នារីម្នាក់ស្មានតែខ្លួនឯង មានជំងឺផ្តាសាយក៏ទៅទិញថ្នាំលាប ស្រាប់តែធ្ងន់ធ្ងរជាងមុន ទៅដល់ពេទ្យហួសពេលបាត់ កាត់អស់ជើងម្ខាង!!!

នេះគឺជាករណីដ៏គួរអោយភ័យខ្លាចខ្លាំងមែន!!! នាងវ័យ ២៤ ឆ្នាំម្នាក់ ត្រូវពេទ្យកាត់ជើងរបស់នាង បន្ទាប់ពីមានអារម្មណ៍ថា​មិនស្រួលខ្លួនរយៈពេល ២ រឺ ៣ថ្ងៃ។

យោងតាមសារព័ត៌មាន​របស់ប្រទេសចិន បានអោយដឹងថា មាននារីវ័យក្មេងម្នាក់ ដែលមានឈ្មោះថា Min Wenqing ត្រូវបានពេទ្យកាត់ជើងរបស់នាង ត្រឹមកំភួនជើង ដោយសារតែឆ្លងមេរោគធ្ងន់ធ្ងរម្យ៉ាង។

ប្រភពព័ត៌មានដដែល បានរៀបរាប់ថា​មុនពេលមាន រឿងហេតុដ៏អាក្រក់នេះកើតឡើង Min Wenqing បានធ្វើជាអ្នកកំដរកូនក្រមុំ ហើយនៅពេល ដែលកម្មវិធីចប់សព្វគ្រប់ នាងមានអារម្មណ៍ថា អស់កំលាំង ហើយទំនងដូចជា ចង់ឈឺយ៉ាងម៉េចមិនដឹងទេ ហើយមានទាំងក្អក ដែលទំនងជាផ្តាសាយ។

នាងគិតថានាងអស់កំលាំង ដោយសារតែ កំដរភ្ញៀវនៅក្នុង​ពិធីមង្គលការ ហើយ ដេកមិនបានឆ្អែត ដូច្នេះនាងក៏គេងសម្រាកយកកំលាំង ។

លុះស្អែកឡើង អាការៈរបស់នាង ហាក់មិនបាន ធូរស្រាលទាល់តែសោះ នាងក៏បាន​ទៅជួបគ្រូពេទ្យ ដែលនៅក្នុងភូមិ ដែលនាងរស់នៅ ប៉ុន្តែគ្រូពេទ្យគ្រាន់តែអោយ ថ្នាំផ្តាសាយមកនាងលេប ព្រោះគ្មានរោគសញ្ញាអ្វី​​គួរអោយកត់សម្គាល់នោះទេ។

ជាអកុសលស្ថានភាពរបស់នាង កាន់តែអាក្រក់ឡើងៗ នៅថ្ងៃបន្ទាប់។ អ្នកនាង Min ស្រាប់តែក្អួតចង្អោរយ៉ាងខ្លាំង។ ដោយព្រួយបារម្ភ គ្រួសាររបស់នាង ក៏បានបញ្ជូននាង​ទៅកាន់មន្ទីរពេទ្យក្បែរៗ​ភូមិរបស់នាង ដើម្បីព្យាបាល។

គ្រូពេទ្យនៅទីនោះ បានធ្វើរោគវិនិច្ឆ័យឃើញ​លក្ខខណ្ឌសុខភាព ​ចំនូន ៩ មុខនៅលើខ្លួន Min Wenqing ដែលរួមមាន ជំងឺសរសៃឈាមបេះដូង មេរោគរាលដាល​នៅក្នុង​ឈាមធ្ងន់ធ្ងរ ការឆ្លងមេរោគទៅក្នុងពោះវៀន និងការខូចមុខងារសរីរាង្គជាច្រើន។ ស្តាប់ទៅពិតជាធ្ងន់ធ្ងរណាស់!!!!

មិនតែប៉ុណ្ណោះ បេះដូងរបស់នាង ស្រាប់តែឈប់ដើរ រយៈពេល ១៥ នាទី​នៅក្នុងមន្ទីរពេទ្យ ហើយក្រុមគ្រូពេទ្យបាន ព្យាយាមជួយសង្គ្រោះជីវិតរបស់នាង យ៉ាងដុតដៃដុតជើង។ សំណាងល្អ ដែលគេអាចជួយ សង្គ្រោះជីវិតរបស់នាងបាន ប៉ុន្តែស្ថានភាពរបស់នាង នៅតែបន្តធ្លាក់ចុះដដែល។

បន្ទាប់មកនាង ក៏ត្រូវបានក្រុមគ្រួសារ បញ្ជូនទៅកាន់មន្ទីរពេទ្យ មួយផ្សេងទៀត ដែលមានជំនាញជាងនេះ ដើម្បីព្យាបាលបន្ថែមទៀត ហើយគ្រូពេទ្យ​នៅទីនោះ​រកឃើញថា នាងមានជំងឺឆ្លងធ្ងន់ធ្ងរ នៅជើងខាងស្តាំងរបស់នាង។

បាក់តេរី ដែលទទួលបានពី ការឆ្លងមេរោគ បានឆ្លងចូលតាមរយៈ ការរលាកឆ្អឹងខ្នង នៅលើ​អវយវៈខាងក្រោម​ផ្នែកខាងស្តាំ ហើយបណ្តាលអោយ ជីវិតរបស់នាង ស្ថិតនៅក្នុងគ្រោះថ្នាក់។

បន្ទាប់ពីពិគ្រោះយោបល់​យ៉ាងប្រុងប្រយ័ត្ន គ្រូពេទ្យបានសម្រេចចិត្ត កាត់កំភួនជើងរបស់នាង ដើម្បីសង្គ្រោះជីវិតរបស់នាង ហើយក្រុមគ្រូពេទ្យក៏​ធ្វើការវះកាត់ភ្លាមៗ។ បច្ចុប្បន្នស្ថានភាពរបស់នាង មានស្ថិរភាពល្អ ហើយគ្មានការឆ្លងមេរោគថ្មីណាមួយ បានកើតឡើងទេ។

ពិតជាគួរអោយខ្លាចមែន ជំងឺប្លែកៗសម័យនេះ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial