ឳសថប្រឆាំងនឹងជំងឺមហារីកក្លែងក្លាយ ជាច្រើនមុខ ត្រូវបានរកឃើញនៅក្នុង រោងចក្រមួយនៅក្នុងប្រទេសវៀតណាម

រោងចក្រផលិតថ្នាំប្រឆាំងនឹងជំងឺមហារីក នៅភាគខាងជើងនៃប្រទេសនៃវៀតណាម ត្រូវបានពិន័យជាទឹកប្រាក់ ហើយកំពុងស្ថិតនៅក្រោមការស៊ើបអង្កេតរបស់ប៉ូលីស។

ក្រុមហ៊ុនមួយ​ដែលមានមូលដ្ឋាន នៅទីក្រុងហាណូយ​ដែលធ្លាប់ត្រូវបាន​ពិន័យ​ជាទឹកប្រាក់ ហើយហាមឃាត់ការ​លក់ចែកចាយ​ផលិតផលរបស់ខ្លួន ក្រោយពី​រកឃើញថាផលិតចេញ​ពីម្សៅធ្យូងឬស្សីនោះ ត្រូវបានចាប់ម្តងទៀត​ ខណៈពេល​ដែលក្រុមហ៊ុននេះ បានព្យាយាមចែកចាយ​ផលិតផលរបស់ខ្លួន​នៅទីក្រុងហូជីមិញ។

នៅពាក់កណ្តាលខែមករាកន្លងទៅនេះ ប៉ូលីសនៅទីក្រុង Hai Phong បានត្រួតពិនិត្យ​ទីតាំងរបស់ក្រុមហ៊ុន Vinaca Co.Ltd ហើយក៏បានរកឃើញកម្មករចំនួន ១០ នាក់ ដែលកំពុងតែបំពេញសំបកទទេរ ជាមួយនឹងល្បាយម្សៅធ្យូងឬស្សី ហើយនឹង​គ្រឿងផ្សំផ្សេងៗទៀត។

ថ្នាំគ្រាប់មូលវែង ត្រូវបានដាក់បញ្ជូលទៅក្នុងដប ដែលមានបិទផ្លាកថា ជាថ្នាំជំនួយដល់ការព្យាបាមជំងឺមហារីក។ ផ្លាកក្លែងក្លាយនេះ មានឈ្មោះដូចគ្នាទៅនឹង​ផលិតផល ដែលមាន​លិខិតអនុញ្ញាត​អោយដាក់លក់ត្រឹមត្រូវពីរដ្ឋាភិបាល។ ក្រោយមក​ប៉ូលីសបានរកឃើញថា ក្រុមហ៊ុន Vinaca បានទទួលម្សៅធ្យូងឬស្សីចំនួន ៣០០ គីឡូក្រាម​ជារៀងរាល់ខែ ពីកន្លែងអាជីវកម្ម​​ក្នុងស្រុកមួយផ្សេងទៀត។

ដោយសារតែ Vinaca មិនបានបង្ហាញអាជ្ញាប័ណ្ឌអាជីវកម្ម និងឯកសារនៃគ្រឿងផ្សំ និងវិញ្ញាបនប័ត្រផលិតកម្មរបស់ខ្លួន ដូច្នេះប៉ូលីសទីក្រុង Hai Phong បានរឹបអូសគ្រប់វត្ថុ និងសម្ភារៈទាំងអស់នៅក្នុងរោងចក្រ ហើយបានពិន័យជាទឹកប្រាក់ចំនួន ៤៤លានដុង (ប្រហែល ១.៩០០ដុល្លា)។

គ្រាប់ថ្នាំពណ៌ស្វាយ ដែលពោរពេញទៅដោយម្សៅធ្យូងឬស្សី ត្រូវបានគេរកឃើញនៅក្នុងរោងចក្រ Vinaca នៅទីក្រុង Hai Phong ភាគខាងជើងប្រទេសវៀតណាមកាលពីថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០១៨។

កាលពីថ្ងៃទី ១៣ ខែមេសាកន្លងទៅនេះ អាជ្ញាធរសុខាភិបាលខេត្ត Hai Phong បានហាមឃាត់ការលក់ និងការចែកចាយផលិតផលទាំងអស់ ដែលផលិត​ដោយ​ក្រុមហ៊ុននេះ ដែលត្រូវបានគេដឹងថា បានចែកចាយទៅតំបន់មួយចំនួន នៅទូទាំងប្រទេសវៀតណាម។

កាលពីថ្ងៃអង្គារកន្លងទៅ អាជ្ញាធរសុខាភិបាលទីក្រុងហូជីមិញ បានចុះត្រួតពិនិត្យ​ការិយាល័យ សាខារបស់ក្រុមហ៊ុន Vinaca ដែលនៅក្នុងតំបន់ផ្សេងទៀត ហើយក៏បានរកឃើញ ដបជាច្រើនប្រភេទផ្សេងទៀត ដែលផលិតចេញពី​ម្សៅធ្យូងឬស្សីដូចគ្នា ហើយនឹងផលិតផលផ្សេងៗ​ជាច្រើនមុខទៀត។

ទោះបីជាយ៉ាងណាក៏ដោយ នាយកក្រុមហ៊ុន បានប្រាប់អោយដឹងថា​ផលិតផល​ទាំងនេះ មិនមែនធ្វើឡើងសម្រាប់លក់ទេ គឺសម្រាប់ចែកជូនដល់​អតិថិជន​ដោយឥតគិតថ្លៃ ព្រោះរោងចក្រ​មិនទាន់បាន​បំពេញក្រដាសស្នាមរួចរាល់ ដើម្បីចាប់ផ្តើមដាក់លក់វាទេ។

លោកស្រីនាយក ថែមទាំងបានអះអាងថា ក្រុមហ៊ុនរបស់លោកស្រីមាន​ឯកសារច្បាប់​សំខាន់ៗ​ទាំងអស់ ដែលរួមមាន​ទាំង​អាជ្ញាប័ណ្ណអាជីវកម្ម និងវិញ្ញាបនប័ត្រសុវត្ថិភាព​ផ្នែកម្ហូប​អាហារផងដែរ។ មិនតែប៉ុណ្ណោះ  ក្រុមហ៊ុនថ្នាំមានជាង ៤០០ សាខា​នៅទូទាំងប្រទេស ហើយពួកគេថែមទាំងអះអាងថា «ថ្នាំមហារីករបស់យើង​មាន​ប្រសិទ្ធភាព ព្រោះវាអាចស្រូប​យកសារធាតុគ្រោះថ្នាក់ និងបន្សាបជាតិពុលបាន​តាមរយៈបំពង់រំលាយអាហារ»។

ទោះបីជាយ៉ាងណាក៏ដោយ ប៉ូលីសកំពុងធ្វើការស៊ើបអង្កេតបន្ថែមទៀត ហើយក្រុមហ៊ុន Vinaca នឹងត្រូវប្រឈមមុខ ចំពោះបទចោទប្រកាន់នេះ៕

ប្រភព៖ vir.com

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial