រឿងខ្លី៖ ស្នេហាត្រូវការហេតុផលដែររឺទេ?

ថ្ងៃមួយមានគូស្នេហ៍មួយគូ បានជជែកគ្នាលេង។ នារីជាសង្សារក៏បានសួរទៅកាន់ មិត្តប្រុសរបស់នាងថា៖

នារី៖ ហេតុអ្វីបានជាបងស្រលាញ់អូន?
បុរស៖ បងមិនដឹងពីមូលហេតុទេ ប៉ុន្តែបងពិតជា ស្រលាញ់អូនខ្លាំងណាស់។
នារី៖ បងមិនអាចប្រាប់អូន សូម្បីតែហេតុផល អ៊ីចឹងធ្វើម៉េចបង អាចនិយាយបានថា​បងស្រលាញ់អូនទៅ? តើបងអាចនិយាយថា បងស្រលាញ់អូន​ ដោយរបៀបណា?
បុរស៖ បងពិតជាមិនដឹងពី ហេតុផលពិតមែន ប៉ុន្តែបងអាចពិសោធន៍អោយ អូនមើលឃើញ ថាបងពិតជាស្រលាញ់អូនខ្លាំងមែន។

នារី៖ ពិសោធន៍? ទេ អូនគ្រាន់តែចង់អោយបង ប្រាប់អូនពីហេតុផលតែប៉ុណ្ណោះ។ សង្សាររបស់មិត្តភក្តិអូន អាចប្រាប់នាងបានថា ហេតុអ្វីបានជាគាត់ស្រលាញ់នាង ប៉ុន្តែហេតុអ្វីបានជាបងមិនអាច?
បុរស៖ អូខេៗ….!!! អ៊ឺ… ព្រោះតែអូនស្អាត សម្លេងរបស់អូនពិរោះ អូនពូកែថ្នាក់ថ្នម អូនគួរអោយស្រលាញ់ អូនជាមនុស្សចេះគិត ស្នាមញញឹមរបស់អូន និងគ្រប់សកម្មភាពរបស់អូន។

នារីជាសង្សារមាន អារម្មណ៍ពេញចិត្តយ៉ាងខ្លាំង ចំពោះចម្លើយរបស់បុរសបណ្តូលចិត្ត។

ជាអកុល មួយខែក្រោយមកនាងបាន ជួបគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរមួយ ដែលបណ្តាលអោយនាង ក្លាយជាមនុស្សភ្លឹកបាត់បង់ស្មារតី (coma)។បុរសជាគូស្នេហ៍ រន្ធត់ចិត្តជាខ្លាំង ពេលដែលទទួលបានដំណឹងនេះ។ គេតែងតែទៅ​កំដរនាង​ជារៀងរាល់ថ្ងៃ ប៉ុន្តែពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែឃ្លាតចាកពីក្តីសង្ឃឹម។

ជាយូរខែថ្ងៃ នាងនៅតែទាន់មិនដឹងខ្លួនឡើងវិញ។ បុរសនោះមានអារម្មណ៍អស់សង្ឃឹម ហើយគេក៏បាន សរសេរកូនសំបុត្រមួយទុកនៅក្បែរនាង ដោយសង្ឃឹមថា​ថ្ងៃណាមួយណានាងនឹង ភ្ញាក់ដឹងខ្លួនអានសំបុត្រនេះបាន។

ថ្ងៃមួយនាងក៏បានដឹងខ្លួនឡើងវិញ ហើយនាងបានរកឃើញសំបុត្រមួយ ដែលបុរសជាសង្សារ សរសេរទុកអោយនាង។ សេចក្តីនៅក្នុងសំបុត្រ៖

«អូនធ្លាប់សួរបងថា ហេតុអ្វីបានជាបងស្រលាញ់អូន? បងក៏ធ្លាប់ប្រាប់អូនថា បងមិនដឹងពីហេតុផលនោះទេ បងដឹងត្រឹមតែថា​​បងស្រលាញ់អូន ប៉ុន្តែអូនចង់បានហេតុផល​ នៃការស្រលាញ់ ដែលបងមានចំពោះអូន ដូច្នេះប្រសិនបើបងស្រលាញ់អូន ដោយសារតែសម្លេងដ៏ផ្អែមល្ហែមរបស់អូននោះ ចឹងបងក៏គ្មានហេតុផលអ្វី​ ដែលត្រូវស្រលាញ់អូនទៀតដែរ ព្រោះពេលនេះ​អូនមិនអាចនិយាយបានទៀតទេ ហើយក៏ប្រហែលជាលែងនិយាយ​ជារៀងរហូតទៀតផង ប៉ុន្តែបងមិនបានស្រលាញ់អូន​ដោយសារតែ​សំលេងរបស់អូនទេ។

ប្រសិនជាបងស្រលាញ់អូន ក៏ព្រោះតែការខ្វាយខ្វល់យក​ចិត្តទុកដាក់​របស់អូនមកលើបងនោះ ចឹងពេលនេះបងប្រហែលជា​មិនអាច​បន្តស្រលាញ់អូនបានទៀតទេ ព្រោះពេលនេះ អូនមិនអាចបង្ហាញវា បានទៀតឡើយ តែបងមិនមែន​ស្រលាញ់អូនត្រង់ចំណុចនេះទេ។

ប្រសិនបង​ស្រលាញ់អូន ក៏ព្រោះតែស្នាមញញឹមរបស់អូន និង សកម្មភាពគ្រប់យ៉ាងរបស់អូននោះ ចឹងពេលនេះបង​មិនអាចស្រលាញ់អូនទៀតទេ ព្រោះពេលនេះអូន​មិន​អាចញញឹម ហើយក៏មិនអាចកំរើកបានទៀតដែរ ប៉ុន្តែបងមិនបានស្រលាញ់អូន​ត្រង់ចំណុចនេះដូចគ្នា។

ប្រសិនជាស្នេហាពិតជា ត្រូវការហេតុផលពិតមែន អ៊ីចឹងឥលូវនេះ គ្មានចំណុចត្រង់ណា ដែលអាចអោយ បងស្រលាញ់អូននោះទេ។ ប៉ុន្តែការស្រលាញ់របស់បង ចំពោះអូន ពិតជាមិនត្រូវការហេតុផលនោះទេ។ ដូច្នេះហើយ បងនៅតែស្រលាញ់អូនជារៀងរហូត ទោះអូនក្លាយជាអ្វីក៏ដោយ ឆាប់បើកភ្នែកឡើងអូនសម្លាញ់។ក្រោកមកធ្វើជាកូនក្រមុំរបស់បង។ ការស្រលាញ់របស់បងចំពោះអូន គឺគ្មានហេតុផលនោះទេ វាកើតចេញពីក្នុងចិត្ត ហើយនេះក៏ជាក្តីស្រលាញ់ពិតផងដែរ»។

បន្ទាប់ពីអានសំបុត្រចប់នាងពិតជារំភើបចិត្ត និងពេញចិត្តនូវអ្វី ដែលបុរសជាគូស្នេហ៍ សរសេរអោយនាងជាខ្លាំង។ នេះហើយទើបហៅថាស្នេហាពិត។ ស្នេហារវាងមនុស្សពីរនាក់ អាចកើតមានឡើង ប្រហែលជាគ្មានហេតុផលនោះទេ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial