ដោយ ក៏​នាង​នៅតែ​មាន​ភាពតស៊ូនៅក្នុងជីវិត​របស់នាង ដែលជាហេតុធ្វើអោយគាត់ មានចិត្តអាណិតនាង និងស្រលាញ់កាន់តែខ្លាំង។

Zhouqiang និយាយថា «វាប្រហែលជាព្រហ្មលិខិតហើយ។ ចាប់តាំងពីខ្ញុំ បានដឹងពី​បទពិសោធន៍ជីវិតដ៏ជូរចត់​របស់នាង ខ្ញុំមានអារម្មណ៍ថា​ក្មេងស្រីនេះ រស់នៅលើ​ជីវិត​ដ៏លំបាក។ ខ្ញុំបានសម្រេចចិត្ត​រៀបការជាមួយនាង បន្ទាប់ពី​ស្គាល់​នាងរយៈពេល​ប្រហែល ១ ខែ។ ហើយខ្ញុំនឹងព្យាយាមរកប្រាក់ ដើម្បីអោយនាងកែសម្ភស្ស។ ខ្ញុំចង់ឃើញនាងសើច និងរស់នៅមានក្តីសុខ»។

ពួកគេក៏បានជួបមុខគ្នាផ្ទាល់។ គាត់ដឹងថា​គាត់លង់ស្រលាញ់នាង​ខ្លាំង ខ្លាំងរហូត គាត់ចង់​រៀបការជាមួយនាង។ គាត់ក៏សុំនាងរៀបការ ហើយនាងក៏យល់ព្រម។ ពួកគេរស់នៅជាមួយគ្នាយ៉ាងរីករាយ បើទោះបីជាមាន​ពាក្យរិះគន់ចំពោះ​ទំនាក់ទំនង​របស់ពួកគេក៏ដោយ ក៏ពួកគេមិនខ្វល់​ស្តាប់ពាក្យ​ទាំងនោះដែរ។

សំខាន់ពេលនេះពួកគេ មានក្តីសុខ ហើយមានតែពួកគេទាំងពីរទេ ដែលដឹងពី​ទំហំនៃ​ការស្រលាញ់ ដែលពួកគេមានចំពោះគ្នា៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial