ដឹង​ថា​ Alves និយាយ​អី​ខ្លះ​ទេ​ មុន​ពេល​ Paris ប៉ះ​ Real Madrid ដោយ​គ្មាន​ Neymar ?

ក្រុម​ Paris St-Germain មាន​លទ្ធភាព​អាច​ផ្ដួល​ក្រុម​​​ស្ដេច​ស​មក​ពី​​អេស្ប៉ាញ​ Real Madrid​​ បាន​ បើ​ទោះ​បី​មិន​មាន​វត្តមាន​របស់​ខ្សែ​ប្រយុទ្ធ​ Neymar ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ខ្សែ​ការពារ​​ Dani Alves ។

Neymar ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ប្រេស៊ីល​ត្រូវ​បាន​គេ​រាយការណ៍​មក​ថា​គាត់​​ត្រូវ​​ឈរ​ជើង​នៅ​ក្រៅ​ទី​ប្រកួត​រហូត​ដល់​ចប់​រដូវកាល​​នេះ​ បន្ទាប់​ពី​​​ទទួល​ការ​វះកាត់​​របួស​បាក់​ប្រអប់​​ជើង​​។

និយាយ​ដល់​ក្រុម​ខ្លាំង​ប្រចាំ​លីក​កំពូល​បារាំង​​ PSG បាន​បរាជ័យ​ដោយ​លទ្ធផល​​ ៣-១ ក្រោម​​ថ្វី​ជើង​​របស់​ Real Madrid នៅ​ក្នុង​ជំនួប​នៃ​ពាន​រង្វាន់​ Champions League វគ្គ​ ១៦ ក្រុម​កាល​ពី​ជើង​ទី​មួយ​​ ខណៈ​ដែល​ការ​ប្រកួត​ជើង​ទី​ពីរ​នឹង​ត្រូវ​បាន​ប្រកួត​នា​រាត្រី​ថ្ងៃ​អង្គារ​នេះ​នៅ​ទឹក​ដី​របស់​ PSG វិញ​ម្ដង។

ហើយ​ទន្ទឹម​នឹង​ការ​ប៉ះ​គ្នា​ជើង​ទី​​ពីរ​ដោយ​មិន​មាន​វត្តមាន​របស់​ Neymar ដែល​បាន​រង​របួស​អំឡុង​ពេល​ PSG ឈ្នះ​ Marseille កាល​ពី​សប្ដាហ៍​មុន​ ខ្សែ​ការពារ​​នៃ​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​ Alves នៅ​តែ​មាន​ទំនុក​ចិត្ត​ថា​​​ PSG គ្មាន​ការ​ព្រួយ​បារម្ភ​ទេ​​ចំពោះ​​អវត្តមាន​របស់​​ខ្សែ​ប្រយុទ្ធ​ឆ្នើម​រូប​នេះ​​។

“តើ​យើង​​​គួរ​អង្គុយ​ចុះ​ ហើយ​សម្រក់​ទឹក​ភ្នែក​​ ឬ​ក៏​យើង​ត្រូវ​ក្រោក​ឡើង​ ហើយ​ធ្វើ​នូវ​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​?” Alves បាន​និយាយ​។ “វត្តមាន​របស់​​ Neymar ​ធ្វើ​ឲ្យ​ PSG​ ​ខ្លាំង​​ ប៉ុន្តែ​គ្មាន​គាត់​​ក៏​យើង​នៅ​តែ​​ខ្លាំង​ ព្រោះ​ថា​​យើង​មាន​កីឡាករ​​​ជា​ច្រើន​​ផ្សេង​ទៀត​។”

“ជា​ការ​ពិត​ណាស់​គឺ​​យើង​នឹង​មាន​អារម្មណ៍​​ថា​មិន​មាន​វត្តមាន​គាត់​​។” Alves បន្ថែម​។ “ប៉ុន្តែ​​រវាង​ការ​អង្គុយ​យំ​ និង​ការ​ក្រោក​ឡើង​​​ ហើយ​​បន្ត​​ដំណើរ​ទៅ​មុខ​ គឺ​ខ្ញុំ​តែង​តែ​ជ្រើស​យក​ជម្រើស​ទី​ ២ ជានិច្ច​។”

រដូវកាល​នេះ​ Paris អត់​​ទាន់​ស្គាល់​ពាក្យ​ថា​ចាញ់​នៅ​ឡើយ​ទេ​ សម្រាប់​ការ​ប្រកួត​នៅ​ក្នុង​ទឹក​ដី​ Parc des Princes ដែល​ជា​ផ្ទះ​របស់​ពួក​គេ​ ប៉ុន្តែ​​ពួក​គេ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ Real Madrid បី​ដង​មក​ហើយ​នៅ​ក្នុង​ជំនួប​ Champions League ។

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial