មើលចិត្ត​មនុស្ស ​តាម​រយៈ​ការ​ឆ្លុះ​កញ្ចក់

តាមរយៈ​ការ​ឈរ​នៅមុខ​កញ្ចក់ ហើយ​សម្លឹង​មុខ​ទៅ​រក​កញ្ចក់ អាច​បង្ហាញ​ពី​និស្ស័យ​ចិត្ត​គំនិត របស់​មនុស្ស​យើង​ម្នាក់ៗ​បាន។ តោះទៅ​មើល​ចិត្ត​មនុស្ស​ តាម​រយៈ​ការ​ឆ្លុះ​កញ្ចក់​ដូចខាងក្រោមនេះ៖

១. មុន​នឹង​ចាប់​ផ្ដើម​ឆ្លុះ​កញ្ចក់ ធ្វើ​មុខ​ល្អ​មើល ៖ គេ​ជា​មនុស្ស​ដែល​ចូលចិត្ត​ការ​សប្បាយ​មាន​អារម្មណ៍​សប្បាយ​រីករាយ ចិត្ត​ទូលាយ មិន​ចេះ​បង្ក​រឿង ចូល​ចិត្ត​ប្រើប្រាស់​ដំណើរ​ជីវិត​ក្នុង​ភាព​សាមញ្ញ និង​មិន​ចូល​ចិត្ត​អ្នក​ដែល​មក​រញ៉េរញ៉ៃច្រើន។

២. ចូល​ចិត្ត​ធ្វើ​មុខ​ក្រញូវ​ដាក់​កញ្ចក់ ៖ ជា​មនុស្ស​ពិបាក​នឹង​រាប់​អាន​បន្តិច ព្រោះ​សូម្បី​តែ​កញ្ចក់​ក៏​មនុស្សនេះ ធ្វើ​មុខ​ក្រញូវ​ដាក់​ទៅ​ហើយ ចុះ​ទម្រាំ​យើង​វិញ យ៉ាង​ណា​ទៅ​ទៀត? ជាមនុស្ស​មិន​សូវ​ចេះ​ស្ដាប់​គំនិត​យោបល់​នរណា​ឡើយ ពិបាក​យក​ចិត្ត​ណាស់ ហើយ​ចិត្ត​ច្រើន​ទៀត​ផង។

៣. ញញឹម​ដាក់​កញ្ចក់ ៖ ជា​មនុស្ស​មាន​អារម្មណ៍​ល្អ អាច​រាប់​អាន ជា​មួយ​មនុស្ស​ទូទៅ​បាន​គ្រប់​ស្រទាប់​វណ្ណៈ។ ជា​មិត្ត​ដ៏​ល្អ មាន​ចិត្ត​ស្មោះ​ត្រង់​ចំពោះ​មនុស្ស​ទូទៅ និង​តែង​តែ​យល់​នូវ​ចិត្ត​អ្នក​ដទៃ។

៤. មិន​ចាប់​អារម្មណ៍​នឹង​កញ្ចក់ ៖ ជា​មនុស្ស​មាន​ភាព​ប្រាកដ​ប្រជា​ក្នុង​ជីវិត មាន​គោលដៅ​ច្បាស់​លាស់ បើ​បាន​តាំង​ចិត្ត​រួច​រាល់​ហើយ នឹង​ធ្វើ​ឲ្យ​ទាល់​តែ​បាន​សម្រេច។ ជា​មនុស្ស​មាន​ភាព​រឹង​មាំ មាន​អំណត់​អត់​ធ្មត់​ខ្ពស់ មាន​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់ អាច​ផ្ញើ​វាសនា​លើ​មនុស្ស​ប្រភេទ​នេះ​បាន។

៥. ពិនិត្យ​ផ្អៀង​ផ្អង មើល​ខ្លួន​ឯង​នៅ​ក្នុង​កញ្ចក់ ៖ ដូចជា មើល​សក់​ក្បាល សម្លៀក​បំពាក់ ឲ្យ​បាន​សមរម្យ​ជា​ដើម គឺ​ជា​មនុស្ស​ដែល​ចូលចិត្ត​ធ្វើ​តាម​ចិត្ត​អ្នក​ដទៃ​ចង់​បាន។ មាន​អារម្មណ៍​ផ្ដោត​ទៅ​លើ​រឿង​ស្នេហា មាន​សមត្ថភាព​ខ្ពស់​ក្នុង​ខ្លួន និង​មាន​គំនិត​ច្នៃប្រឌិត។

៦. ឱនឈ្ងោក​មើល​ខ្លួន​ឯង​ក្នុង​កញ្ចក់ ៖ បើ​សុខៗ​ស្រាប់​តែ​ឱន​ឈ្ងោក ទៅ​ជិត​កញ្ចក់ ផ្អៀងផ្អង​មើល​មុខ​ខ្លួន​ឯង ម្ដង​កន្លែង​នេះ ម្ដង​កន្លែង​នោះ ដើម្បី​ឲ្យ​ដឹង​ថា មាន​អ្វី​ដែល​ខុស​ប្លែក​ពី​ធម្មតា​ដែរ ឬយ៉ាង​ណា? គឺ​គេ​ជា​មនុស្ស​ដែល​មាន​របៀប​រៀប​រយ មាន​ភាព​ហ្មត់ចត់ ពូកែគិត ហើយ​រមែង​តែង​គិត​មុន​នឹង​និយាយ​ជា​និច្ច៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial