និស្ស័យ​ធ្វើឱ្យ​មនុស្ស​ពីរ​នាក់​បាន​ជួបគ្នា តែ​ពេលវេលា​ និង​ការមិន​យល់ចិត្ត​គ្នា វា​ធ្វើឱ្យ​មនុស្ស​អស់​និស្ស័យ!!!

វា​ប្រហែលជា​និស្ស័យ​ហើយ​ ទើប​យើង​បាន​ជួបគ្នា ពី​មនុស្ស​ដែល​មិន​ធ្លាប់​ស្គាល់គ្នា ​យើង​ក៏​ក្លាយជា​មនុស្ស​ ដែល​ស្និទ្ធស្នាល ពី​អារម្មណ៍​ធម្មតា​ ក្លាយទៅជា​អារម្មណ៍​ស្នេហា។

តើ​និស្ស័យ​ជា​អ្វី​ទៅ​? វា​គ្មាន​ចម្លើយ​ច្បាស់លាស់​នោះទេ គ្រាន់តែ​ដឹងថា ​ពេល​នៅក្បែរ​គ្នា ​យើង​មាន​អារម្មណ៍​រីករាយ​ និង​មាន​ក្តី​សុខបំផុត​។ ប៉ុន្តែ​នៅក្បែរ​គ្នា​យូរៗ​ទៅ​ យើង​បែរជា​មាន​អារម្មណ៍​ថា ​លែង​មាន​ភាព​ផ្អែមល្ហែម​ ដូច​គ្រា​ដំបូង​ទៀ​ត​ ហើយ​នោះ​ក៏​ព្រោះតែ​ពេលវេលា​ និង​ការមិន​យល់​ពី​ចិត្ត​គ្នា​ រវាង​យើង​ទាំងពីរ​។

ស្រឡាញ់គ្នា​យ៉ាងណា តែបើ​មិន​យល់​ពី​ចិត្ត​គ្នា មិនដឹងថា ដៃគូ​របស់ខ្លួនត្រូវការ​អ្វី​ មិន​ត្រូវការ​អ្វី​ហើយ​នោះ ស្នេហា ​វា​គង់​តែ​ប្រេះឆា​ជាមិនខាន​។​ គ្រប់​ពេលដែល ​នៅក្បែរ​គ្នា​យូរ​ទៅ ​វា​ធ្វើឱ្យ​មនុស្ស​បង្ហាញ ​ពី​សារជាតិ ធាតុពិត​របស់​ខ្លួន ​នៅ​ថ្ងៃ​ណាមួយ​ជា​មិនខានឡើយ ភាព​ស្មោះត្រង់ ការបារម្ភ ឬ​ក្តី​ស្រឡាញ់វា​នឹង​បង្ហាញ​ តាម​រយៈពេល​វេលា​ ថា​ពេល​យើង​មាន​បញ្ហា​ គេ​បារម្ភ​យើង​ទេ​? គេ​ខ្វល់​ពី​សុខទុក្ខ​យើង​ទេ​? គេ​ស្មោះ ឬ​យ៉ាងណា​?

ពេល​នោះ​មាន​តែ​ពេលវេលា​ និង​ទ​ង្វើ​នៃ​ការ​យកចិត្តទុកដាក់ ការ​យល់ចិត្ត​ ឬ​មិន​យល់ចិត្ត​នោះ​ ជា​អ្នក​បង្ហាញ​ឱ្យឃើញ​។ មាន​និស្ស័យ តែ​ក៏​មិន​ប្រាកដថា ​អាច​បន្ត​និស្ស័យ​ជាមួយគ្នា​បានទេ នោះ​ក៏​ព្រោះតែ​ការមិន​យល់​ពី​ចិត្ត​គ្នា ធ្វើឱ្យ​យើង​មាន​ការខ្វែង​គំនិត​គ្នា យល់​តែ​អារម្មណ៍​ខ្លួនឯង គិតថា​ ខ្លួនឯង​ត្រូវ​គ្រប់​រឿង ឯ​ភាគី​ម្ខាង​ទៀត​ខុស​រហូត។

ពេល​នោះ​ យើង​ប្រាកដណា​ស់​ថា​ មិនអាច​ចុះ​សម្រុង​គ្នា ហើយ​ពេល​នោះ​ យើងក៏​ចាប់ផ្តើម​លែង​មាន​ជំ​នឿ​ចិត្ត ​បន្ទាប់មក​យើង​ក៏​ឈានទៅរក​ការបែកបាក់​គ្នា ​និ​ស្ស័​យ​ក៏​ចាប់ផ្តើម​អស់ ពី​មនុស្ស​ស្គាល់គ្នា​ ក្នុងឋានៈ​ជា​សង្សារ​ក៏​ក្លាយ ទៅជា​អ្នកដទៃ​លែង​ជា​អ្វី​នឹង​គ្នា ហើយ​ជា​អ្នកដទៃ​ដែល​ គ្មាន​ថ្ងៃ​ត្រូវ​គ្នា​ ឬ​ជួប​មុខ​គ្នា​អស់​មួយជីវិត៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial