នារីអ្នកដំណើរម្នាក់ត្រូវបង្ខំ អោយបង់ពន្ធនៅ នាយកដ្ឋានគយប្រទេសថៃ ដោយសារតែ កាបូបប្រេនរបស់នាងចេញថ្មីបំផុត

អ្នកប្រហែលជាភ្ញាក់ផ្អើលណាស់មែនទេ នៅពេលដែលលឺរឿងនេះ? អ្នកដំណើរម្នាក់ ពិតជាស៊យខ្លាំង ដែលត្រូវបានឃាត់ដំណើរ ហើយបង្ខំអោយបង់ពន្ធនៅ នាយកដ្ឋានគយនៃប្រទេសថៃ ដោយសារតែកាបូបប្រេន របស់នាងចេញថ្មីបំផុត។

នាយកដ្ឋានគយថៃបានប្រកាសថា អ្នកដំណើរដែលមានកាន់របស់ផ្ទាល់ខ្លួន ដែលមានតម្លៃចាប់ពី ២០,០០០បាតឡើងទៅ (តម្លៃប្រហាក់ប្រហែល 640ដុល្លា) គួរតែប្រកាសជាមុន នៅពេលដែលចេញ រឺចូលទៅក្នុងប្រទេសថៃ។ របស់របរទាំងនោះរួមមាន កុំព្យូរទ័រយួរដៃ គ្រឿងអេឡិចត្រូនិចផ្សេងៗ របស់ប្រេនៗ ហើយនឹងកាមេរ៉ាជាដើម។

ទោះបីជាអាជ្ញាធរបាននិយាយថា អ្នកដំណើរអាចជ្រើសរើសថា តើពួកគេចង់ប្រកាសពី ទ្រព្យសម្បត្តិផ្ទាល់ខ្លួន រឺអត់ក៏ដោយ ប៉ុន្តែពួកគេសុទ្ធតែបានណែនាំ ដល់អ្នកដំណើរទាំងអស់ ដែលមានកាន់របស់របរថ្លៃៗបែបនេះ។

ការប្រកាសបែបនេះគឺ ដើម្បីការពារអ្នកដំណើរទាំងអស់ ពីការបង់ពន្ធនៅពេលដែល ពួកគេចេញចូលប្រទេសថៃ ដោយមានកាន់របស់របរថ្លៃ ព្រោះពួកគេអាចបង្ហាញ ដល់គយថៃថារបស់ទាំងនោះ គឺជាកម្មសិទ្ធរបស់ពួកគេ។

ទោះបីជាយ៉ាងណាក៏ដោយ, អ្នកនិយមលេងអ៊ីនធើណេតថៃម្នាក់ បានបង្ហោះនៅលើបណ្តាញសង្គម កាលពីថ្ងៃទី ១៦ មិនា បន្ទាប់ពីនាង ត្រូវបានគេបង្ខំអោយបង់ពន្ធ ២០,០០០បាត (ប្រហាក់ប្រហែល ៦៤០ដុល្លា) ទៅលើកាបូបប្រេនរបស់នាង នៅពេលដែលនាងចូលប្រទេសថៃ។

មន្ត្រីគយបាននិយាយ៖
«នេះគឺជាកាបូបថ្មីដែលចេញក្រោយបំផុត។ សម្រាប់កាបូបប្រេន ដែលចេញថ្មីចុងក្រោយបំផុត សម្រាប់ឆ្នាំ ២០១៨ គឺត្រូវតែបង់ពន្ធ»។

ម្ចាស់កាបូបរូបនោះ ស្រឡាំងកាំងយ៉ាងខ្លាំង នៅពេលដែលកើតរឿងនេះឡើង។ នាងបានទិញកាបូបនេះ កាលខែកុម្ភៈឆ្នាំ ២០១៨ ហើយនៅពេលដែល នាងចាកចេញពីប្រទេសថៃ នាងក៏បានយួរកាបូបនេះដែរ។

ទោះបីជាយ៉ាងណាក៏ដោយ គេជឿថានាងមិនបានប្រកាសពីកាបូបនោះទេ នៅពេលដែល នាងចាកចេញពីប្រទេស ដែលជាហេតុធ្វើអោយ មន្ត្រីគយជឿជាក់ថា នាងបានទិញវាពីក្រៅប្រទេសមក។

បន្ទាប់មកនាយកដ្ឋាយគយ បានចេញផ្សាយនូវសេចក្តីជូនដំណឹងមួយ​ ដែលឆ្លើយតបនឹងសំនួរជាច្រើនថា៖

«ប្រសិនបើអ្នកដំណើរព្យាយាម ប្រឆាំងនឹងច្បាប់ដោយមានចេតនា យករបស់ដែលមានតម្លៃ ២១,០០០បាត (ប្រហាក់ប្រហែល 672ដុល្លា) ចូលមកក្នុងប្រទេសថៃ តាមបច្ចេកទេសយើងអាច ចាប់ខ្លួនពួកគាត់បាន ប៉ុន្តែពួកយើងក៏អាចបិទភ្នែកម្ខាង ហើយអាចអោយគាត់ទៅបានដែរ។

«ទោះបីជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកដំណើរកាន់របស់ ដែលមានតម្លៃជាង ៣០,០០០បាតឡើងទៅ (ប្រហាក់ប្រហែល 959.70ដុល្លា) យើងនឹងត្រូវគិតពន្ធយ៉ាងពិតប្រាកដ»។

ការចេញសេចក្តីជូនដំណឹងនេះ ធ្វើអោយមហាជនជាច្រើន មានការយល់ច្រលំថា វាហាក់ដូចជាមន្ត្រីគយ អាចសម្រេចចិត្តថា អ្នកដំណើរត្រូវបង់ពន្ធ រឺអត់អាស្រ័យលើអារម្មណ៍របស់ពួកគេ។

គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទី ១ ទេ ដែលអ្នកដំណើរមានបញ្ហានេះជាមួយនឹងនាយកដ្ឋានគយថៃ។ ករណីស្រដៀងគ្នានេះ ក៏ធ្លាប់កើតមានឡើងលើជនជាតិម៉ាឡេស៊ីពីរនាក់ដែរ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial