ទឹកចិត្តជាម្តាយសុខចិត្តដើរ ពីនាយធ្លាក់ដល់អាយ ព្រោះចង់យកអាហារអោយកូនស្រីញុំា ទោះបីជាកូនស្រីមិនបើកទ្វារ អោយចូលក៏ដោយ

អ្នកច្បាស់ជាឆ្ងល់ណាស់មែនទេ ថាតើហេតុអ្វីបានជាកូនស្រីរបស់ លោកយាយវ័យ ៧០ ឆ្នាំរូបនេះ មិនព្រមបើកទ្វារ អោយម្តាយចូល បើទោះបីជាម្តាយ ខំធ្វើដំណើរពីចម្ងាយ យ៉ាងនេះហើយ។ ទឹកចិត្តម្តាយធំធេងខ្លាំងណាស់ ហើយក៏ជាការស្រលាញ់ ដែលឥតព្រំដែនផងដែរ។ មិនថាកូនធំប៉ុណ្ណានោះទេ, សម្រាប់ម្តាយគឺកូននៅតែកូនក្មេង ហើយគាត់នៅតែមើលថែ។

តួយ៉ាងលោកយាយវ័យ ៧០ ឆ្នាំរូបនេះ, គាត់តែងតែធ្វើដំណើររយៈពេល ២​ ម៉ោងជារៀងរាល់ថ្ងៃ ដើម្បីមកសួរសុខទុក្ខ កូនស្រីរបស់គាត់ ហើយនឹងយកចំណីអាហារ អោយកូនស្រី ដែលជាស្ត្រីមេម៉ាយប្តីស្លាប់ចោល, បើទោះបីជានាងមិនព្រមបើកទ្វារ អោយលោកយាយចូលក៏ដោយ ក៏លោកយាយនៅតែមក។

យោងតាមសំដីរបស់អ្នកជិតខាង បាននិយាយថា, កូនស្រីរបស់លោកយាយ ពេលខ្លះក៏បើក ពេលខ្លះក៏មិនបើកទ្វារ។ អ្នកជិតខាងរូបនោះបន្តទៀតថា,​ កូនស្រីរបស់គាត់ មិនដែលចេញក្រៅផ្ទះរបស់នាងទេ ចាប់តាំងពីស្វាមីរបស់នាងស្លាប់បាត់។

ដោយព្រួយបារម្ភចំពោះកូនស្រី, លោកយាយក៏ធ្វើដំណើរ​ មកផ្ទះនាងជារៀងរាល់ថ្ងៃ ដោយគ្រាន់តែចង់ដឹងថា​ កូនស្រីរបស់គាត់មានអ្វីញុំាដែររឺទេ។

អ្នកជិតខាងដែលរស់នៅ Bedok Reservoir Road HDB ប្រទេសសិង្ហបុរី, តែងតែឃើញ លោកយាយឈរគោះទ្វាររាប់ម៉ោង ហើយអ្នកជិតជាច្រើននាក់ បានប្រាប់គាត់ថា ម្ចាស់ផ្ទះប្រហែលជាមិននៅទេ។ ទោះបីជាយ៉ាង, លោកយាយនៅតែជឿជាក់ថា កូនស្រីរបស់គាត់នៅខាងក្នុង ហើយនាងមិនព្រមបើកទ្វារ ដោយសារតែនាងសោកសៅ ដែលបាត់បង់ប្តីរបស់នាង។

ជារៀងរាល់ថ្ងៃ, អ្នកម្តាយវ័យ ៧០ ឆ្នាំរូបនោះ តែងតែមកដល់វេលាម៉ោង ៤ ល្ងាច ហើយត្រលប់ទៅវិញ នៅវេលាម៉ោង ៦ ល្ងាច ដោយមានកាន់កញ្ចប់អាហារនៅក្នុងដៃ។
គិតមកដល់ពេលនេះ មានរយៈពេលប្រហែល ៣ ឆ្នាំហើយ ដែលលោកយាយតែងតែធ្វើបែបនេះ។

លោកយាយបានប្រាប់ អ្នកជិតខាងផ្ទះកូនស្រីគាត់ថា, «នាងមិនដែលចេញក្រៅផ្ទះទេ ចាប់តាំងពីប្តីរបស់នាងស្លាប់។ ប្រសិនបើខ្ញុំមិនមកទេ, តើនាងបានបាយឯណាញុំា?»

ពេលខ្លះគេក៏ឃើញ កូនស្រីរបស់គាត់បើកទ្វារ ប៉ុន្តែបានត្រឹមទទួលយក បាយពីលោកយាយ ហើយក៏បិទទ្វារវិញ។ មានម្តងនោះ, គេបានឃើញលោកយាយ អង្គុយនៅបង់ខាងក្រៅអគារ។

ម៉ោងប្រហែលជា ៦​ ល្ងាច គាត់ក៏ឡើងទៅលើអគារ ហើយឈរគោះទ្វារផ្ទះ កូនស្រីគាត់ម្តងទៀត។ អ្នកជិតខាងដែលតាមមើលសកម្មភាព លោកយាយបានបន្តថា, បន្ទាប់ពីលោកយាយឈរគោះទ្វារយ៉ាងយូរ ទីបំផុតកូនស្រីរបស់គាត់ក៏បើក។

នាងមើលទៅហាក់ដូចជា ស្គមស្លេកស្លាំងខ្លាំងណាស់, ទំនងជានាងមានជំងឺបាក់ទឹកចិត្ត រឺជំងឺក្រៀមក្រំ។ លោកយាយសប្បាយចិត្តណាស់ ពេលដែលកូនស្រីរបស់គាត់ បើកទ្វារអោយគាត់, គាត់ក៏បានហុចកញ្ចប់បាយ ទៅកូនស្រីគាត់ ហើយនិយាយគ្នាមួយសន្ទុះ។ ប្រហែលជា​៣០​នាទីក្រោយមក, លោកយាយក៏លាកូនស្រីរបស់គាត់ ត្រលប់ទៅវិញ ទាំងទឹកមុខក្រៀមក្រំ។

ពិតជាគួរអោយអាណិតលោកយាយខ្លាំងណាស់!

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial