Beckham រ៉ាយ​រ៉ាប់​អារម្មណ៍​ពិត​របស់​ខ្លួន​​​ ក្រោយ​​ពី​ក្រុម​​យូណាយ​ធីតទទួល​បាន​ Sanchez

វីរបុរស​បាល់ទាត់​របស់​ក្រុម​បិសាច​ក្រហម​ Manchester United លោក​ David Beckham នៅ​តែ​មិន​ទាន់​បាត់​​ភ្ញាក់​ផ្អើល​ដែល​គ្រូ​បង្វឹក​លោក​ Jose Mourinho អាច​បញ្ចប់​ការ​ចុះ​ហត្ថលេខា​ទិញ​ខ្សែ​ប្រយុទ្ធ​ Alexis Sanchez ពី​ក្រុម​កាំភ្លើង​ធំ​ Arsenal បាន​។

Sanchez ​​ត្រូវ​បាន​​​​គេ​ឲ្យ​ពាក់​អាវ​លេខ​ ៧ ​​ដែល​ជា​លេខ​​​ Beckham ធ្លាប់​ពាក់​កាល​​ពី​គាត់​លេង​​នៅ​ United ​ហើយ​កីឡាករ​​នៃ​ក្រុម​ជម្រើស​ជាតិ​ឈីលី​រូប​នេះ​បាន​ចូល​លេង​ប្រកួត​ដំបូង​របស់​ខ្លួន​​​ឲ្យ​ United អំឡុង​ការ​ប្រកួត​ពាន​រង្វាន់​ FA Cup កាល​ពី​ថ្ងៃ​សុក្រ​​សប្ដាហ៍​មុន​ ដោយ​​​បញ្ជូន​បាល់​ឲ្យ​​មិត្ត​រួម​ក្រុម​ថ្មី​​របស់​គាត់​ស៊ុត​បញ្ចូល​ទី​បាន​សម្រេច​ ២ គ្រាប់​​នៅ​ក្នុង​ជ័យជម្នះ ៤-០ លើ​ក្រុម​ Yeovil Town ។

ហើយ​មុន​ពេល​បញ្ចប់​ការ​ផ្ទេរ​មក​កាន់​ទឹកដី​ Old Trafford កីឡាករ​វ័យ​ ២៩ ឆ្នាំ​ Sanchez ត្រូវ​បាន​ក្រុម​មេឃ​ខៀវ Manchester City តាម​ចែ​ចង់​​ ប៉ុន្តែ​រឿង​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ​ក៏​បាន​កើត​ឡើង​ភ្លាមៗ​ បន្ទាប់​ពី​​គាត់​បាន​​ទៅ​ចុះ​ចូល​ជាមួយ​ក្រុម​របស់​លោក​ Jose Mourinho នៅ​ក្នុង​កិច្ច​ព្រមព្រៀង​ដោះដូរ​គ្នា​ជាមួយ​ខ្សែ​បម្រើ​ Henrikh Mkhitaryan ។

តែ​ទោះ​ជា​យ៉ាង​ណា​ការ​ផ្ទេរ​​គឺ​ត្រូវ​បាន​បញ្ចប់​ទៅ​​មួយ​សប្ដាហ៍​​ជាង​ទៅ​ហើយ​​ ប៉ុន្តែ​​ Beckham អតីត​កីឡាករ​​​នៃ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​​​​​នៅ​តែ​មិន​​អាច​លាក់​បាន​នូវ​​​អារម្មណ៍​​ភ្ញាក់​ផ្អើល​​របស់​គាត់​ដែល​ United ​អាច​ប្រជែង​ឈ្នះ​ Man City ក្នុង​ការ​ចុះ​ហត្ថលេខា​ទិញ​ Sanchez ។

“និយាយ​ដោយ​ស្មោះ​​​​ទៅ​ចុះ​គឺ​​ខ្ញុំ​នៅ​តែ​មិន​​ជឿ​​​​ទាល់​តែ​សោះ​ថា​វា​​​​បាន​កើត​ឡើង​​​​។” Beckham បាន​ប្រាប់​សារពត៌មាន​ Sky Sports ។ “នៅ​ពេល​ដែល​គាត់​នៅ​ជា​កីឡាករ​​របស់​​​​ក្លិប​​ដ៏​ធំ​​មួយ​​ដូចជា​ Arsenal ហើយ​បន្ទាប់​មក​គាត់​​ក៏​ផ្លាស់​​ចេញ​​ក្នុង​រយៈ​ពេល​​តែ​ប៉ុន្មាន​​ម៉ោង​មក​កាន់​​ក្លិប​មួយ​​ផ្សេង​ទៀត​ដែល​ធំ​បំផុត​ នោះ​​វា​គឺ​ជា​រឿង​ដ៏​គួរ​ឲ្យ​ភ្ញាក់​ខ្លាំង​ណាស់​។”

“យើង​​ទាំង​អស់​គ្នា​សូម​ជូនពរ​គាត់​​ឲ្យ​មាន​សំណាង​ល្អ​។” បុរស​វ័យ​ ៤២ ឆ្នាំ​រូប​​នេះ​បាន​បន្ថែម​។ “ខ្ញុំ​គឺ​ជា​អ្នក​គាំទ្រ​ក្រុម​ United ដូច្នេះ​ខ្ញុំ​​មាន​ក្ដី​រំភើប​រីករាយ​ណាស់​ដែល​​កីឡាករ​​មាន​ទេព្យ​កោសល្យ​ល្អ​ដូចជា​ Sanchez ពាក់​អាវ​របស់​ក្រុម​ United ។ វា​គឺ​ពេល​វេលា​ដ៏​រំភើប​មួយ​សម្រាប់​ពួក​យើង​។”

ប្រែ​​សម្រួល​ ៖ អំពិល​អំពែក​
ប្រភព​ ៖ Goal

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial