បុរសម្នាក់ជិះរថយន្តដឹកទំនិញ បុកគេហើយរត់ តែជាអកុសល ជនរងគ្រោះនោះគឺជាភរិយា និងកូនប្រុសរបស់ខ្លួនសោះ

មានហេតុការណ៍ដ៏រន្ធត់មួយ​ បានកើតឡើងនៅឯខេត្ត Shandong ប្រទេសចិន។ បុរសម្នាក់ ត្រូវបានគេរាយការណ៍ថា បានជិះរថយន្តដឹកទំនិញ បុកអ្នកជិះម៉ូតូកូនទា ពីរនាក់ម្តាយកូន បណ្តាលអោយស្ត្រីជាម្តាយរងរបួសធ្ងន់ ចំណែកឯកូនប្រុសស្លាប់ នៅពេលដឹកមន្ទីរពេទ្យ។

ហេតុការណ៍នេះបានកើតឡើង កាលពីយប់ថ្ងៃទី ២២ ខែមិនា ឆ្នាំ ២០១៨។ បន្ទាប់ពីដឹង​ថា​ខ្លួនបានជិះបុកគេនោះហើយ បុរសនោះមិនឈប់មើលទេ ហើយក៏បើករថយន្ត​រត់គេចខ្លួនតែម្តង។

យោងតាមរាយការណ៍ បានអោយដឹងថា បុរសនោះមានត្រកូល Zhang ជាអ្នកបើករថយន្តដឹកទំនិញ។ នៅពេលដែលរូបគាត់ បើករថយន្តបុកគេនោះ គាត់មិនបានដឹងទេថា ជនរងគ្រោះនោះគឺជាប្រពន្ធ ហើយនឹងកូនប្រុសរបស់គាត់ទេ។

ប្រភពព័ត៌មានប្រទេសចិន បានអោយដឹងថា បុរសបង្កហេតុ ទើបតែដឹងសេចក្តីលំអិត អំពីជនរងគ្រោះ បន្ទាប់ពីប៉ូលីស ទៅដល់ផ្ទះរបស់គាត់ នៅថ្ងៃបន្ទាប់ ដើម្បីចាប់ខ្លួនគាត់ ហើយប៉ូលីសក៏បានប្រាប់គាត់ថា ជនរងគ្រោះ ដែលជិះម៉ូតូកូនទានោះ គឺជាមនុស្សជាទីស្រលាញ់ របស់គាត់ទាំងពីរនាក់។

ជនរងគ្រោះ ត្រូវបានគេបញ្ជូន ទៅកាន់មន្ទីរពេទ្យ ដែលនៅក្បែរនោះ។ ជាអកុសល ក្មេងប្រុសរងគ្រោះ ត្រូវបានដាច់ខ្យល់ស្លាប់ ពេលទៅដល់មន្ទីរពេទ្យ ខណៈពេលដែល ម្តាយ ស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ ដែលត្រូវការមើលថែរក្សា យ៉ាងយកចិត្ត​ទុក​ដាក់​បំផុត។

នៅពេលដែលសួរចម្លើយលោក Zhang បានប្រាប់ប៉ូលីសថា នៅល្ងាចថ្ងៃ​កើតហេតុនោះ គាត់ និងប្រពន្ធកូនរបស់គាត់ បានទៅលេងផ្ទះសាច់ញាតិ ហើយ ញ៉ាំបាយនៅទីនោះ។

បន្ទាប់ពីផឹកស្រវឹង គាត់ក៏បានបើកឡានដឹកទំនិញ ​ត្រលប់មកផ្ទះវិញតែម្នាក់ឯង។ ចំណែកឯប្រពន្ធ និងកូនរបស់គាត់ ជិះម៉ូតូកូនទាទៅផ្ទះមុន។​

នៅតាមផ្លូវត្រលប់មកផ្ទះវិញ លោក Zhang បានបុកម៉ូតូកូនទាមួយគ្រឿង ប៉ុន្តែគាត់មិនដឹងទេថា នោះគឺជាម៉ូតូរបស់ប្រពន្ធគាត់។ បន្ទាប់ពីបុករួច គាត់មិនបានចុះមើលទេ គាត់ភ័យស្លន់ស្លោក៏ជិះរត់តែម្តង។

លោក Zhang បន្តថាគាត់ពិតមានអារម្មណ៍ស្តាយក្រោយខ្លាំងណាស់។ នេះពិតជាបាបកម្មរបស់គាត់ ដែលបុកគេរត់ ប៉ុន្តែបែរជាធ្លាក់​មកលើ​គ្រួសារខ្លួនឯងទៅវិញ។

ទោះបីជាយ៉ាងណាក៏ដោយ លោក Zhang ត្រូវបានបញ្ជូនទៅកាន់តុលា ដើម្បីកាត់ទោសទៅតាមផ្លូវច្បាប់៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial