ស្ត្រីមេម៉ាយកូនមួយម្នាក់ ទ្រហោរយំនៅមុនមន្ទីរពេទ្យ ព្រោះគ្មានប្រាក់ព្យាបាលកូនប្រុស ធ្វើអោយមហាជនជាច្រើននាក់ស្រក់ទឹកភ្នែក

រូបថតប៉ុន្មានសន្លឹករបស់ស្ត្រីមេម៉ាយ ទ្រហោរយំអោបកូន ព្រោះគ្មានលុយព្យាបាលកូនឈឺ កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អ្នកនិយមលេងអ៊ីនធើណេតនៅប្រទេសចិន។

ស្ត្រីមេម៉ាយរូបនោះ បានយកកូនចេញមន្ទីរពេទ្យ បន្ទាប់ពីនាងគ្មានប្រាក់ បង់ថ្លៃព្យាបាលកូនប្រុសរបស់នាងបន្តទៀត។

បន្ទាប់ពីមានការផ្ទុះឡើង នូវព័ត៌មានដ៏រំជួលចិត្តនេះហើយ មានអ្នកនិយមលេងអ៊ីនធើណេតជាច្រើននាក់ បានពិភាក្សាគ្នាអំពីបញ្ហាលំបាក នៃការថែទាំសុខភាពនៅក្នុងប្រទេសចិន។

ស្ត្រីមេម៉ាយកូនមួយ ដែលមានជំងឺធ្ងន់ធ្ងររូបនោះ មានឈ្មោះថា Guo Yinzhen អាយុ ៤៥ ឆ្នាំ។

នាងជាអ្នកទទួលបន្ទុកមើលថែ កូនប្រុសរបស់អ្នក ដែលមានអាយុ ៣ ឆ្នាំ តែម្នាក់ឯង បន្ទាប់ពីលែងលះជាមួយនឹងស្វាមី។

ម្តាយកូនដ៏កំសត់ពីរនាក់នេះ រស់នៅក្នុងភូមិតូចមួយ នៅក្នុងស្រុក Datian ខេត្ត Fujian។

អ្នកស្រី Yinzhen គឺកម្មកររោងចក្រ ប៉ុន្តែនាងបាត់បង់ការងារ បន្ទាប់ពីសម្រាលកូនរបស់នាងរួច។ ទោះបីជាយ៉ាងណាក៏ដោយ ឪពុកម្តាយរបស់អ្នកស្រី ដែលជាអ្នកបេះស្លឹកតែ ក៏បានជួយឧបត្ថម្ភក្នុងការរស់នៅ របស់អ្នកស្រី និងកូនប្រុសផងដែរ។

កូនប្រុសរបស់អ្នកស្រីដែលមានឈ្មោះថា Zhenghan ទទួលរងនូវការកើតជំងឺ មានជាតិទឹកក្នុងលលាដ៏ក្បាលពីកំណើត។ គេត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីជំងឺនេះរើឡើង។

ជាអកុសល ការចំណាយបានកើនឡើង ហើយម្តាយកូនទាំងពីរនាក់នេះ គ្មានលទ្ធភាពបន្តការព្យាបាល ក៏សម្រេចចិត្តចាកចេញពីមន្ទីរពេទ្យតែម្តង។

Yinzhen ត្រូវការប្រាក់​ប្រហែល ១០០,០០០ យន់ (ជាង ១៥.០០០ដុល្លា) សម្រាប់ការព្យាបាលបន្ថែមទៀត ប៉ុន្តែគ្រូសាររបស់នាងបានជំពាក់បំណុលគេ ៤៧,០០០ដុល្លារួចទៅហើយ។

សរុបមកពួកគេបានចំណាយ យ៉ាងហោចណាស់ ៤០០.០០០ យន់ (ជាង ៦០.០០០ដុល្លា) លើការព្យាបាលរបស់ Zhenghan ដែលរួមមានការវះកាត់ ៣ លើក និងការសម្រាកនៅមន្ទីរពេទ្យមុនៗទៀតផង។

រឿងនេះបានជំរុញអោយមាន កិច្ចសន្ទនាអំពីការថែទាំសុខភាព របស់ប្រទេសចិន ដែលមានការជាប់ទាក់ទងនឹង hukou រឺប្រព័ន្ធចុះបញ្ជីគ្រួសារ។

យោងតាម What’s on Weibo ការធានារ៉ាប់រងសុខភាព តាមជនបទដែលឧបត្ថម្ភដោយរដ្ឋាភិបាល មិនត្រូវបានអនុវត្ត នៅក្នុងខេត្តផ្សេងៗគ្នាទេ ដូច្នេះឪពុកម្តាយ Zhenghan ត្រូវតែចំណាយនៅពេលដែល ធ្វើដំណើរមកព្យាបាលដោយខ្លួនឯង។

ទោះបីយ៉ាងណាក៏ដោយ ក៏អរគុណដល់ប្រព័ន្ធអ៊ីនធើណេត ដែលរហ័សទាន់ចិត្ត បន្ទាប់ពីរូបថតប៉ុន្មានសន្លឹករបស់ ម្តាយកូនពីរនាក់នេះ ល្បីល្បាញនៅលើបណ្តាញសង្គមនោះ ៣ រឺ ៤​ថ្ងៃក្រោយមក ពួកគេក៏បានហោះទៅសៀងហៃ ដោយមានការជួយជុំជ្រែងពីមូលនិធិ Xiaoxingxin។

តាមរយៈការជួយរបស់មូលនិធិនេះ កុមារា Zhenghan ក៏អាចមានលទ្ធភាពទទួលការវះកាត់ដ៏ចាំបាច់មួយផ្សេងទៀត។

យោងតាមការប្រកាសរបស់មូលនិធិនេះ បានអោយដឹងថាមេរោគ ដែលឆ្លងទៅក្នុងខួរក្បាលរបស់ Zhenghan ត្រូវបានជាសះស្បើយបន្តិចម្តងៗ ហើយខួរក្បាលរបស់គេ ក៏វិវត្តទៅរកភាពល្អប្រសើរវិញដែរ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial