មេដឹកនាំដ៏អាក្រក់បំផុតទាំង ៧ រូប ក្នុងប្រវត្តិសាស្ត្របុរាណ

ការដឹកនាំរបស់ស្តេច រឺមេដឹកនាំនាៗ នៅក្នុងជុំវិញពិភពលោក សុទ្ធតែត្រូវបានគេ​ កត់ត្រាទុកជាប្រវត្តិសាស្ត្រ។ ខណៈពេលដែល​ មេដឹកនាំមួយចំនួន បានគិតគូរដល់ប្រជាជនរបស់ខ្លួន, ក៏មានមេដឹកនាំដទៃទៀត ដែលគិតគូរតែ ប្រយោជន៍ផ្ទាល់ខ្លួនតែប៉ុណ្ណោះ។

អំពើអត្មានិយមរបស់ពួកគេ បាននាំអោយមាន​ការ រំលោភបំពាន​យ៉ាងខ្លាំងក្លា ដែលបណ្តាលអោយមាន ឃាតកម្ម និងការបំផ្លាញជីវិតរាប់មិនអស់។ ថ្ងៃនេះយើងនឹង​បង្ហាញ មុខ​មេដឹកនាំ ដែលអាក្រក់បំផុតទាំង ៧ រូប នៅក្នុងប្រវត្តិសាស្ត្របុរាណ៖

១. Herod the Great
Herod the Great គឺជាអ្នកគ្រប់គ្រងដ៏អាក្រក់បំផុត ដែលសម្លាប់ក្មេងប្រុស​ជាច្រើននាក់ ដើម្បីព្យាយាមតាមសម្លាប់ព្រះយេស៊ូវ។ អ្នកប្រវត្តិសាស្ត្របុរាណ​ម្នាក់ ដែលមាន​ឈ្មោះថា Josephus បានកត់ត្រា​នូវអំពើអាក្រក់​ជាច្រើនរបស់គាត់។

គាត់បានសម្លាប់មនុស្ស​ជាច្រើននាក់ដូចជា, កូនប្រុសទាំង ៣ នាក់របស់គាត់, រូមទាំងប្រពន្ធ​ជាទីស្រលាញ់​របស់គាត់ទាំង ១០នាក់, ពួកបុព្វជិត, ម្តាយក្មេក, ឪពុកមារបស់គាត់​ពីរបីនាក់, ហើយក៏ត្រូវបានគេនិយាយថា គាត់​គ្រោងនឹងរុះរើ​ពហុកីឡាដ្ឋានរបស់​​មេដឹកនាំ Jewish ថែមទៀតផង។

២. Nero
នៅពេលដែលអធិរាជរ៉ូមុំា Nero បានឡើងកាន់អំណាច បន្ទាប់ពីឪពុកចិញ្ចឹមរបស់ទ្រង់ ទទួលមរណភាព, ទ្រង់ក៏ចាប់ផ្តើមប្រព្រឹត្តអំពើឃោឃៅបន្តិចម្តងៗ។ ជាដំបូងទ្រង់បានសម្លាប់ម្តាយរបស់ទ្រង់ ព្រះនាម Agrippina the Younger, ហើយបន្ទាប់មកទៀត ទ្រង់ក៏បានសម្លាប់ភរិយាទី ១ និងទី ២របស់ទ្រង់។

នៅទីបំផុត, ទ្រង់បានរៀបចំគម្រោង ដុតទីក្រុងទាំងមូលចោល, ដែលការឆេះនោះត្រូវបានគេហៅថា Great Fire of Rome។ លោក Suetonius បានសរសេរថា អធិរាជ Nero ដុតទីក្រុងនោះចោល ដើម្បីយកកន្លែង សម្រាប់សាងសង់វិមានមាសរបស់ទ្រង់។

យោងតាមការកំណត់ត្រា បានអោយដឹងថា អគ្គីភ័យនោះ បានឆេះរយៈពេលជាង​ ១ សប្តាហ៍។ ស្រុក ៣ រឺ ៤ របស់ទីក្រុងរ៉ូម ត្រូវបានបំផ្លាញ ហើយស្រុកចំនួន ៧ ផ្សេងទៀត រងការខូចខាតយ៉ាងធ្ងន់ធ្ងរ។

បន្ទាប់មកទ្រង់បានទំលាក់កំហុស ទៅលើពួកគេគ្រីស្ទាន ហើយបានចាប់ពួកគេ មកធ្វើទុក្ខទារុណកម្ម និងសម្លាប់ពួកគេចោល។ ទីបំផុតទ្រង់ក៏សម្លាប់ខ្លួនឯង។

៣. Caligula​
ឈ្មោះ Caligula នេះមានន័យដូចគ្នាទៅនឹងពាក្យ ឃោរឃៅ, វិកលចរិត និងអាក្រក់។ Caligula ត្រូវបានកត់ត្រាចូលទៅក្នុងបញ្ជី អ្នកកាន់អំណាចផ្តាច់ការ នៅក្នុងប្រវត្តិសាស្ត្រ។

Caligula បានប្រកាសថាខ្លួនគឺជាព្រះ។ អ្វីដែលកាន់តែអាក្រក់ លើសពីការកាន់អំណាចផ្តាច់ការនោះគឺ Caligula បានដេកជាមួយនឹង ប្អូនស្រីបង្កើតរបស់ខ្លួន និង ប្រពន្ធរបស់អ្នកដទៃ​ជាច្រើននាក់ផ្សេងទៀត ហើយថែមទាំងមានអំនួតទៅលើទង្វើរបស់ខ្លួន។

គាត់ចាយយ៉ាងខ្ជះខ្ជាយ ខណៈពេលដែល ប្រជាជនរបស់គាត់កំពុងអត់ឃ្លាន។ ក្រៅពីទង្វើដ៏អាក្រក់ទាំងនេះហើយ, គាត់អង្គុយហូបបាយល្ងាច មើលគេកាប់មនុស្សពាក់កណ្តាលខ្លួនធ្វើព្រងើយ។

៤. ស្តេច John
ស្តេច John គឺជាស្តេចអង់គ្លេសមួយអង្គ ដែលគេចាត់ទុកថាជាស្តេច ដ៏អាក្រក់បំផុតនៅក្នុងប្រវត្តិសាស្ត្រអង់គ្លេស។ គាត់ព្យាយាមលួចយក រាជ្យបល្ល័ង្កពីបងប្រុសរបស់គាត់។

នៅពេលដែលគាត់ចាប់បានសត្រូវ, គាត់នឹងបោះចូលទៅក្នុងប្រាសាទមួយ ហើយបង្អត់អាហារទាល់តែពួកគេស្លាប់។

ដើម្បីបង្កើតកងទ័ពដ៏ធំ និងកងនាវា, គាត់បានយកពន្ធយ៉ាងច្រើនពីអង់គ្លេស, យកដីពី Nobles, ហើយបានដាក់គុក និងធ្វើទុក្ខទារុណកម្ម ដល់សាសន៍យូដា រហូតទាល់តែពួកគេព្រម ធ្វើតាមនូវអ្វីដែលគាត់ចង់បាន។ គាត់បានស្លាប់ដោយសារ ជំងឺរាគមួល នៅខែតុលាឆ្នាំ ១២១៦។

៥. ស្តេចស្រី Wu Zetian
ស្តេចស្រី Wu Zeitan គឺជាមេដឹកនាំស្រីម្នាក់ នៅក្នុងចំណោម​ មេដឹកនាំស្រីពីរបីនាក់ នៅក្នុងប្រវត្តិសាស្ត្របុរាណ របស់ប្រទេសចិន។ រឿងរ៉ាវរបស់ព្រះនាង គឺគួរអោយចាប់អារម្មណ៍ខ្លាំងណាស់។

ព្រះនាងក្លាយទៅជា ស្តេចស្រីដោយសារតែ ធ្វើជាស្រីស្នំ។ ព្រះនាងមានសត្រូវច្រើនណាស់។ ព្រះនាងក៏មាន រឿងអាស្រូវអាក្រក់ៗ ជាច្រើនដូចជា រឿងអាស្រូវផ្លូវភេទ, ការធ្វើឃាតកម្មសម្លាប់ប្តីខ្លួន, ការសម្លាប់សមាជិកគ្រួសារជាច្រើននាក់, ការខ្ទប់ដង្ហើមកូនស្រីរបស់ខ្លួន ដែលទើបនឹងកើត, ហើយទំលាក់កំហុសទៅលើ ដៃគូប្រជែងចាស់របស់ព្រះនាង ហើយបន្ទាប់មក បញ្ជារអោយគេ យកនាងទៅធ្វើទារុណកម្ម និងជ្រមុជទឹកសម្លាប់ចោល។

៦. Timur
Timur កើតនៅឆ្នាំ ១៣៣៦, ហើយបានក្លាយជា អ្នកកាន់កាប់អំណាច ដ៏ឃោរឃៅ និងសម្លាប់រង្គាលនៅអាស៊ី និងមជ្ឈឹមបូព៌ា។ នៅពេលដែល Timur បានដណ្តើមយកតំបន់ខ្លះ នៃប្រទេសរុស្ស៊ី ហើយបានកាន់កាប់ទីក្រុងម៉ូស្គូនោះ, ការបះបោរបាន កើតមានឡើងនៅ Persia ខណៈពេលដែលគាត់នៅឆ្ងាយ។

ការឆ្លើយតបដ៏ឃោរឃៅរបស់គាត់គឺ គាត់បានកំទេចទីក្រុង របស់ពួកគេចោល ហើយបានសម្លាប់ប្រជាជនយ៉ាងរង្គាល, ហើយយកលលាដ៍ក្បាលរបស់ពួកគេ មកសាងសង់ជាប៉មជាច្រើន។ មិនថានៅឥណ្ឌា រឺទីក្រុងបាដាដនោះទេ, គ្រប់ទីកន្លែង ដែលគាត់ទៅដល់ លទ្ធផលគឺការសម្លាប់រង្គាល និង ការបំផ្លិចបំផ្លាញ។

៧. Genghis Khan
Genghis Khan គឺជាស្តេចក្រាញ់ម៉ុងហ្គោលី ដែលទទួលបានជោគជ័យ ក្នុងការច្បាំងយកឈ្នះរបស់គាត់។ គាត់បានគ្រប់គ្រងលើ អាណាចក្រដ៏ធំបំផុតមួយ នៅក្នុងប្រវត្តិសាស្ត្រ។

ជាការពិតណាស់, ការទទួលជោគជ័យនោះ បានមកដោយការ ចំណាយមនុស្សអស់យ៉ាងច្រើនសន្ធប់សន្ធប់។ គាត់ជាអ្នកទទួលខុសត្រូវ ចំពោះការស្លាប់របស់មនុស្ស ៤០ លាននាក់៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial