បុរសម្នាក់ហេតុតែចង់បាន LIKE ខ្លាំងពេក ថតវីដេអូរបស់ខ្លួន លួចឆ្គឹះយក Logo រថយន្ត Mercedes ១០ គ្រឿង បង្ហោះនៅលើបណ្តាញសង្គម ត្រូវប៉ូលីសចាប់ខ្លួន

បុរសវ័យ ២៥ ឆ្នាំម្នាក់ដែលមាន​ឈ្មោះហៅ​ក្រៅថា Guo ត្រូវបានប៉ូលីសចាប់ខ្លួន ពីបទលួច logo រថយន្ត Mercedes ចំនួន ១០ គ្រឿង។ ហេតុការណ៍នេះ ​​កើតឡើងនៅផ្លូវ Yongkang ខេត្ត Zhejiang ប្រទេសចិន។

យោងតាមប្រភពព័ត៌មានប្រទេសចិន បានអោយដឹងថា បុរសម្នាក់ ថតសកម្មភាព​លួចឆ្គឹះ logo រថយន្ត Mercedes ជាវីដេអូ រួចបង្ហោះនៅលើ Douyin ដែលជាប្រព័ន្ធបណ្តាញសង្គម ដ៏ពេញនិយមមួយ សម្រាប់ការបង្ហោះជាវីដេអូខ្លីៗ ព្រោះតែចង់អោយគេ Like លើវីដេអូរបស់ខ្លួន។

យោងតាមសំដីសារភាពរបស់លោក Guo បានប្រាប់អោយដឹងថា គាត់ជាអ្នកនិយម​លេងប្រព័ន្ធបណ្តាញសង្គម Douyin ហើយជារឿយៗ លោកតែងតែបង្ហោះវីដេអូផ្សេងៗ ប៉ុន្តែមិនសូវមានអ្នកចុច Like ប៉ុន្មានទេ ដូច្នេះហើយគាត់ក៏សម្រេចចិត្តថា ថតវីដេអូលួច logo រថយន្ត ដើម្បីទាក់ទាញអ្នកចូលចិត្ត។

លោក Guo បន្តថា គាត់ពិតជានឹកស្មានមិនដល់សោះ ថានៅពេលដែលគាត់ បង្ហោះវីដេអូ​លួចឆ្គឹះ Logo រថយន្ត Mercedes ត្រឹមតែប៉ុន្មាននាទីតែប៉ុណ្ណោះ ស្រាប់តែមានអ្នកចុច like រាប់ពាន់អ្នក។

ប៉ូលីសនៅក្នុងតំបន់ បានទទួលសេចក្តីរាយការណ៍ពី ម្ចាស់រថយន្ត Mercedes ជាច្រើននាក់​ថារថយន្តរបស់ពួកគេ ត្រូវបានចោរលួចយក logo កាលពីព្រឹកថ្ងៃទី ២៨ ខែមិនា ឆ្នាំ ២០១៨។

យោងតាមវីដេអូ​នៅក្នុងកាមេរ៉ាសុវត្ថិភាព បានបង្ហាញថា​ មានបុរសម្នាក់បានឈប់​រថយន្តរបស់ខ្លួន នៅក្បែររថយន្ត Mercedes ហើយ​បុរសម្នាក់នោះ​បានចុះពី​លើរថយន្តរបស់ខ្លួន ដើរតម្រង់ទៅមុខរថយន្ត Mercedes ពីរបីវិនាទីក្រោយ ក៏ឃើញដើរចេញទៅវិញ។

ប៉ូលីសបានរកឃើញ Logo រថយន្ត Mercedes ចំនួន ១០ នៅក្នុងផ្ទះជួលរបស់លោក Guo។​ បន្ទាប់ពីឆែកឆេរឃើញហើយ Logo ក៏ត្រូវបានប្រគល់ទៅអោយម្ចាស់ដើមវិញ។

លោក Guo នឹងត្រូវប្រឈមនឹងការដាក់ទោសព្រហ្មទណ្ឌ ចំពោះទង្វើរបស់ខ្លួន។

 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial