ធ្លាប់ជាមនុស្សញៀនថ្នាំ ដេកតាមចិញ្ចើមថ្នល់ តែសំណាងល្អមិត្តរួមថ្នាក់កាលវ័យកុមារ ជួយសង្គ្រោះចេញពីឋាននរក ប្រែក្លាយទៅជាម្ចាស់ហាង

បុរសម្នាក់មានឈ្មោះថា Patrick Hinga ធ្លាប់ជាមនុស្សញៀនថ្នាំ និងរស់នៅតាមចិញ្ចើមថ្នល់។ គាត់ដើរដេកនៅតាមផ្លូវ និងគ្រប់ច្រកល្ហក់នៅក្នុងទីក្រុង Wangige ប្រទេសកេនយ៉ា។ គាត់រស់នៅដោយការសុំទានគេនៅតាមផ្លូវ។

ជាសំណាងល្អ, ថ្ងៃមួយ Patrick បានជួបនឹងមិត្តរួមថ្នាក់កាលពីកុមារភាព នៅតាមផ្លូវ។ អ្នកដែលជួយសង្គ្រោះ Patrick អោយរួចផុតពីឋាននរក។

គ្រប់គ្នាច្បាស់ជាភ្ញាក់ផ្អើល នៅពេលដែលឃើញជីវិតរបស់ Patrick មានការផ្លាស់ប្តូរដ៏អស្ចារ្យបែបនេះ។

បន្ទាប់ពីរឿងរ៉ាវរបស់ Patrick បានបង្ហោះចែកចាយ នៅលើបណ្តាញសង្គម ធ្វើអោយមនុស្សជាច្រើនរំភើបចិត្តជាខ្លាំង។

Patrick បាននិយាយថា គេរស់នៅតាមចិញ្ចើមថ្នល់ រយៈពេលជាង ១៣ ឆ្នាំមកហើយ។ ហើយគេចាប់ផ្តើមពាក់ព័ន្ធនឹងគ្រឿងញៀន តាំងពីគេនៅជាសិស្សម្ល៉េះ។

Patrick និយាយថា, «ការចាប់ផ្តើមដំបូងគឺត្រឹមការជក់បារី។ មុនពេលដែលខ្ញុំប្រើប្រាស់ថ្នាំញៀន, ខ្ញុំជក់កញ្ឆា។ ខ្ញុំជក់គ្រឿងញៀន ដោយសារតែមិត្តភក្តិចាប់បង្ខំ»។

ពេលដែលគ្រូបង្រៀនរបស់គាត់ដឹង ថាគាត់ញៀនថ្នាំ, គាត់ក៏បណ្តេញគេចេញពីសាលារៀន។ ក្រោយមកគាត់ក៏បានចុះឈ្មោះនៅវិទ្យាល័យ មួយទៀត ប៉ុន្តែមិនបានប៉ុន្មានផងគាត់ក៏បោះបង់ចោលទៀត។

ម្តាយរបស់គាត់ក៏ធ្លាប់បាននាំ គាត់ទៅកាន់មន្ទីរពេទ្យ ដើម្បីផ្តាច់ថ្នាំដែរ ប៉ុន្តែគាត់បានរត់គេចជាច្រើនដង។ ចាប់តាំងពីពេលនោះមក គាត់ក៏រត់ចេញពីផ្ទះ ហើយរស់នៅតាមចិញ្ចើមថ្នល់តែម្តងទៅ។

Patrick បាននិយាយថា, «អ្វីដែលធ្វើអោយខ្ញុំ មានអារម្មណ៍ឈឺចាប់បំផុតនោះគឺ បងប្អូនរបស់ខ្ញុំ រស់នៅជាមួយនឹងម្តាយខ្ញុំ យ៉ាងសុខសប្បាយ, ចំណែកឯខ្ញុំ ត្រូវរស់នៅតាមចិញ្ចើមថ្នល់ ហើយវាបានធ្វើអោយខ្ញុំ បាក់ទឹកចិត្តយ៉ាងខ្លាំង»។

ជាសំណាងល្អ, ថ្ងៃមួយគាត់បានជួបនឹង មិត្តរួមថ្នាក់ស្រី កាលពីវ័យកុមារម្នាក់។ នាងបានជួយសង្គ្រោះ យកទៅផ្តាច់ថ្នាំញៀន ហើយលើកទឹកចិត្ត និងផ្តល់កំលាំងចិត្ត រហូតទាល់តែគាត់ ផ្តាច់ថ្នាំញៀនបានសម្រេច និងក្លាយជាមនុស្សថ្មីម្នាក់ទៀត។

ជាច្រើនខែក្រោយមក បន្ទាប់ពីស្តារជីវិតឡើងវិញ, គាត់អាចរកប្រាក់បានមួយចំនួន ដើម្បីបើកហាងតូចមួយ, ហើយម្តាយរបស់គាត់ជាអ្នកគ្រប់គ្រងហាង។

ម្តាយរបស់គេពិតជាសប្បាយចិត្តណាស់ នៅពេលដែលឃើញកូនប្រុសកែខ្លួនឡើងវិញ។

ឥឡូវនេះ, គេមើលទៅពិតជាខុសគ្នាទាំងស្រុងតែម្តង។ រឿងរ៉ាវរបស់ Patrick ចង់ប្រាប់ដល់មនុស្សគ្រប់គ្នា គ្រប់យ៉ាងមិនទាន់ហួសពេលទេ សម្រាប់មនុស្សដែលចង់កែប្រែ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial