ដើម្បីសង្គ្រោះជីវិតកូន ម្តាយវ័យក្មេងម្នាក់ សុខចិត្តលួចទៅបរិច្ចាគថ្លើមរបស់នាងស្ងាត់ៗ ដោយមិនអោយក្រុមគ្រួសារដឹង

ទំហំនៃការស្រលាញ់​របស់ម្តាយពិតជា​ធំធេងខ្លាំងណាស់ ធំរហូតរកអ្វី​មក​ប្រៀបផ្ទឹមពុំបាន។ មានតែក្តីស្រលាញ់របស់ម្តាយទេ ដែលមិនចេះហើរពណ៌។ តួយ៉ាងដូច​អ្នកម្តាយវ័យ​ក្មេងជនជាតិចិន​ម្នាក់នេះ សុខចិត្តជំទាស់​ប្រឆាំងនឹង​ឪពុកម្តាយរបស់នាង ដើម្បីសង្គ្រោះជិវិតកូន។

អ្នកម្តាយវ័យក្មេងរូបនេះ​មានឈ្មោះថា Jiang Liuxin វ័យ ២២ ឆ្នាំ រស់នៅខេត្ត Hubei ស្រុក Yidu ប្រទេសចិន។ យោងតាមប្រភពព័ត៌មាន ប្រទេសចិន​បានអោយដឹងថា Liuxin បានសម្រាលកូន កាលពីខែកញ្ញាឆ្នាំមុន។ ជាអកុសល កូនស្រីរបស់នាង កើតជំងឺខាន់លឿងតាំងពីកំណើត។

ក្រោយមក​គ្រូពេទ្យបាន​ធ្វើរោគវិនិច្ឆ័យ​ឃើញថា ទារកមានជំងឺថ្លើមធ្ងន់ធ្ងរ ដំណោះស្រាយ​មានតែមួយគត់ គឺតម្រូវអោយធ្វើការ​ប្តូរថ្លើមថ្មី ដែល​បរិច្ចាគ​ពី​ឪពុកម្តាយទារក។ របាយការណ៍បង្ហាញថា មុខងារថ្លើម​របស់ទារក​បានធ្លាក់ចុះខ្សោយ​យ៉ាងឆាប់រហ័ស ក្រោយពេលកើតមក។

Liuxin ក៏សម្រេចចិត្តថា​នឹងបរិច្ចាគថ្លើម ទៅអោយកូនស្រីរបស់នាង ប៉ុន្តែមុនពេល​ដែលនាងអាច​ទទួលការវះកាត់បាន ទាល់តែនាង​ដាក់​ឯកសារអត្តសញ្ញាណប័ណ្ណ​របស់នាងជាមុនសិន។ ជាអកុសលឪពុកម្តាយ និងសាច់ញាត្តិរបស់នាង បានជំទាស់​យ៉ាងដាច់ខាត់ ចំពោះការសម្រេចចិត្តនេះ ទោះបីជានាង​បានប្រមែលប្រមូល​ប្រាក់​សម្រាប់ការវះកាត់នេះ​រួចហើយ​ក៏ដោយ។

ប្រភពព័ត៌មាន មិនបានបញ្ជាក់ច្បាស់លាស់ទេថា ហេតុអ្វីបានជា​ពួកគាត់ប្រឆាំងនឹង​គំនិតរបស់នាង ប៉ុន្តែពួកគេគ្រាន់តែលើកឡើងថា ក្រុមគ្រួសាររបស់នាង​ព្រួយបារម្ភ ខ្លាចមានរឿងមិនល្អកើតឡើង​ចំពោះ Liuxin ប្រសិនបើពួកគាត់អនុញ្ញាតអោយ នាង​បរិច្ចាគ​ថ្លើមមួយផ្នែករបស់នាង ទៅកូនស្រីរបស់នាងនោះ។

យោងតាមសំដីរបស់​អ្នកម្តាយកំសត់​រូបនោះបាន​និយាយថា «ខ្ញុំអាណិតកូនរបស់ខ្ញុំណាស់ ហើយឪពុកម្តាយរបស់ខ្ញុំ​ក៏អាណិតខ្ញុំដែរ ដូច្នេះ​ពួកគាត់​មិនយល់ព្រម​អោយខ្ញុំ​ធ្វើការបរិច្ចាគទេ»។

ឪពុកម្តាយរបស់នាង បានប្រមូលឯកសារ​របស់នាងលាក់ទុក ហើយប្តេជ្ញាថា​មិនអោយ​នាងនៅក្បែរវាទេ ដើម្បីរារាំងនាងពីការវះកាត់។ ទោះបីជាយ៉ាងណាក៏ដោយ វិធីនេះនៅតែ​មិនអាច​រារាំងនាងបាន។ នាងសុខចិត្តប្រឆាំងនឹង​ឪពុកម្តាយរបស់នាង ដោយលួចយក​អត្តសញ្ញាណប័ណ្ណរបស់នាង ហើយរត់ទៅ​ធ្វើការវះកាត់​ដោយគ្មាន​ការយល់ព្រមពីសំណាក់ក្រុមគ្រួសារ។

Liuxin និយាយថា «ខ្ញុំសុំទោសឪពុកម្តាយ​របស់ខ្ញុំពិតមែន ប៉ុន្តែខ្ញុំគ្មានជម្រើសទេ។ ប្តីរបស់ខ្ញុំ ហើយនឹងខ្ញុំ​ត្រូវតែ​ទទួលខុសត្រូវ​ចំពោះកូនស្រី​របស់ពួកយើង។ ខ្ញុំត្រូវតែ​រកគ្រប់មធ្យោបាយ ដើម្បីជួយសង្គ្រោះជីវិត​កូនស្រីខ្ញុំ​អោយទាល់តែបាន»។

ជាសំណាងល្អ​​ការវះកាត់ទៅលើ​ទារកអាយុ ៧ ខែ និងម្តាយរបស់នាង ដែលប្រព្រឹត្ត​ទៅកាលពីថ្ងៃទី ៣០ ខែមិនា នៅទីក្រុងសៀងហៃ ទទួលបានជោគជ័យ។ ទោះបីជាយ៉ាងណាក៏ដោយ ទារកត្រូវនៅ​បន្តការព្យាបាល​បន្ថែមទៀត ដើម្បីជា​សះស្បើយ​៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial