បុរសម្នាក់ត្រូវក្រុមគ្រួសារ ដាក់ច្រវ៉ាក់ និងឃុំឃាំងខ្លួនអោយរស់នៅក្នុង បន្ទប់តូចឆ្ងាយពីគេឯង អស់រយៈពេល ១២ ឆ្នាំ ព្រោះតែជំងឺផ្លូវចិត្ត

បុរសម្នាក់ដែលមានឈ្មោះថា Wang Zhiqiang ត្រូវរស់នៅក្នុងបន្ទប់តូចចង្អៀតមួយ នៅខាងក្រៅផ្ទះ ហើយត្រូវបានគេដាក់ច្រវ៉ាក់ អស់រយៈពេលជាង ១០ ឆ្នាំ។ Zhiqiang ជាមនុស្សអភ័ព្វដែលកើតមក ជាមនុស្សគថ្លង់។

យោងតាមប្រពភព័ត៌មាន Sina បានប្រាប់អោយដឹងថា បុរសកំសត់នោះត្រូវបានគេ ដាក់នៅក្នុងបន្ទប់ឃុំឃាំងតូចមួយ នៅជិតផ្ទះរបស់ខ្លួន នៅឯទីក្រុងដេនហ្វេង ខេត្តហឺណាន បន្ទាប់ពីគាត់ចាប់ផ្តើមមានបញ្ហាផ្លូវចិត្ត។

ពេលដែលគាត់នៅតូច ឪពុកម្តាយរបស់គាត់បានបញ្ជូនគាត់ ទៅសាលារៀនមួយសម្រាប់កុមារ ដែលត្រូវការថែទាំងជាពិសេស។

ខណៈពេលដែលគាត់នៅសាលារៀន ក៏ត្រូវបានក្មេងៗដែលឆ្លាតជាងគាត់ សម្លុតនិងធ្វើបាបជានិច្ច ដែលជាហេតុធ្វើអោយគាត់ ទទួលរងនូវការប៉ះទង្គិចយ៉ាងខ្លាំង។

មិនយូរប៉ុន្មានគាត់ក៏ទទួលរងនូវជំងឺផ្លូវចិត្តធ្ងន់ធ្ងរ ដែលធ្វើអោយអ្នកដទៃអាចមានគ្រោះថ្នាក់ដោយសារគាត់។​

ម្តាយរបស់គាត់ ដែលមានឈ្មោះថា Yue Rong មានវ័យ ៧៧ ឆ្នាំបានប្រាប់អោយដឹងថា គាត់មិនអាចទៅសាលារៀនបានទៀតទេ ហើយស្ថានភាពសុខភាពរបស់គាត់ ក៏កាន់តែអាក្រក់ឡើងៗ ពេលដែលនៅក្នុងផ្ទះ។

ដោយគ្មានលុយដើម្បីព្យាបាលគាត់ ឪពុកម្តាយរបស់គាត់ ក៏បានធ្វើការសំរេចចិត្តដ៏លំបាកមួយ ក្នុងការដាក់អោយគាត់រស់នៅតែម្នាក់ឯង ដាច់ឆ្ងាយពីអ្នកដទៃ។

លោកយាយ Rong ដែលជាម្តាយ បានធ្វើការបកស្រាយថា «ស្ថានភាពដ៏អាក្រក់របស់គាត់ គឺនៅពេលដែលវា (កូនប្រុសរបស់គាត់) ចេញវាយធ្វើបាបអ្នកស្រុកអ្នកភូមិ។  ខ្ញុំគ្មានជម្រើស មានតែចាប់វាដាក់ច្រវ៉ាក់ ហើយឃុំឃាំងនៅក្នុងបន្ទប់។ វាមានរយៈពេលជាង ១០ ឆ្នាំហើយ»។

នៅពេលដែលឪពុករបស់គាត់ស្លាប់ ម្តាយរបស់គាត់បង្ខំចិត្ត យកគាត់ទៅដាក់នៅក្នុងបន្ទប់តូចមួយ ដែលនៅជិតផ្ទះរបស់គាត់។

ម្តាយរបស់គាត់និយាយទៀតថា «នៅពេលដែលឪពុករបស់វា នៅរស់ គាត់អាចថែរក្សាវាបាន ប៉ុន្តែនៅពេលដែលឪពុករបស់វាស្លាប់ ខ្ញុំមិនអាចគ្រប់គ្រងវាបានទេ»។

អ្នកស្រី Wang Shufen ដែលមានវ័យ ៥០ ឆ្នាំ ត្រូវជាបងស្រីរបស់ Zhiqiang បានសម្តែងសេចក្តីទុក្ខសោក ចំពោះស្ថានភាពប្អូនប្រុសរបស់គាត់។

អ្នកស្រីបាននិយាយថា «ខ្ញុំចង់អោយអ្នកដែលត្រូវគេដាក់ច្រវ៉ាក់គឺជារូបខ្ញុំ ហើយប្អូនប្រុសរបស់ខ្ញុំមានសេរីភាព»។

គាត់បន្តទៀតថា «ខ្ញុំសែនស្រណោះនៅពេលដែល ប្អូនប្រុសរបស់ខ្ញុំស្រែកសុំអង្វរ អោយគ្រួសាររបស់ខ្ញុំ ដោះលែងគាត់ចេញពីទីនោះខ្លាំងណាស់»៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial