ប្រពន្ធរបស់គាត់ពិការភ្នែក ទើបគាត់ដាំផ្ការាប់ពាន់ដើម ដើម្បីអោយប្រពន្ធរបស់គាត់ហិត ព្រោះគាត់សង្ឃឹមថានឹងអាចឃើញស្នាមញញឹមប្រពន្ធរបស់គាត់ម្តងទៀត

លោកតា Toshiyuki Kuroki និងភរិយារបស់គាត់ដែលមានឈ្មោះថា Yasuko Kuroki រៀបការជាង ៦០ ឆ្នាំហើយមានកូនពីរនាក់, ពួកគេទាំងពីរនាក់ប្រកបរបរជាកសិករចិញ្ចឹមគោយកទឹកដោះ រស់នៅខេត្ត Miyazaki ប្រទេសជប៉ុន។

ពួកគាត់ទាំងពីរនាក់ធ្លាប់សង្ឃឹមថានឹងធ្វើដំណើរជុំវិញប្រទេសជប៉ុន នៅពេលដែលពួកគាត់ទាំងពីរចូលនិវត្តន៍, ប៉ុន្តែជាអកុសលបន្ទាប់ពីរៀបការ ៣០ ឆ្នាំ, ភរិយារបស់គាត់ស្រាប់តែពិការភ្នែកទាំងសងខាង ដោយសារតែផលវិបាកធ្ងន់ធ្ងៃនៃជំងឺទឹកនោមផ្អែមនៅពេលដែលគាត់មានវ័យ ៥២ ឆ្នាំ។

លោកយាយក៏ក្លាយជាអ្នកជំងឺបាក់ទឹកចិត្ត ហើយផ្តាច់ខ្លួនចេញពីពិភពលោកខាងក្រៅ។ ដើម្បីនាំស្នាមញញឹមមកអោយប្រពន្ធរបស់គាត់វិញ, លោកតា Kuroki ក៏ប្តេជ្ញាចិត្តថានឹងដាំផ្កា Shibazakura នៅជុំវិញផ្ទះរបស់គាត់។

គាត់សង្ឃឹមថាក្លិនដ៏ក្រអូបនៃផ្កានឹងទាក់ទាញប្រពន្ធរបស់គាត់អោយចេញមកពិភពខាងក្រៅ និងរីករាយជាមួយនឹងភាពស្រស់ស្អាតរបស់វា។

បន្ទាប់ពីបង្កើតសួនផ្កាបាន ២ ឆ្នាំ, ឥលូវនេះសួនផ្ការបស់គាត់បានទាក់ទាញភ្ញៀវទេសចររាប់ពាន់នាក់អោយចូលមកមើល ហើយពួកគេរំភើបចិត្តជាខ្លាំងនៅពេលដែលបានដឹងរឿងរ៉ាវស្នេហាដ៏ផ្អែមល្ហែមរបស់ប្តីប្រពន្ធមួយគូនេះ។

ទីបំផុតលោកតាក៏អាចនាំស្នាមញញឹមមកអោយភរិយារបស់គាត់បានសម្រេចដូចបំណង។

ប្រសិនបើអ្នកមានឳកាសទៅបានទៅលេងប្រទេសជប៉ុន, អ្នកអាចឈៀងចូលទៅលេងនៅទីនោះបាន, ពួកគាត់រីករាយនឹងទទួលស្វាគមន៍ភ្ញៀវទេសចរគ្រប់ពេល។

 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial