រឿងអប់រំ៖ ការជួបចុងក្រោយ

ជាយូរលង់ណាស់មកហើយមានយាយតាពីរនាក់ប្តីប្រពន្ធរស់នៅស្រុកឆ្ងាយ។ ជារៀងរាល់ថ្ងៃគាត់តែងតែនឹករលឹកដល់កូនប្រុសរបស់គាត់​ដែលរស់នៅទីក្រុង។ ដោយចិត្តនឹករលឹកខ្លាំងពេកយាយក៏ប្រើតាអោយទៅរកកូនប្រុស។ តាក៏ធ្វើដំណើរទៅទីក្រុង។ គាត់ទៅតាមអាស័យដ្ឋានដែលកូនប្រុសរបស់គាត់ ធ្លាប់សរសេរអោយគាត់កាលពី ៥ ឆ្នាំមុន។ ទៅដល់ទីនោះស្ត្រីម្ចាស់ផ្ទះក៏ប្រាប់តាថាកូនប្រុសរបស់គាត់ផ្លាស់ចេញពីទីកន្លែងនេះយូរណាស់ហើយ, ហើយស្ត្រីនោះក៏បានអោយអាស័យដ្ឋានថ្មីរបស់កូនប្រុសគាត់។ តាក៏ទៅតាមអាស័យដ្ឋាននោះ។

ចៃដន្យល្អកូនប្រុសគាត់ចេញពីក្នុងផ្ទះ, ស្រាប់តែប្រទះឃើញតាកំពុងដើរនៅមុខផ្ទះ។ គេអរខ្លាំងណាស់ ហើយក៏អញ្ជើញតាអោយចូលទៅក្នុងផ្ទះ។ តានិយាយទៅកាន់កូនប្រុសថា, «កូនសម្លាញ់ពុកនឹកកូនខ្លាំងណាស់។ តើកូនសុខសប្បាយជាទេ? ម្តាយកូនក៏នឹកកូនដែរ។ គាត់អោយពុកមករកកូន»។ កូនប្រុសរលីងរលោងទឹកភ្នែក ហើយក៏ប្រាប់តាថារូបគេក៏នឹកពួកគាត់ទាំងពីរដែរ។ បន្ទាប់ពីសំណេះសំណាលគ្នាយ៉ាងយូរ, តាក៏ប្រាប់កូនប្រុសថាគាត់ត្រលប់ទៅស្រុកវិញហើយ ព្រោះមិនអាចទុកយាយអោយនៅតែម្នាក់ឯងបានទេ។

គាត់សង្ឃឹមថាកូនប្រុសរបស់គាត់អាចនឹងត្រលប់ទៅលេងស្រុកនៅថ្ងៃណាមួយ។ កូនប្រុសគាត់និយាយថាគេមិនទាន់អាចដកឃ្លាបាននៅឡើយទេ ព្រោះតែការងាររបស់គេមមាញឹកពេក។ ណាមួយគេទើបតែឡើងឋានៈជាប្រធានផង ទើបមិនអាចឈប់បាន, ប៉ុន្តែថ្ងៃណាមួយគេនឹងទៅលេង។ និយាយចប់តាក៏លាកូនប្រុសត្រលប់ទៅស្រុកកំណើតវិញ។

១ ឆ្នាំក្រោយមក, កូនប្រុសក៏ទៅលេងស្រុកកំណើត ប៉ុន្តែទៅដល់ផ្ទះគ្មានមនុស្សនៅនោះទេ។ គេក៏ទៅសួរអ៊ុំដែលរស់នៅជាប់ផ្ទះ។ អ៊ុំនៅជាប់ផ្ទះប្រាប់ថាឪពុកម្តាយរបស់គាត់ផ្លាស់ទីលំនៅ។ គាត់ក៏បានប្រាប់ទីលំនៅថ្មីរបស់ពួកគាត់ទៅបុរសនោះ ហើយថែមទាំងអោយសំបុត្រមួយដោយប្រាប់ថា, «បើកសំបុត្រនេះអាននៅពេលដែលឯងបានជួបពួកគាត់»។ កូនប្រុសក៏ទៅតាមអាស័ដ្ឋាដែលអ៊ុំនោះប្រាប់។

គេស្លុតចិត្តជាខ្លាំង ព្រោះកន្លែងថ្មីនោះគឺជាទីវាលបញ្ចុះសព។ នៅពីមុខនោះគឺជាផ្នូរឪពុកម្តាយរបស់គេ។ គេក៏បើកសំបុត្រអាន, «កូនប្រុសជាទីស្រលាញ់! ពុកម៉ែមិនដឹងថាពេលណាកូនបានអានសំបុត្រនេះទេ។ ពុកម៉ែគ្រាន់តែដឹងថានៅពេលដែលកូនបានអានសំបុត្រនេះ គឺពុកម៉ែលែងនៅលើលោកនេះទៀតហើយ។ ពុកម៉ែជូនពរកូនពីចម្ងាយអោយកូនជួបតែសំណាងល្អ និងជោគជ័យនៅក្នុងការងារ និងជីវិត។ កូនត្រូវរក្សាសុខភាពរបស់កូនផង។ ពុកពិតជាមោទនភាពខ្លាំងណាស់ ដែលកូនរបស់ពុកមានការងារល្អ។ ពុកស្រលាញ់កូនខ្លាំងណាស់»។ កូនប្រុសលុតជង្គង់សំពះផ្នូរឪពុកម្តាយ ស្តាយក្រោយដែលខ្លួនមកមិនទាន់ពេលវេលា។

គំនិតអប់រំ៖ គ្រួសារគឺជាអ្វីដែលមានតំលៃបំផុត។ ពេលវេលាមិនរង់ចាំនរណាម្នាក់ឡើយ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial