គូស្នេហ៍និស្សិតវ័យក្មេងមួយគូ ធ្វើអោយមនុស្សច្រើននាក់ ស្រក់ទឹកភ្នែក បន្ទាប់ពីរឿងរ៉ាវនៃការស្លាប់របស់ពួកគេ ត្រូវបានផ្ទុះឡើងនៅលើបណ្តាញសង្គម

គូស្នេហ៍និស្សិតវ័យក្មេងមួយគូនេះ ធ្វើអោយអ្នកនិយមលេង អ៊ីនធើណេតជាច្រើននាក់ រំជួលចិត្តជាខ្លាំង នៅពេលដែលពួកគេ បានដឹងរឿងរ៉ាវដ៏រន្ធត់ចិត្តមួយ អំពីការស្លាប់របស់ពួកគេទាំងពីរនាក់។

គូស្នេហ៍នេះបានស្លាប់នៅ ថ្ងៃជាមួយគ្នា។ អ្វីដែលនឹកស្មានមិនដល់នោះ គឺពួកគេក៏កើតថ្ងៃខែឆ្នាំជាមួយគ្នាផងដែរ។ វាសនាបានបណ្តាលអោយពួកគេ បានជួបគ្នា ហើយស្រលាញ់គ្នា។ រឿងរ៉ាវរបស់ពួកគេពិតជា គួរអោយអាណិត និងរន្ធត់ចិត្តខ្លាំងណាស់។

យោងតាមសារព័ត៌មានមួយ បានសរសេរថា, គូស្នេហ៍ទាំងពីរនាក់ជា និស្សិតផ្នែកស្ថាបត្យកម្ម។

ពួកគេជួបគ្នាដំបូង ដោយចៃដន្យ នៅពេលដែល ភាគីខាងប្រុសបាន ជ្រុះអត្តសញ្ញាណប័ណ្ណរបស់គាត់, ហើយភាគីខាងស្រីជាអ្នករើសបាន នឹងបានប្រគល់វាទៅអោយគាត់វិញ។

ដោយសារតែ អត្តសញ្ញាណប័ណ្ណនេះឯង បានជាធ្វើអោយ ពួកគេទាំងពីរនាក់បានជួបគ្នា ហើយប្រទះឃើញថា ពួកគេកើតនៅថ្ងៃខែឆ្នាំជាមួយគ្នា គឺនៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ១៩៩៧។

ទាំងពីរនាក់មានអារម្មណ៍ថា ដូចជាទេវតាចារអោយ ពួកគេបានជួបគ្នា ដូច្នេះពួកគេក៏សម្រេចចិត្តថា ប្តូរលេខទូរស័ព្ទគ្នាទៅវិញទៅមក។ មិនយូរប៉ុន្មាន, ទំនាក់ទំនងរបស់ពួកគេ ក៏កាន់តែជិតសិទ្ធ រហូតក្លាយទៅជាស្នេហាដ៏ផ្អែមល្ហែម។

ភាពចៃដន្យរបស់ពួកគេ ហាក់ដូចជាមិនមែនត្រឹមតែ ថ្ងៃខែឆ្នាំកំណើតតែប៉ុណ្ណោះទេ។ ពួកគេថែមទាំងរកឃើញថា ផ្ទះរបស់ពួកគេក៏មាន លេខដូចគ្នាផងដែរ គឺលេខ ៣ ហើយពួកគេរស់នៅក្នុង គ្រួសារដែលមានតែម្ខាង (ម្តាយ រឺឪពុកស្លាប់ម្ខាងៗ)។

លើសពីនេះទៀត, លេខឡានកន្ទុយចុងក្រោយរបស់ពួកគេ ក៏ដូចគ្នាដែរ គឺលេខ ៣៩។ នៅលើលោកតើមានទេ ភាពចៃដន្យបែបនេះ?

ស្នេហារបស់ពួកគេរីកលូតលាស់ល្អ ហើយពួកគេសប្បាយរីករាយ ពេលដែលនៅក្បែរគ្នា។ គ្រប់យ៉ាងទៅមុខដោយរលូន, ស្រាប់តែថ្ងៃមួយ មានរឿងហេតុដ៏រន្ធត់ចិត្តមួយ បានកើតលើពួកគេ។

នៅថ្ងៃកើតហេតុ, បន្ទាប់ពីបញ្ចប់ការងាររបស់ពួកគេរួច, ទាំងពីរនាក់ក៏ជិះចេញទៅក្រៅ ដើម្បីញ៉ាំអីជាមួយគ្នា។ ជាអកុសល, ពួកគេជួបគ្រោះថ្នាក់ចរាចរណ៍ ដែលឆក់យកជីវិតរបស់ពួកគេទាំងគូតែម្តង។

នៅថ្ងៃទី ២៥ ខែកុម្ភៈ, ទាំងពីរនាក់បានជិះរថយន្តម៉ាក Suzuki, ស្រាប់តែមានរថយន្តមួយ ដែលជិះបញ្ច្រាសទិសគ្នា បានមកបុករថយន្តរបស់ពួកគេ យ៉ាងពេញទំហឹង។ ពួកគេទាំងពីរនាក់ស្លាប់នៅនឹង កន្លែងកើតហេតុ។

ប៉ូលីសមានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលពិនិត្យមើលទៅលើ អត្តសញ្ញាណប័ណ្ណ របស់ពួកគេទាំងពីរនាក់។

បន្ទាប់ពីសោកនាដកម្មដ៏រន្ធត់នេះ, គ្រួសារទាំងសងខាង ក៏បានសម្រេចចិត្តថា រៀបចំពិធីបុណ្យសព ពួកគេជាមួយគ្នា ដើម្បីអោយពួកគេ អាចរស់នៅជាមួយគ្នា សមតាមបំណង។

សពពួកគេទាំងពីរនាក់ បូជាកាលពីថ្ងៃទី ៣​ ខែមីនាកន្លងទៅ។

នៅក្នុងពិធីបុណ្យសពរបស់ពួកគេ, ដាក់សុទ្ធតែរូបថតដែលពួកគេទាំងពីរនាក់ បានថតរួមគ្នាកាលនៅរស់។

ពិតជាមិនគួរអោយជឿទាល់តែសោះថា នៅលើលោកនេះមានរឿងចៃដន្យច្រើនយ៉ាងនេះ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial