សាហាវពេកហើយ៖ ប្តីលួចក្រលៀនប្រពន្ធលក់ ដើម្បីដោះដូរនឹងថ្លៃបណ្ណាការ ដែលនាងជំពាក់

ឥណ្ឌា៖ វប្បធម៌ប្រទេសនេះខុសប្លែកពីប្រទេសកម្ពុជាយើង និងបណ្តាប្រទេសដទៃទៀត ដែលគ្រួសារខាងប្រុសជាអ្នកជូនបណ្តាការទៅគ្រួសារខាងស្រី។

ផ្ទុយទៅវិញប្រទេសឥណ្ឌា, ខាងស្រីជាអ្នកជូនបណ្តាការទៅខាងប្រុស។ ប្រពៃណីនៅប្រទេសឥណ្ឌាមួយនេះ កើតមានឡើងតាំងពីយូរលង់ណាស់មកហើយ, ប៉ុន្តែវាក៏ត្រូវបានហាមឃាត់នៅក្នុងឆ្នាំ ១៩៦១។

បើទោះបីជាមានការហាមឃាត់ក៏ដោយ, ប៉ុន្តែវាពិបាកក្នុងការបំបាត់ចោលទាំងស្រុងពីសង្គមឥណ្ឌាខ្លាំងណាស់, ដោយមានគ្រួសារខាងប្រុសខ្លះនៅតែទទូចទាមទារចង់បានថ្លៃបណ្តាការ។

មូលហេតុនៃការហាមឃាត់ប្រពៃណីជូនបណ្តាការទៅខាងប្រុសនេះ ដោយសារតែមើលទៅវាហាក់ដូចជាដាក់សម្ពាធយ៉ាងខ្លាំង ទៅលើគ្រួសារដែលមានកូនស្រី។

មានគ្រួសារជាច្រើននៅប្រទេសឥណ្ឌាមិនចង់បានកូនស្រី ព្រោះពួកគេគិតថាកូនស្រីនឹងមានក្លាយជាបន្ទុកដល់គ្រួសាររបស់ពួកគេនាពេលអនាគត។ ហើយនេះក៏ជាហេតុមួយដែលធ្វើអោយប្រទេសនេះ​ មានករណីសម្លាប់ទារិកាច្រើនបំផុត។

តួយ៉ាងដូចករណីថ្មីមួយ ដែលនារីម្នាក់អះអាងថាប្តីរបស់នាងបានលួចក្រលៀនរបស់នាងលក់ ដើម្បីដោះដូរនឹងថ្លៃបណ្តាការដែលនាងជំពាក់។

Rita Sarkar បានរៀបការជាមួយនឹងប្តីរបស់នាង ដែលមានឈ្មោះថា Biswajit Sarkar នៅក្នុងឆ្នាំ ២០០៥។ មានរបាយការណ៍ជាច្រើនបង្ហាញថាគ្រួសារប្តីរបស់នាង បានធ្វើទារុណកម្មមកលើរូបនាងស្ទើរគ្រប់ពេលវេលា ដោយសារតែគ្រួសាររបស់នាងគ្មានលទ្ធភាពបង់ថ្លៃបណ្តាការ។

ប្រពភព័ត៌មានដដែលបានប្រាប់អោយដឹងថា គ្រួសារប្តីរបស់នាងទាមទារថ្លៃបណ្តាការ ១៥០០ដុល្លាពីគ្រួសារនាង ប៉ុន្តែគ្រួសារនាងគ្មានលទ្ធភាពទេ។

Rita Sarkar បាននិយាយទាំងខ្លោចផ្សារនៅក្នុងចិត្តថា នាងរស់នៅក្នុងឋាននរក អស់រយៈពេល ១២ ឆ្នាំ ចាប់តាំងពីនាងរៀបការជាមួយនឹងប្តីរបស់នាងមក។ នាងបានក្លាយជានារីរងគ្រោះដែលត្រូវរំលោភបំពានក្នុងគ្រួសារ ហើយនាងត្រូវបានគេចាត់ទុកដូចជាសម្រាម ដោយសារតែគ្រួសាររបស់នាងគ្មានលទ្ធភាពបង់ថ្លៃរៀបការទៅខាងប្រុស។ នាងត្រូវបានប្តី និងគ្រួសារខាងប្តី ធ្វើទារុណកម្មទាំងរាងកាយ និងផ្លូវចិត្ត។

រឿងរ៉ាវដ៏ខ្លោចផ្សារដែលទាក់ទងនឹងក្រលៀនរបស់នាង បានកើតឡើងប្រហែលជា ២ ឆ្នាំមុន ដែលកាលនោះនាងមានអារម្មណ៍ថាឈឺនៅក្នុងពោះរបស់នាង។ ហើយប្តីរបស់នាងក៏បាននាំនាងទៅកាន់គ្លីនិកឯកជនមួយនៅ Kolkata។

នាងនិយាយថា, «នៅពេលដែលធ្វើការពិនិត្យរួច, គ្រូពេទ្យនៅទីនោះបានប្រាប់ខ្ញុំថា ត្រូវតែធ្វើការវះកាត់ភ្លាមៗទើបបាន។ ស្អែកឡើងខ្ញុំក៏បានគេធ្វើការវះកាត់, ប៉ុន្តែបន្ទាប់ពីវះកាត់រួចខ្ញុំស្រាប់តែមានអារម្មណ៍ថាឈឺចាប់កាន់តែខ្លាំងនៅ ត្រង់ខ្នងខាងក្រោមរបស់ខ្ញុំ»។

នាងបន្ថែមទៀតថា, «ប្តីរបស់ខ្ញុំបានព្រមានខ្ញុំមិនអោយប្រាប់រឿងវះកាត់នៅ Kolkata ទៅនរណាម្នាក់ទេ។ ខ្ញុំបានសុំអង្វរគាត់អោយនាំខ្ញុំទៅជួបគ្រូពេទ្យ ដើម្បីព្យាបាលការឈឺចាប់របស់ខ្ញុំ, ប៉ុន្តែគាត់មិនព្រមនោះទេ»។

Rita ត្រូវបានចាក់សោរអោយនៅក្នុងផ្ទះរយៈពេល ៤ ទៅ ៥ ខែបន្ទាប់ពីវះកាត់រួច។ បីខែក្រោយមក, នាងស្រាប់តែឈឺចាប់ខ្លាំងនៅត្រង់ខ្នងរបស់នាង ហើយនាងក៏ត្រូវបានសាច់ញាត្តិរបស់នាងបញ្ជូនទៅកាន់មន្ទីរពេទ្យ Northern Hospital and College of Medicine។

បន្ទាប់ពីធ្វើការឆ្លុះកេអូរួច, គ្រូពេទ្យបានប្រាប់នាង ក្រលៀនខាងស្តាំរបស់នាងបានបាត់។ នាងស្ទើរតែមិនចង់ជឿនូវអ្វីដែលគ្រូពេទ្យបាននិយាយប្រាប់។ ដើម្បីកាន់តែច្បាស់, នាងក៏ទៅមន្ទីរពេទ្យមួយទៀត។

គ្រូពេទ្យនៅ Malda ក៏បាននិយាយប្រាប់ដូច្នេះដែរ គឺក្រលៀនខាងស្តាំរបស់នាងពិតជាបាត់មែន។ នាងធ្លាក់ថ្លើមក្តុកនៅពេលដែលដឹងការពិតអំពីការឈឺចាប់រុំារ៉ៃរបស់នាង។ នាងក៏នឹកឃើញដល់សំដីប្តីរបស់នាង ដែលព្រមាននាងមិនអោយប្រាប់នរណាម្នាក់អំពីការវះកាត់នៅ Kolkata។

រឿងដ៏គួរអោយខ្លោចផ្សារមួយទៀតនោះគឺថា ក្រលៀនខាងឆ្វេងរបស់នាងដែលនៅសល់នោះ បានឆ្លងមេរោគ ហើយនេះជាហេតុធ្វើអោយនាងទទួលរងនូវការឈឺចាប់។

បន្ទាប់ពីដឹងការពិត, Rita ក៏បានទៅសួរនាំប្តីរបស់នាង ដើម្បីចង់លឺចេញពីមាត់ផ្ទាល់របស់គេ។ ប្តីរបស់នាងក៏បានអះអាងថានាងបានស៊ីញ៉េទៅលើក្រដាសយល់ព្រមធ្វើការវះកាត់លក់ក្រលៀនម្ខាងរបស់នាង។ ទោះបីជាយ៉ាងណាក៏ដោយ, Rita បានបដិសេធយ៉ាងដាច់អង្ហាការចំពោះករណីនេះ ហើយនាងលើកឡើងថានាងចាញ់បោកប្តីរបស់នាង។

នាងនិយាយយ៉ាងខ្លោចផ្សារថា, «ជីវិតរបស់ខ្ញុំត្រូវបានបំផ្លាញទាំងស្រុង។ ពេលនេះខ្ញុំដឹងហើយថាហេតុអ្វីបានជាប្តីរបស់ខ្ញុំមិនអោយខ្ញុំប្រាប់គេពីរឿងវះកាត់។ ក្រលៀនរបស់ខ្ញុំត្រូវបានគាត់លួចលក់ ដើម្បីដោះដូរនឹងថ្លៃបណ្តាការដែលខ្ញុំបានជំពាក់»។

Rita ក៏សម្រេចចិត្តដាក់ពាក្យប្តឹងប្តីរបស់នាង និងគ្រួសាររបស់គេពីបទលួចក្រលៀនរបស់នាងលក់។

ប្តីរបស់នាង និងប្អូនថ្លៃប្រុសរបស់នាងត្រូវប៉ូលីសចាប់ខ្លួនកាលពីថ្ងៃទី ៤ ខែកុម្ភៈកន្លងទៅ។ ចំណែកឯម្តាយក្មេករបស់នាងកំពុងរត់គេចខ្លួន។ យោងតាមសំដីប៉ូលីស, ប្តីរបស់ Rita និងប្អូនប្រុសរបស់គេបានសារភាពថាពិតជាបាន លួចក្រលៀនរបស់នាងលក់ទៅអោយក្រុមឈ្មួញងងឹតនៅឯ Chhattisgarh។

បើទោះបីជាច្បាប់បានហាមឃាត់យ៉ាងតឹងរឹងអំពីថ្លៃបណ្តាការនេះតាំងពីឆ្នាំ ១៩៦១ ក៏ដោយ, ប៉ុន្តែគ្រួសារដែលមានកូនប្រុសមួយចំនួន នៅតែទាមទារពីខាងស្រីដដែល។ ហើយក៏មាននារីជាច្រើន បានសម្លាប់ខ្លួនដោយសារតែគ្មានលទ្ធភាពបង់ថ្លៃបណ្តាការនេះដែរ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial