ស្វែងយល់អំពី៖ ពិធីបុណ្យឆេងម៉េង រឺសែនផ្នូរដូនតា

ពិធីបុណ្យឆេងម៉េងត្រូវបានប្រារព្វឡើងនៅថ្ងៃទី ៥ ខែមេសាជារៀងរាល់ឆ្នាំ, ហើយ
ប្រជាជនខ្មែរដែលមានជាប់សែស្រឡាយចិន តែងតែរៀបចំដង្វាយជាច្រើនមុខដូចជា ផ្លែឈើស្រស់ នំចំណី ជ្រូកខ្វៃ មាន់ទា និងភេសជ្ជៈជាដើម ដើម្បីយកទៅសែនផ្នូរជាការរំលឹកដល់ជីដូនជីតា និងញាត្តិកាដែលបានចែកឋានទៅ។ ហើយជាទូទៅពិធីនេះខ្មែរយើងហៅថា ពិធីសែនផ្នូរដូនតា រឺពិធីប្រក់ផ្នូរដូនតា។

ពាក្យថា «ឆេង» មានន័យថា «បរិសុទ្ធ រឺ ស្អាត», ឯពាក្យថា «ម៉េង» មានន័យថា «ភ្លឺថ្លា រឺត្រឹមត្រូវ»។ ពាក្យទាំងពីរបូកបញ្ជូលគ្នា «ឆេងម៉េង» មានន័យថា «ស្អាតភ្លឺ»។

បុណ្យ «ឆេងម៉េង» រឺពិធីបោសសំអាតផ្នូរនេះគឺជាពិធីដ៏សំខាន់បំផុត ព្រោះជាថ្ងៃដែលកូនចៅគ្រប់គ្នាសំដែងនូវការគោរពដឹងគុណ និងស្រណោះអាឡោះអាល័យចំពោះដូនតាដែលបានចែកឋានទៅ។

ពិធីបុណ្យឆេងម៉េងនេះការពិតទៅមានការជាប់ទាក់ទងគ្នាច្រើន, ពិធីនេះមិនត្រឹមតែជាការរំលឹកដល់ដូនតាដែលបានចែកឋាននោះទេ ប៉ុន្តែក៏ជាពិធីដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងវិស័យកសិកម្មផងដែរ។

ដោយសារតែសីតុណ្ហភាពចាប់ផ្តើមក្តៅ ហើយទឹកភ្លៀងក៏ចាប់ផ្តើមមាន, ដូច្នេះវាក៏ជាពេលវេលាល្អសម្រាប់ការធ្វើកសិកម្ម និងពេលវេលាចេញទៅក្រៅផងដែរ។ ដូច្នេះពិធីបុណ្យ Cold Food Festival រឺបុណ្យ Hanshi ក៏ត្រូវបានរួមបញ្ជូលគ្នាជាមួយនឹងពិធីបុណ្យឆេងម៉េងតែមួយ។

កាលបរិច្ឆេទនេះក៏ត្រូវបានបង្ហាញនៅលើប្រតិទិនបុរាណរបស់ប្រទេសជប៉ុនផងដែរ ដែលវប្បធម៌របស់ពួកគេធ្វើស្រដៀងគ្នាដែរ។ ចំណែកឯនៅក្នុងវប្បធម៌កូរ៉េវិញ, ពិធីនេះត្រូវបានគេស្គាល់ថាជា Hansik។

ពិធីបុណ្យឆេងម៉េងនេះមិនត្រឹមតែរួមបញ្ជូលដូចជា ការដាំរុក្ខជាតិតូចនៅជុំវិញផ្នូរ, លាងសំអាតផ្នូរ ប្រក់ក្រដាសនៅលើផ្នូរនិង សែនព្រេនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានការដុតគ្រឿងក្រអូប និងដុតក្រដាសប្រាក់ក្លែងក្លាយទៀតផង។

ការដុតក្រដាស់ប្រាក់ក្លែងក្លាយនេះគឺ ដើម្បីបញ្ជូនទៅអោយអ្នកស្លាប់យកទៅចាយនៅឋានបរលោក។​ នាសម័យក្រោយៗនេះ, មិនត្រឹមតែមានការដុតក្រដាសប្រាក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានដូចជាផ្ទះ, កាបូប, សម្លៀកបំពាក់, ទូរស័ព្ទ, រថយន្តទំនើបៗ​ និងសៀវភៅធនាគារថែមទៀតផង។

បញ្ជាក់៖ នៅតំបន់ខ្លះនៃប្រទេសចិន, ការបោសសំអាតផ្នូរត្រូវបានធ្វើឡើងមួយសប្តាហ៍មុនថ្ងៃឆេងម៉េងមកដល់ ហើយការបោសសំអាតត្រូវតែបញ្ចប់មុនមួយថ្ងៃ។

ដើមកំណើតបុណ្យឆេងម៉េង
តាមរឿងដំណាលថាពិធីបុណ្យឆេងម៉េងនេះ ដំបូងឡើយគឺធ្វើឡើងដើម្បីរំលឹកដល់បុរសស្មោះត្រង់ម្នាក់ ដែលមានឈ្មោះថា Jie Zitui ដែលរស់នៅសម័យកាលនិទាឃរដូវ និងសរទរដូវក្នុងអំឡុង (៧៧០ – ៤៧៦ BC)។

លោក Jie ជាអ្នកបំរើដ៏ស្មោះត្រង់ ដែលតាមបំរើព្រះអម្ចាស់របស់គាត់ព្រះនាម Chong’er ដែលត្រូវបានគេបង្ខំអោយនិរទេសខ្លួនចេញពីប្រទេស ហើយរស់នៅយ៉ាងវេទនាជាទីបំផុត, ព្រះអម្ចាស់អត់ឃ្លានរហូតជិតស្លាប់។

Jie ក៏សម្រេចចិត្តអាសាច់ត្រង់កំភួនជើងរបស់ខ្លួន អោយព្រះអម្ចាស់សោយ ដើម្បីមានជីវិតរស់។

ក្រោយមក, ព្រះអម្ចាស់ Chong’er ក៏បានវិលត្រលប់ទៅរដ្ឋ Jin វិញ ហើយក៏បានក្លាយជាព្រះមហាក្សត្រ។

ព្រះអង្គបានផ្តល់រង្វាន់យ៉ាងច្រើនមហាសាលដល់មនុស្ស ដែលស្មោះត្រង់ជាមួយព្រះអង្គគ្រាជួបទុក្ខលំបាក, ប៉ុន្តែលោក Jie បានបដិសេធមិនទទួលរង្វាន់ និងមិនព្រមកាន់តំណែងជាមន្ត្រីនោះទេ។ Jei Zitui បានចាកចេញទៅរស់នៅលើភ្នំ Mainshan យ៉ាងស្ងប់ស្ងាត់ជាមួយនឹងម្តាយរបស់គាត់។

ព្រះមហាក្សត្រនៃរដ្ឋ Jin ក៏បានប្រើមនុស្សអោយទៅដុតព្រៃ ដោយសង្ឃឹមថានឹងអាចបង្ខំអោយ Jie ចុះពីលើភ្នំ, ប៉ុន្តែជាអកុសល Jie និងម្តាយរបស់គាត់បានឆេះស្លាប់នៅក្នុងព្រៃយ៉ាងគួរអោយសង្វែគ។

ដោយសោកស្តាយចំពោះការបាត់មនុស្សស្មោះត្រង់, ព្រះអង្គក៏យកថ្ងៃដែលលោក Jie ស្លាប់កំណត់ថាជាថ្ងៃបុណ្យ Hanshi (Cold Food Festival), ថ្ងៃដែលញុំាតែអាហារត្រជាក់។

នៅឆ្នាំទី ២, ពេលដែលព្រះអង្គយាងទៅគោរពផ្នូររបស់ Jie, ព្រះអង្គប្រទះឃើញដើមស្រស់មួយដើមដុះនៅទីនោះ, ដូច្នេះទ្រង់ក៏ចេញសេចក្តីប្រកាសថាក្រោយថ្ងៃ Hanshi មួយថ្ងៃគឺជាថ្ងៃ Qingming (ឆេងម៉េង) រឺពិធីបោសសំអាតផ្នូរ។ ក្រោយមកពិធីទាំងពីរនេះក៏រូមបញ្ជូលគ្នាតែមួយ, ហើយក៏បន្តរហូតមកដល់បច្ចុប្បន្ននេះ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial