និស្សិតស្រីវ័យក្មេងម្នាក់ លោតសម្លាប់ខ្លួនពីលើអគារជាន់ទី ១៤ ដោយសារតែជំងឺបាក់ទឹកចិត្ត និងសម្ពាធក្នុងការរៀនសូត្រខ្លាំងពេក

និស្សិតស្រីវ័យ ២០ ឆ្នាំម្នាក់ ដែលមានឈ្មោះថា Lin បានលោតចុះពីលើ អគារស្នាក់នៅ កំពស់ ១៤ ជាន់ ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ យោងតាមសេចក្តីរាយការណ៍ បានអោយដឹងថា នារីរងគ្រោះគឺជាសិស្សពូកែ ហើយនាងតែងតែ ទទួលបានពិន្ទុល្អ រាល់ការប្រលងរបស់នាង។

Lin មានក្តីស្រមៃចង់ក្លាយជាគ្រូបង្រៀន។ ការពិត នាងគឺជានិស្សិតក្រីក្រ ហើយកំពុងសិក្សាថ្នាក់​អនុបណ្ឌិតនៅឯ​វិទ្យាស្ថានមួយកន្លែង នៅក្នុងខេត្ត Kedah ប្រទេសម៉ាឡេស៊ី។ ថ្វីត្បិតតែនាងជាសិស្សពូកែ ប៉ុន្តែនាង​មានជំងឺបាក់ទឹកចិត្ត ដូច្នេះ ឪពុកម្តាយរបស់នាង បានដាក់ GPS នៅលើទូរស័ព្ទ ដើម្បីតាមដានទីតាំងរបស់នាង។

យោងតាម​សំដីឪពុកម្តាយរបស់នាង បាននិយាយថា កាលពីថ្ងៃទី ២ ខែមេសា ពួកគាត់បានតាមដានដឹងថា នាងនៅអគារផ្ទះល្វែងមួយកន្លែង ដូច្នេះពួកគាត់​ព្យាយាមទូរស័ព្ទទៅនាង ដើម្បីធ្វើការឆែកមើលថា​ តើនាងមានកើតអ្វីឬអត់។ Lin បានលើកទូរស័ព្ទ ហើយកុហកពួកគាត់ថា នាងនៅជាមួយមិត្តភក្តិពីរបីនាក់។

ក្រោយមក ស្រាប់តែ​ពួកគាត់ទទួលដំណឹងថា កូនស្រីរបស់គាត់ បានលោតចុះពី​លើអគារស្នាក់នៅកំពស់ ១៤ ជាន់ នៅវេលាម៉ោងប្រហែល ៨៖៤៥នាទីយប់។ នាងថែមទាំង​បានបន្សល់​ទុកកូនសំបុត្រមួយ មុនធ្វើអត្តឃាតថា នាងពិតជា​ចង់​ស្លាប់ខ្លាំងណាស់។ នាងសរសេរ​នៅក្នុងសំបុត្រថា «បើសិនជាអ្នករកឃើញថា ខ្ញុំនៅមានជីវិត សូមមេត្តាប្រាប់​គ្រូពេទ្យថា​កុំជួយសង្គ្រោះខ្ញុំអី»។

យោងតាមសារព័ត៌មាន China Press បានប្រាប់អោយដឹងថា នៅក្នុងសំបុត្ររបស់នាង បានសរសេរថា នាងខ្លាច​ធ្វើអោយ​ឪពុកម្តាយរបស់នាង​ខកបំណង ហើយនាង​កំពុង​រងសម្ពាធផ្លូវចិត្តជាខ្លាំង។ នាងនិយាយថា នាងមិនអាច​ចាប់យក​ការសិក្សា​របស់នាង​បានទេ។

នាងជូនពរអោយ​ឪពុកម្តាយរបស់នាង រស់នៅប្រកបដោយក្តីសុខ ហើយនាងក៏​អរគុណ​ដល់ពួកគាត់​ដែលបង្កើតនាងមក។ នាងក៏សំណូមពរ​អោយបងប្រុស​របស់នាង អោយជួយ​មើលថែ​ឪពុកម្តាយ​ជំនួសនាងផង។ នៅឃ្លាចុងក្រោយនាង ថែមទាំង​បាន​សរសេរថានាងនឹង​បរិច្ចាគសរីរាង្គ​របស់នាងទាំងអស់ ទៅអោយមនុស្ស​ដែលត្រូវការ​វាជាចាំបាច់។

យោងតាម​សេចក្តីរាយការណ៍​បានអោយដឹងថា អគារដែល Lin លោតសម្លាប់ខ្លួននោះ គឺជាអគារដ៏ល្បីបំផុត សម្រាប់​ករណី​ធ្វើអត្តឃាត។ ជាការពិតទៅ ករណីធ្វើ​អត្តឃាត​នេះ​មានជាង ៧០ ករណីរួចទៅនៅកន្លែងនេះ។

គួររំលឹកផងដែរថា ករណីសម្លាប់ខ្លួន ដែលបណ្តាលមកពី ជំងឺបាក់ទឹកចិត្តនេះ កំពុងកើនឡើង​គួរអោយ​កត់សំគាល់ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ គ្រូពេទ្យ​ផ្នែកផ្លូវចិត្ត​ថែមទាំងបញ្ជាក់ថា​ជំងឺបាក់ទឹកចិត្តនេះ គឺជាជំងឺ​ដែលគួរអោយ​ខ្លាចជាងជំងឺផ្សេងៗ ព្រោះវាគឺជាជំងឺលាក់មុខ ហើយអ្នកជំងឺផ្ទាល់​អាចនឹងមិនដឹងខ្លួនថា ខ្លួនឯង​កំពុងប្រឈមនឹងជំងឺនេះទេ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial