មិនហ៊ានទុកម្តាយមានជំងឺចាស់វង្វេងនៅផ្ទះម្នាក់ឯង កូនប្រុសសុខចិត្តនាំម្តាយធ្វើការជាមួយរាល់ថ្ងៃ

បុរសវ័យ ៥២ ឆ្នាំដែលធ្វើការជាអ្នកនាំសបុត្រ រស់នៅទីក្រុង Chengdu ខេត្តស៊ីឈួន​ប្រទេសចិន បានក្លាយជាប្រធានបទក្តៅ ដោយសារតែសេចក្តីស្រលាញ់ និងគោរព​ដែលគាត់មាន​ចំពោះម្តាយវ័យ ៩២ ឆ្នាំរបស់គាត់។

លោក Cai Yujun គោរពស្រលាញ់ម្តាយ​របស់គាត់ខ្លាំងណាស់។ យោងតាម​ប្រភពព័ត៌មាន បានអោយដឹងថា ម្តាយរបស់លោក Cai Yujun ដែលមានឈ្មោះថា Yang Suxiu វ័យ ៩២ ឆ្នាំ មានជំងឺចាស់វង្វេង​រយៈពេល ៧ ឆ្នាំមកហើយ។

ដោយសារតែ​មិនអាចទុក​ម្តាយចោលបា​ន​លោក Cai ក៏សម្រេចចិត្តថា នាំម្តាយ​របស់គាត់​ទៅជាមួយគាត់គ្រប់ទីកន្លែង ដែលគាត់ទៅ សូម្បីតែពេល​ដែល​គាត់​ទៅធ្វើការក៏ដោយ។

យោងតាមសំដី​របស់លោក Cai បាននិយាយថា «ម្តាយរបស់ខ្ញុំលះបង់ជីវិត​របស់គាត់​ទាំងស្រុងដើម្បីគ្រួសារមួយនេះ។ ដូច្នេះវាដល់ពេលហើយ ដែលខ្ញុំត្រូវទទួលខុសត្រូវ មើលថែរក្សាគាត់ មិនថាលំបាកប៉ុណ្ណាទេ»។

លោក Cai ជាមួយនឹងប្រពន្ធ​ និងគ្រួសាររបស់គាត់ បានផ្លាស់មករស់នៅទីក្រុង Chengdu នេះអស់រយៈពេល ២០ ឆ្នាំហើយ។ លោក Cai និងប្រពន្ធរបស់គាត់ ធ្វើការជាអ្នកនាំសំបុត្រ​នៅក្នុងហាង​កុំព្យូរទ័រ​ក្នុងស្រុកមួយកន្លែង។ ចំណែកឯ​ម្តាយរបស់គាត់នៅផ្ទះតែម្នាក់ឯង។​ លោក Cai បន្ថែមថា «កាលណោះ ម្តាយរបស់ខ្ញុំ​គាត់នៅមានស្មារតីល្អ ហើយគាត់តែងតែនៅផ្ទះ និង ចេញក្រៅដើរហាត់ប្រាណ»។

ជាអកុសប៉ុន្មានឆ្នាំក្រោយមក ម្តាយរបស់គាត់ក៏ចាប់ផ្តើមមាន បញ្ហាជាមួយ​នឹង​ការចងចាំ ដែលវិវត្តកាន់តែអាក្រក់ឡើងៗ ហើយគាត់ក៏​មិនអាចមើលថែខ្លួនឯងបាន។ចាប់តាំងពីពេលនោះមក​លោក Cai ក៏សម្រេចចិត្តនាំ​ម្តាយរបស់គាត់ ទៅធ្វើការជាមួយ ដោយអោយគាត់ជិះ​ពីក្រោយកង់អាគុយរបស់គាត់ ខណៈពេលដែល​គាត់យក​ទំនិញទៅអោយគេ។

បើទោះបីជា​ក្រុមហ៊ុន​ដែលគាត់ធ្វើការ បានអនុញ្ញាត អោយគាត់នាំម្តាយ​មកធ្វើការជាមួយក៏ដោយ ប៉ុន្តែគាត់នៅតែមានបញ្ហា នៅពេលដែលគាត់​ដឹកជញ្ជូនទំនិញ ទៅអោយអគារការិយាល័យ ដោយសារតែ​សន្តិសុខអាគារ​មិនអនុញ្ញាតអោយគាត់ នាំម្តាយគាត់ចូលទៅក្នុងទេ។

រាល់ពេល​ដែលគាត់​ទៅដល់ទីនោះ គាត់តែងតែ​សួរសន្តិសុខថា តើពួកគេអាចមើល​ថែម្តាយរបស់គាត់បានដែរទេ? បើសិនជាមិនអាចទេ តើពួកគេនឹង​ទទួលខុសត្រូវដែរទេ ប្រសិនបើមានគ្រោះថ្នាក់​អ្វីមួយ​កើតឡើង​ចំពោះម្តាយគាត់?

ទីបំផុតសន្តិសុខ​ក៏អនុញ្ញាត​អោយគាត់​នាំម្តាយគាត់ចូលជាមួយ។ មិត្តរួមការងាររបស់លោក Cai ក៏គាំទ្រយ៉ាងពេញទំហឹង ចំពោះទង្វើរបស់គាត់ ហើយជាញឹកញាប់ពួកគេ​ក៏ជួយមើលថែម្តាយរបស់គាត់ នៅពេលដែលគាត់​មិនអាចនាំម្តាយទៅជាមួយបាន»។

គាត់និយាយឡើងទាំងរីករាយថា «មិត្តរបស់ខ្ញុំចូលចិត្តជជែកលេង និងលេងសើចជាមួយនឹងម្តាយខ្ញុំខ្លាំងណាស់»។

តើនៅលើលោកនេះមាន​កូនប្រុសប៉ុន្មាននាក់​ដែលស្រលាញ់ម្តាយបែបនេះ?

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial