ខាតធំហើយហ្វេសប៊ុក៖ ត្រឹមរយៈពេល ១០ ថ្ងៃ ហ្វេសប៊ុកបាត់បង់ទឹកប្រាក់ចំនួន ៧០ ពាន់លាន់ដុល្លា ហើយអ្នកផ្សាយពាណិជ្ជកម្មទាំងអស់ កំពុងដកខ្លួនចេញ

ចាប់តាំងពីរកឃើញថាក្រុមហ៊ុន Cambridge Analytica បានប្រមូលទិន្នន័យ ពីអ្នកប្រើប្រាស់គណនីហ្វេសប៊ុកចំនួន ៥០ លានគណនីរួចមក ភាគហ៊ុនរបស់ហ្វេសប៊ុក ក៏ត្រូវបានធ្លាក់ចុះ។

នៅថ្ងៃទី ១៦ ខែមិនា ឆ្នាំ ២០១៨ ភាគហ៊ុនរបស់ពួកគេ មានតម្លៃ ១៨៤.៤៩ ដុល្លា ធ្លាក់សល់ត្រឹមតែ ១៦០.៨២ ដុល្លា គឺធ្លាក់ចុះជិត ១៣ ភាគរយ ក្នុងរយៈពេលត្រឹមតែ ១០ ថ្ងៃប៉ុណ្ណោះ។ លទ្ធផលនៃការធ្លាក់ចុះនេះ ធ្វើអោយហ្វេសប៊ុកបាត់បង់ទឹកប្រាក់ចំនួន ៧០ ពាន់លានដុល្លា។

គណៈកម្មការពាណិជ្ជកម្មសហព័ន្ធអាមេរិក (FTC) បានប្រកាសកាលពីម្សិលមិញថា ខ្លួននឹងបានបើកការស៊ើបអង្កេតលើហ្វេសប៊ុក ដែលជាធម្មតាស៊ើបទៅលើករណី ផលប្រយោជន៍សាធារណៈ ។

FTC ស៊ើបអង្កេតថាតើ Facebook បានរំលោភលើសេចក្តីបង្គាប់ ដែលខ្លួនបានសម្រេចជាមួយនឹង FTC នៅក្នុងឆ្នាំ ២០១១ អំពីការអនុវត្តន៍សិទ្ធឯកជនរបស់ខ្លួនដែររឺទេ។

ប្រសិនបើ FTC រកឃើញថា Facebook បានរំលោភលើលក្ខខណ្ឌទាំងនេះពិតមែន Facebook នឹងត្រូវផាកពិន័យជាទឹកប្រាក់រាប់ពាន់ដុល្លា ក្នុងមួយថ្ងៃសម្រាប់ការរំលោភបំពាននេះ។

ទន្ទឹមនឹងការធ្លាក់ចុះនៃតម្លៃទីផ្សារ មានអ្នកផ្សាយពាណិជ្ជកម្ម និងក្រុមហ៊ុនជាច្រើនបានដក Facebook ចេញពីយុទ្ធសាស្ត្រទីផ្សាររបស់ពួកគេ។

ក្នុងនោះរួមមាន ក្រុមហ៊ុនជាច្រើនដូចជា Pep Boys, Sonos, Mozilla, Commerzbank AG ហើយនឹង ISBA សុទ្ធតែបានផ្អាកសកម្មភាព ផ្សាយពាណិជ្ជកម្មរបស់ពួកគេ នៅលើហ្វេសប៊ុកទាំងអស់។

Elon Musk ក៏បានលុបទំព័រហ្វេសប៊ុករបស់ Tesla និង SpaceX ផងដែរ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial