រឿងបាយមួយគ្រាប់ មានតម្លៃស្មើមាសមួយដុំ

មានរឿងដំណាលថា មានក្មេងប្រុសម្នាក់ឈ្មោះ ហាន គ្រួសាររបស់គេ ទីទាល់ក្រខ្លាំងណាស់។ ជារៀងរាល់ថ្ងៃ ហានត្រូវចេញទៅ ស្ទូចត្រីនៅឯបឹងឆ្ងាយពីភូមិ។ ថ្ងៃខ្លះក៏រកបាន ថ្ងៃខ្លះក៏រកមិនបាន។

ថ្ងៃមួយមានស្ត្រីពីរនាក់មកបោកគក់ សម្លៀកបំពាក់នៅបឹងនោះដែរ។ ស្ត្រីចំណាស់ម្នាក់ បានសំលឹងមើលហាន រួចនាងនិយាយថា, «ក្មេងប្រុសនោះស្គម មើលតែឈើចាក់ធ្មេញ»។

បន្ទាប់មកគាត់ ក៏ដើរសំដៅមករកហាន រួចនិយាយទៅកាន់គេថា, «មើលទៅឯងដូចជា ឃ្លានខ្លាំងណាស់ហើយ។ ណេះយកបាយមួយចាននេះទៅហូបទៅ»។

ហានបែរទៅរកស្ត្រីចំណាស់នោះ ហើយទទួលយកបាយមួយចាននោះ បន្ទាប់មកគេនិយាយ ទៅស្ត្រីចំណាស់ថា «អរគុណខ្លាំងណាស់អ្នកមីង»។

ចាប់តាំងពីថ្ងៃនោះមក ស្ត្រីចំណាស់តែងតែ អោយបាយ ទៅហានមួយចានៗ មិនដែលដាច់។ «ខ្ញុំនឹងរកវិធីដើម្បីសងអ្នកមីងវិញ» ហាននិយាយទៅកាន់ស្ត្រីចំណាស់។

ពេលដែលហានធំឡើង គេក្លាយជាមនុស្សដែលក្លាហាន និងមានចិត្តសប្បុរសធម៌ខ្លាំងណាស់។ គេតែងតែជួយមនុស្សគ្រប់គ្នា។ ហើយគ្រប់គ្នាក៏ស្រលាញ់ រាប់អានហានខ្លាំងណាស់។ ដោយទឹកចិត្តល្អរបស់ហាន និងភាពក្លាហានរបស់គេ ធ្វើអោយអ្នកមានម្នាក់ លើកកូនស្រីអោយ។

ចាប់តាំងពីពេលនោះមក ជីវភាពរបស់គេ កាន់តែធូរធារខ្លាំងឡើង។ ទោះបីជាហានមាន យ៉ាងណាក៏ដោយ ប៉ុន្តែគេមិនដែលភ្លេចពាក្យសន្យា ដែលគេបានសន្យាជាមួយនឹង ស្ត្រីចំណាស់នោះឡើយ។

គេតែងតែស្វែងរកស្ត្រីចំណាស់នោះជានិច្ច។ ទីបំផុតហានក៏រកគាត់ឃើញ។
គេបាននាំស្ត្រីចំណាស់នោះ ទៅផ្ទះដែលដូចវាំងស្តេចរបស់គេ។

ហានអោនគោរពស្ត្រីចំណាស់នោះ រួចនិយាយថា, «ខ្ញុំធ្លាប់បានសន្យាថា ខ្ញុំនឹងសង អ្នកមីងវិញនៅថ្ងៃណាមួយមិនខាន។ សូមទទួលយកមាសទាំងនេះទៅ»។

«អរគុណណាស់ សម្រាប់មាសរបស់ក្មួយនេះ ប៉ុន្តែក្មួយបានសងមីងរួចហើយ ជាមួយនឹងទឹកចិត្តសប្បុរសធម៌របស់ក្មួយ ដែលក្មួយតែងតែជួយជនក្រីក្រ និងចេះមេត្តាដល់ជនគ្រប់គ្នា»៕

ប្រភព៖ រឿងព្រេងនិទានចិន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial