ដុំមាសឆៅទាំង ៥ ដែលធំបំផុតក្នុងលោក ដែលអ្នកធ្លាប់ឃើញពីមុនមក

មាសគឺជាទ្រព្យសម្បត្តិ ដ៏មានតម្លៃបំផុត។ ទោះបីជារ៉ែមាសមានតាំងពី យូរលង់ណាស់មកហើយក៏ដោយ ប៉ុន្តែអ្នកប្រហែលជា មិនធ្លាប់ឃើញដុំមាសឆៅ ដែលគេមិនទាន់យកទៅ ចម្រាញ់ដ៏ធំបែបនេះទេ។

ខាងក្រោមជាដុំមាសឆៅ ដែលគេមិនទាន់យកទៅ ចម្រាញ់ រឺយកទៅកែច្នៃទៅជា កាក់មាស រឺ គ្រឿងអលង្ការ។ មាសនេះត្រូវបានរក្សាទុក នូវរូបរាងដើមរបស់វា ហើយដាក់បង្ហាញនៅក្នុងសារមន្ទីរ។ ថ្ងៃនេះអ្នកច្បាស់ជាភ្ញាក់ផ្អើល នៅពេលដែលឃើញ មាសដ៏ធំបែបនេះ៖

១. ដុំមាស Ironstone Crown នៅអាមេរិច
នៅក្នុងឆ្នាំ ១៩៩២, ក្រុមហ៊ុន Sonora Mining នៅរដ្ឋកាលីហ្វ័រញ៉ា បានយកដុំមាសឆៅនេះ ចេញពីថ្មកំបោរ, វាបានបង្កប់ខ្លួននៅក្នុងនោះ។ បន្ទាប់ពីលាងសម្អាតវារួច, គេរកឃើញមាសនេះមានទំងន់ ១៦,៤ គីឡូក្រាម។


ដុំមាសនេះត្រូវបានដាក់នៅក្នុងរោងមហោស្រព Ironstone Vineyards ដែលជាសារមន្ទីរបេតិកភណ្ឌ នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា។ វាមានឈ្មោះមួយទៀត ហៅថា Kautz Crystalline Gold Leaf Specimen ដែលយោងទៅលើ John Kautz ដែលជាម្ចាស់ចំការទំពាំងបាយជូរ។

២. ដុំមាស Normandy នៅអូស្ត្រាលី
ដុំមាស Normandy នេះត្រូវបានគេរកឃើញនៅក្នុងឆ្នាំ ១៩៩៥, នៅទីក្រុង Kalgoorie, ប្រទេសអូស្ត្រាលីភាគខាងលិច។ ដុំមាសនេះមានទំហំធំជាងដុំមាស Ironstone ទៅទៀត, វាមានទំងន់រហូតដល់ទៅ ២៥,៥ គីឡូក្រាម។

៥ ឆ្នាំក្រោយពីរកឃើញដុំមាសនេះ, ក្រុមហ៊ុនរ៉ែមាស Normandy បានទិញវាពីអ្នករកឃើញ ហើយបានដាក់បង្ហាញនៅក្នុងសារមន្ទីរ Perth Mint។

៣. ដុំមាស Hand of Faith នៅអូស្ត្រាលី
ដុំមាសដ៏ធំទី ២ ដែលត្រូវបានគេរកឃើញនៅប្រទេសអូស្ត្រាលី នៅក្នុងឆ្នាំ ១៩៨០, នៅទីក្រុង Kingower ដែលជាទីក្រុងតូចមួយនៅក្នុងទីក្រុង Victoria។

មាសនេះមានទំងន់ដល់ទៅ ២៧,៦៦ គីឡូក្រាម។ ដុំមាសគេដាក់ឈ្មោះថា Hand of Faith ត្រូវម្ចាស់កាស៊ីណូ Golden Nugget នៅក្នុងរដ្ឋ Nevada ជាអ្នកទិញ។ ឥលូវនេះ, វាត្រូវបានគេដាក់បង្ហាញ នៅកន្លែងទទួលភ្ញៀវ នៅក្នុងកាស៊ីណូនៅ Las Vegas’s East Fremont Street។

៤. ដុំមាស The Great Triangle នៅរុស្ស៊ី
ដុំមាសនេះរកឃើញនៅប្រទេសរុស្ស៊ី នៅក្នុងឆ្នាំ ១៨៤២។ វាមានទំងន់ដល់ទៅ ៣២,៩៤ គីឡូក្រាម។ ដុំមាសដ៏ធំនេះត្រូវបានគេដាក់បង្ហាញនៅ Diamond Fund collection នៅ Moscow Kremlin។

៥. ដុំមាស Pepita Canaa
ដុំមាសដ៏ធំនេះរកឃើញនៅរដ្ឋប៉ារ៉ា ប្រទេសប្រេស៊ីល នៅក្នុងឆ្នាំ ១៩៨៣។ ដុំមាសនេះបានយកចេញពី ដុំថ្មមួយយ៉ាងធំ ដែលមានទំងន់ ៦០,៨២គីឡូក្រាម, រួមទាំងមាសដែលមានទំងន់ ៥២,៣៣គីឡូក្រាម។

ធនាគារកណ្តាលរបស់ប្រទេសប្រេស៊ីល បានទិញដុំមាសនេះ​ ហើយដាក់បង្ហាញនៅក្នុងសារមន្ទីរ Banco Central Museum។

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial