រឿងអប់រំ៖ ការចាប់កំហុស និងការកែកំហុសរបស់អ្នកដទៃ

នៅសាលាបង្រៀនគូរគំនូរមួយកន្លែង មានសិស្សប្រុសម្នាក់ ឈ្មោះពិសិដ្ឋ។ គេជាសិស្សដ៏ល្បីឈ្មោះ ដែលគូររូបបានស្អាតជាងគេបំផុត ប្រចាំសាលារៀន។ ថ្ងៃមួយពិសិដ្ឋបានគូរមួយផ្ទាំង ដែលស្អាតល្អឥតខ្ចោះ។ គេក៏សំរេចចិត្តដាក់ វាតាំងបង្ហាញនៅក្នុងសាលារៀន។

នៅពេលដែលគេយកគំនូរទៅដាក់តាំង គេក៏បានសរសេរ note មួយថា «ប្រសិនបើអ្នក រកឃើញថា រូបនេះមានកំហុស នៅត្រង់កន្លែងណាមួយនោះ សូមមេត្តាគូររង្វង់នៅត្រង់នោះ ដោយប្រើទឹកខ្មៅនេះ ដែលខ្ញុំដាក់នៅក្រោមរូបនេះ»។

នៅល្ងាចដដែលនោះ ពិសិដ្ឋក៏ត្រលប់មកវិញ ដើម្បីពិនិត្យមើលរូបគំនូររបស់គេ ស្រាប់តែគេប្រទះឃើញ នៅលើរូបគំនូរ ត្រូវបានគូរដោយទឹកខ្មៅពេញទាំងអស់។ ពិសិដ្ឋមានអារម្មណ៍ស្តោកស្តាយខ្លាំងណាស់ ហើយគេក៏មានអារម្មណ៍ ធ្លាក់ទឹកចិត្តផងដែរ ព្រោះថាវាគឺជា រូបគំនូរដែលស្អាតជាងគេបំផុត តាំងពីគេធ្លាប់គូរកន្លងមក។

នៅក្នុងម៉ោងសិក្សា លោកគ្រូរបស់ពិសិដ្ឋ បានសង្កេតឃើញថា គេមានអារម្មណ៍ក្រៀមក្រំខុសប្លែកពីធម្មតា។ ដូច្នេះលោកគ្រូក៏ហៅពិសិដ្ឋសួរ។ពិសិដ្ឋបានប្រាប់គ្រូរបស់គេ អំពីហេតុការណ៍ ដែលបានកើតឡើង ចំពោះរូបគំនូរមួយផ្ទាំងនោះ។

គ្រូប្រាប់ទៅពិសិដ្ឋថា អោយគូររូបថ្មីមួយទៀត ហើយយកវាទៅដាក់តាំងបង្ហាញដដែល ប៉ុន្តែម្តងនេះ គេគួរតែសរសេរ note ថា «សូមមេត្តាកែតម្រូវ នៅលើរូបគំនូរនេះ ប្រសិនបើអ្នករកឃើញថាមានកំហុស»។

លុះព្រឹកស្អែកឡើង ពិសិដ្ឋបានយករូប ដែលគូរហើយទៅដាក់តាំង ហើយគេធ្វើតាមអ្វីដែលគ្រូគេបានប្រាប់។ ល្ងាចឡើងពិសិដ្ឋ ត្រលប់មកមើលរូបគំនូររបស់គេវិញ ប៉ុន្តែគេមិនឃើញ មានការកែតម្រូវអ្វីទាំងអស់ នៅលើរូបគំនូររបស់គេ»។

គេមានអារម្មណ៍ភ្ញាក់ផ្អើលជាខ្លាំង ​ពេលដែលឃើញបែបនេះ។ ពិសិដ្ឋក៏ត្រលប់ទៅជួបគ្រូរបស់គេ ហើយប្រាប់ពីអំពីរឿងនេះ។

គ្រូរបស់គេពន្យល់ថា «មនុស្សយើងគឺងាយស្រួល ក្នុងការស្វែងរកកំហុសរបស់អ្នកដទៃ ប៉ុន្តែបើអោយ កែតម្រូវកំហុសរបស់អ្នកដទៃនោះ​ គឺមិនងាយទេ។ មិនថាទោះបីជា យើងខំប្រឹងធ្វើអស់លទ្ធភាព​ ក្នុងការធ្វើអ្វីមួយក៏ដោយ ប៉ុន្តែមនុស្សនៅតែ ស្វែងរកកំហុសរបស់យើងឃើញ។ យើងមិនគួរណាធ្លាក់ទឹកចិត្ត រឺក្រៀមក្រំដោយសារវាទេ ប៉ុន្តែយើងគួរតែខំប្រឹងអោយអស់ពីចិត្ត ​ដើម្បីសំរេចគោលដៅ»។

គំនិតអប់រំ៖ យើងមិនគួរយកការចាប់កំហុសរបស់អ្នកដទៃ ​មករំខានការងាររបស់យើងនោះទេ។ ប៉ុន្តែយើងត្រូវជឿជាក់ ហើយខិតខំប្រឹងធ្វើបន្តទៀត ដើម្បីសម្រេចគោលដៅរបស់យើង៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial