មហាជនផ្ទុះកំហឹង បន្ទាប់ពីវីដេអូ សន្តិសុខមហាវិទ្យាល័យ​ពីរនាក់ វាយឆ្កែអាណាថារហូតដល់ងាប់ ត្រូវបានបង្ហោះចែកចាយ នៅលើបណ្តាញសង្គម

បុរសជនជាតិចិនពីរនាក់ ដែលគេស្គាល់ថាជា សន្តិសុខនៅក្នុងមហាវិទ្យា China Pharmaceutical University នៅឯណានជីង ក្នុងខេត្តជាំងស៊ូ ប្រទេសចិន បានធ្វើអោយអ្នកនិយមលេងអ៊ីនធើណេតជាច្រើននាក់ ខឹងសម្បារយ៉ាងខ្លាំង បន្ទាប់ពីវីដេអូ​វាយសំពង់ឆ្កែអាណាថា​មួយក្បាល រហូតដល់ស្លាប់​យ៉ាងគួរអោយ​សង្វែគបំផុត។

យោងតាមសំដី​របស់និស្សិតម្នាក់​ ដែលនៅកន្លែងកើតហេតុ បានប្រាប់​អ្នកសារព័ត៌មាន​ប្រទេសចិនថា សត្វឆ្កែអាណាថាមួយក្បាលនោះ តែងតែដើរញ៉បៗមកក្នុងសាលារៀន ហើយវាទើបតែកើតកូន នៅក្នុងបរិវេណសាលាថ្មីៗផងដែរ។

ខាងសាលារៀនបានទទួលស្គាល់ថា បុគ្គលិកសន្តិសុខរបស់ខ្លួន ពិតជាបានវាយសម្លាប់ឆ្កែ​មួយក្បាលនោះមែន ប៉ុន្តែពួកគេបាន​លើកហេតុផលថា ដើម្បីសុវត្ថិភាពរបស់សិស្ស ក៏ដូចជាគ្រូនៅក្នុងសាលា ព្រោះថាឆ្កែនោះប្រហែលជា​មានផ្ទុកនៅមេរោគផ្សេងៗ។

យោងតាមសំដីរបស់លោក Wu Zhenhua ដែលជា​អនុប្រធាននាយកដ្ឋានសន្តិសុខ​មហាវិទ្យា​បានលើកឡើងថា «ថ្ងៃក្រោយយើងនឹងស្វែងរក ជំនួយពីខាងក្រុមប៉ូលីស និងក្រុមអ្នកថែរក្សាសត្វ ដើម្បីគ្រប់គ្រងឆ្មា និងឆ្កែអាណាថា​អោយបានត្រឹមត្រូវ»។

យោងតាមរបាយការណ៍​បានអោយដឹងថា ប៉ូលីសបានចុះទៅ​ណែនាំមហាវិទ្យា អោយធ្វើការរាយការណ៍​អំពីសត្វដែលអាណាថា ព្រោះពួកគេមានក្រុមខាងប្រមូល និងទទួលខុសត្រូវចំពោះសត្វឆ្កែដែលគ្មានម្ចាស់។

ទោះបីជាខាងមហាវិទ្យាល័យ បានធ្វើការបកស្រាយ​ចំពោះករណីនេះ​ យ៉ាងណាក៏ដោយ ក៏ក្រុមអ្នកការពារសត្វ បានធ្វើការរិះគន់យ៉ាងចាស់ដៃ នូវសេចក្តីថ្លែងការណ៍ របស់មហាវិទ្យា ដែលបានចេញផ្សាយ​នៅលើ​បណ្តាញសង្គមរបស់ចិន ដោយពួកគេនិយាយថា ទង្វើគឺ​បង្ហាញពី​ភាពសាហាវឃោរឃៅ គ្មានមេត្តាចំពោះសត្វ។

ពួកគេថែមទាំងបាននិយាយថា «សូមបញ្ឈប់ការវាយ​ធ្វើបាបសត្វឆ្កែ​ដែលគ្មានម្ចាស់ទៀតទៅ ហើយសូមអនុវត្តគោល​នយោបាយមនុស្សធម៌ និងគ្រប់គ្រង​សត្វអាណាថា​អោយបានត្រឹមត្រូវ»។

ទោះបីជាយ៉ាងណាក៏ដោយ នៅចិនដីគោកមិនមានច្បាប់​ជាក់លាក់ណាមួយ​ប្រឆាំងនឹង​ភាពសាហាវឃោរឃៅ​ចំពោះសត្វនោះទេ បើទោះបីជា​សេចក្តីពង្រាងច្បាប់​ត្រូវបាន​រៀបចំក៏ដោយ ប៉ុន្តែមិនបានអនុវត្តឡើយ។

ចំពោះខាងមហាវិទ្យាល័យ ក៏បានប្តេជ្ញាថានឹង​ដោះស្រាយចំពោះទង្វើ​ដ៏សាហាវយ៉ុងឃ្នង់​របស់សន្តិសុខខ្លួន ដែលបានវាយឆ្កែរហូតស្លាប់នេះផងដែរ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial