បុរសម្នាក់ប្រៀបធៀបប្រពន្ធរបស់ខ្លួន ទៅនឹងប្រពន្ធដ៏ស្រស់ស្អាតរបស់មិត្តភក្តិ តែក្រោយមកស្រាប់តែមានអារម្មណ៍ថាខ្មាស់ខ្លួនខ្លាំងបំផុត

ថ្ងៃមួយ, មានបុរសម្នាក់បាននាំប្រពន្ធរបស់ខ្លួនទៅចូលរួមពិធីជប់លៀងមួយ។គ្រប់គ្នាចាប់អារម្មណ៍នឹងប្រពន្ធរបស់គាត់ខ្លាំងណាស់ ដោយសារតែនាងស្រស់ស្អាតគួរជាទីទាក់ទាញ។ខណៈពេលនោះមានបុរសម្នាក់ដែលជាមិត្តសម្លាញ់ចាស់
បាននិយាយទៅកាន់បុរសជាប្តីនោះថា៖

បុរសជាមិត្តភក្តិ៖ «អេ!!! សម្លាញ់ប្រពន្ធរបស់ឯងពិតជាស្អាតមែន» ។
បរុសជាប្តីដែលមានប្រពន្ធស្អាតឆ្លើយយ៉ាងមានមោទនភាពថា, «ពិតមែនហើយនាងពិតជាស្អាតខ្លាំងណាស់សម្រាប់ខ្ញុំ»។
បុរសជាមិត្តក៏និយាយបន្តថា, «មើលទៅពួកឯងដូចជាប្តីប្រពន្ធទើបតែការរួចថ្មីថ្មោងអ៊ីចឹង។ តើឯងរៀបការប៉ុន្មានឆ្នាំហើយ»។
បុរសជាប្តី៖ «ពួកយើងរៀបការជាង ១០ ឆ្នាំហើយ»។

បុរសជាមិត្ត៖ «លាន់មាត់!!! ពិតមែនឬ? តែបើតាមការមើលឃើញ ពួកឯងពិតជាដូចគូស្វាមីដែលទើបនឹងរៀបការថ្មីៗ។ខ្ញុំពិតជាកោតសរសើរឯងខ្លាំងណាស់ដែលបានប្រពន្ធស្អាតយ៉ាងនេះ។ ចំណែកខ្ញុំក៏រៀបការជាង ១០​ ដែរ, ប៉ុន្តែមើលចុះប្រពន្ធរបស់ខ្ញុំលែងដូចមុនហើយ។ នាងពិតជាមិនចេះថែរក្សាសម្រស់ទាល់តែសោះ។ ក្រៅពីការងារផ្ទះនាងប្រហែលជាស្អីក៏មិនចេះដែរ»។ បុរសនោះនិយាយបែបមិនសប្បាយចិត្ត។

បុរសជាប្តី៖ «ប្រពន្ធរបស់ខ្ញុំពិតជាប្រពន្ធដ៏ល្អ និងជាម្តាយដ៏ល្អមែន។ ប៉ុន្តែបើតាមខ្ញុំមើលប្រពន្ធរបស់សម្លាញ់ឯងក៏មិនអន់ដែរ​ហើយនាងក៏ប្រហែលជាស្ត្រីមេផ្ទះដ៏ចំណានដែរ។ តើនាងធ្វើកិច្ចការផ្ទះទាំងអស់មែនទេ?» គាត់សួរទៅកាន់មិត្តភក្តិគាត់ទាំងងឿយឆ្ងល់។
បុរសជាមិត្តភក្តិ៖ «មែនហើយប្រពន្ធរបស់ខ្ញុំធ្វើកិច្ចការផ្ទះទាំងអស់។ ចុះប្រពន្ធរបស់សម្លាញ់ឯងវិញ?»

បុរសជាប្តី៖ សើចនៅពេលដែលលឺមិត្តភក្តិនិយាយដល់ចំណុចនេះ។ បន្ទាប់មកគាត់ក៏ឆ្លើយថា, «ប្រពន្ធរបស់ខ្ញុំជាអ្នករ៉ាប់រងកិច្ចការផ្ទះទាំងអស់, ប៉ុន្តែពេលទំនេរខ្ញុំក៏ជួយនាងដែរ។ ចុះចំណែកសម្លាញ់ឯងវិញ?»

បុរសជាមិត្តភក្តិ៖ «ប្រពន្ធរបស់ឯងពិតជាសមជាមេផ្ទះចំណានមែន។ធ្វើការងារផ្ទះហើយថែមទាំងអាចថែរក្សាសម្រស់បានយ៉ាងស្អាតថែមទៀត, មិនដូចប្រពន្ធរបស់ខ្ញុំទេ»។
បុរសជាប្តី៖ «ខ្ញុំចងចាំគ្រប់អ្វីដែលប្រពន្ធរបស់ខ្ញុំចូលចិត្ត។ ខ្ញុំតែងតែព្រួយបារម្ភពីសុខទុក្ខរបស់នាង។គ្រប់គ្រឿងថែរក្សាសម្រស់ទាំងអស់សុទ្ធតែខ្ញុំជាអ្នកទិញអោយនាង។ នៅពេលដែលខ្ញុំដឹងថានាងនឿយហត់, ខ្ញុំប្រញាប់ជំនួសដៃជើងនាងភ្លាមហើយថែមទាំងម៉ាស្សាអោយនាងថែមទៀតផង។

នៅពេលដែលខ្ញុំដឹងថាខ្ញុំខុស​ រឺទោះតែមិនខុសក៏ខ្ញុំសុំទោសនាងដែរ
ព្រោះខ្ញុំមិនចង់អោយនាងខឹងនោះទេ។ ខ្ញុំមិនដែលភ្លេចថើបប្រពន្ធរបស់ខ្ញុំ មុនពេលដែលខ្ញុំទៅធ្វើការនោះទេ។ នៅពេលដែលខ្ញុំដឹងថាប្រពន្ធរបស់ខ្ញុំមិនសប្បាយចិត្ត ខ្ញុំក៏ឆ្លៀតពេលនាំនាងទៅស្រូបយកខ្យល់អាកាសបរិសុទ្ធ ដើម្បីអោយនាងសប្បាយចិត្ត។

ខ្ញុំដឹងថានាងមិនហ៊ានចំណាយលុយសម្រាប់ការតុបតែងខ្លួននោះទេ ប៉ុន្តែខ្ញុំដឹងពីទំហំសម្លៀកបំពាក់របស់នាង ដូច្នេះខ្ញុំជាអ្នកទិញអោយនាង។ខ្ញុំតែងតែរកវិធីធ្វើអោយប្រពន្ធរបស់ខ្ញុំចិត្ត។ ចុះសម្លាញ់ឯងធ្លាប់ធ្វើរឿងទាំងនេះចំពោះប្រពន្ធរបស់ឯងទេ?»

បុរសជាមិត្តភក្តិប្រែទឹកមុខ នៅពេលដែលបានស្តាប់លឺបុរសនោះនិយាយរៀបរាប់រឿងទាំងនេះ។ គាត់អង្គុយគិតត្រលប់ក្រោយ, កាលពីប៉ុន្មានថ្ងៃមុនគាត់ទើបតែ
ឈ្លោះជាមួយប្រពន្ធរបស់គាត់ ហើយគាត់ក៏មិនធ្លាប់ដែល
ធ្វើរឿងទាំងនេះដាក់ប្រពន្ធគាត់ដែរ។

ពាក្យសំដីរបស់បុរសជាប្តីម្នាក់នោះ បានអង្រួនចិត្តបុរសជាមិត្តភក្តិយ៉ាងខ្លាំង។ គាត់ក៏តាំងចិត្តផ្លាស់ប្តូរឥរិយាបថរបស់គាត់ចំពោះប្រពន្ធ ហើយនឹងធ្វើជាប្តីល្អដូចជាបុរសនោះដែរ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial