អតីត​ខ្សែ​ការពារ​មួយ​រូប​របស់​ក្រុម​បិសាច​ក្រហម​​បាន​ចុះ​ចូលជាមួយ​ក្រុម​ញញួរ​យក្ស​

អតីត​ខ្សែ​ការពារ​ស្លាប​របស់​ក្រុម​បិសាច​ក្រហម​​ Manchester United កីឡាករ​ Patrice Evra មាន​អារម្មណ៍​ថា​​ខ្លួន​មាន​សំណាង​ បន្ទាប់​​ពី​ការ​ចុះ​ហត្ថលេខា​ជាមួយ​ក្រុម​ញញួរ​យក្ស​ West Ham United រហូត​ដល់​ខែ​មិថុនា​។

កីឡាករ​បារាំង​វ័យ​ ៣៦ ឆ្នាំ​រូប​នេះ​​បាន​តែល​តោល​គ្មាន​ក្លិប​លេង​ ចាប់​តាំង​ពី​​ការ​​​​​ចែក​ផ្លូវគ្នា​ជាមួយ​ក្រុម​ Marseille កាល​ពី​ខែ​វិច្ឆកា​ បន្ទាប់​ពី​​រូប​គាត់​បាន​ទាត់​​អ្នក​គាំទ្រ​ មុន​ពេល​ការ​ប្រកួត​​នៃ​ពាន​រង្វាន់​ Europa League ទល់​នឹង​ក្រុម​ Vitoria Guimaraes ។

Evra ត្រូវ​បាន​​ពិន័យ​​​មិន​ឲ្យ​ចូល​លេង​នៅ​ក្នុង​ការ​ប្រកួត​​របស់​​​ក្របខ័ណ្ឌ​ UEFA សម្រាប់​ការ​ប្រកួត​ដែល​នៅ​​សេស​សល់​​ទាំង​ប៉ុន្មាន​​នា​រដូវកាល​នេះ​ តែ​ទោះ​ជា​យ៉ាង​ណា​គាត់​អាច​ចូល​លេង​​ឲ្យ​ West Ham បាន​នៅ​ក្នុង​ក្របខ័ណ្ឌ​ Premier League របស់​អង់គ្លេស​។

“វា​គឺ​​ជា​រឿង​មួយ​ដ៏​អស្ចារ្យ​មែនទែន​​ក្នុង​ការ​​វិល​ចូល​ទីលាន​ប្រកួត​វិញ​។” Evra បាន​និយាយ​។ “ខ្ញុំ​​ពិត​ជា​អរគុណ​ជា​ខ្លាំង​ដល់​ West Ham ដែល​ផ្ដល់​ឱកាស​ឲ្យ​ខ្ញុំ​បាន​ធ្វើ​ការងារ​របស់​ខ្ញុំ​។”

គាត់​បាន​បន្ថែម​ទៀត​ថា​ ៖ “អ្នក​មិន​​ដឹង​ទេ​ថា​អ្នក​មាន​សំណាង​ប៉ុណ្ណា​។ គ្រាន់​តែ​ភ្ញាក់​ពី​គេង​នា​ព្រឹក​ព្រលឹម​ ហើយ​​ដឹង​ថា​ខ្ញុំ​នឹង​ចូល​រួម​ហ្វឹក​ហាត់​ជាមួយ​មិត្ត​រួម​ក្រុម​ថ្មី​របស់​ខ្ញុំ​​ក៏​ធ្វើ​ឲ្យ​ខ្ញុំ​សប្បាយ​ចិត្ត​។”

“ពេល​ដែល​អ្នក​ត្រូវ​​​​បញ្ចប់​កិច្ច​ព្រម​ព្រៀង​មួយ​ ហើយ​លុយ​មិន​មែន​ជា​បញ្ហា​ ពេល​នោះ​កិច្ច​ព្រៀង​អាច​នឹង​ត្រូវ​បាន​បញ្ចប់​​ត្រឹម​តែ​រយៈ​ពេល​ ៥ នាទី​ប៉ុណ្ណោះ​។” Evra បាន​រៀប​រាប់​បន្ត​។ “វា​គឺ​ជា​រឿង​ដ៏​លឿន​បំផុត​មួយ​នៅ​ក្នុង​ជីវិត​របស់​ខ្ញុំ​​ដែល​ខ្ញុំ​បាន​ធ្វើ​​។”

មុន​ផ្លាស់​ទៅ​ Juventus នៅ​ក្នុង​ឆ្នាំ​ ២០១៤ Evra ដែល​ជា​អតីត​កីឡាករ​នៃ​ក្រុម​ជម្រើសជាតិ​បារាំង​រូប​នេះ​បាន​លេង​នៅ​ទឹក​ដី​ Old Trafford ក្រោម​ការ​ដឹកនាំ​របស់​គ្រូ​បង្វឹក​លោក​ David Moyes ដែល​​បច្ចុប្បន្ន​កំពុង​ដឹកនាំ​​ក្រុម​ West Ham ។

គាត់​ចូល​លេង​ឲ្យ​បាន​ United បាន​ ៣៧៩ ប្រកួត​ចន្លោះ​ពី​ឆ្នាំ​ ២០០៦ ដល់ ២០១៤ និង​បាន​ឈ្នះ​ពាន​​រង្វាន់​ធំៗ​ចំនួន​ ៩ នៅ​ទីនោះ​ ដោយ​រួម​បញ្ចូល​ទាំង​​ពាន​នៃ​លីក​កំពូល​របស់​អង់គ្លេស​ Premier League ចំនួន​ ៥ លើក​ និង​ពាន​នៃ​លីក​កំពូល​របស់​អឺរ៉ុប​ Champions League មួយ​លើក​នៅ​ក្នុង​ឆ្នាំ​ ២០០៨ ។

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial