ខ្លា​ចាស់​ Zlatan Ibrahimovic សម្លឹង​ឃើញ​ទ្រនំ​ថ្មី​នៅ​ទឹក​ដី​​​​មហា​អំណាច​

ខ្សែ​ប្រយុទ្ធ​វ័យ​ចំណាស់​​របស់​ក្រុម​​បិសាច​ក្រហម​ Manchester United កីឡាករ​ Zlatan Ibrahimovic កំពុង​​​ខិត​កាន់​តែ​ជិត​ទៅ​នឹង​ការ​​ចុះ​ចូល​ជាមួយ​​ក្រុម​ LA Galaxy ហើយ​​ បន្ទាប់​ពី​ការ​មក​ដល់​របស់​ខ្សែ​ប្រយុទ្ធ​ Alexis Sanchez ។ ប្រភព​ពី​​សារពត៌មាន​នៃ​សហរដ្ឋ​អាមេរិក​បាន​រាយការណ៍​។

វីរបុរស​បាល់ទាត់​សញ្ជាតិ​ស៊ុយអែត​រូប​នេះ​​បាន​វិល​ចូល​ទីលាន​ប្រកួត​ជាមួយ​ United កាល​ពី​ចុង​ខែ​វិច្ឆកា​ ​ក្រោយ​​​ជា​សះ​ស្បើយ​ពី​បញ្ហា​របួសដែល​បាន​ត្រាំត្រែង​​អស់​រាប់​ខែ​​​​​ តែ​ទោះ​ជា​យ៉ាង​ណា​ Zlatan បាន​រង​របួស​ជា​ថ្មី​ម្ដង​ទៀត​​ និង​​បាន​ខកខាន​នូវ​​ ៦ ប្រកួត​​ចុង​ក្រោយ​របស់​ Man Utd ។

ក្នុង​ពេល​ដំណាល​គ្នា​នោះ​ដែរ​ United បាន​ពង្រឹង​ប្រព័ន្ធ​ប្រយុទ្ធ​របស់​ពួក​គេ​តាម​រយៈ​ការ​ទិញ​បាន​ខ្សែ​ប្រយុទ្ធ​មួយ​រូប​ពី​ក្រុម​កាំភ្លើង​ធំ​ Arsenal គឺ​កីឡាករ​ Alexis Sanchez កាល​ពី​សប្ដាហ៍​​មុន​​ ដែល​នេះ​ទំនង​ជា​នឹង​​​ធ្វើ​ឲ្យ​រយៈ​ពេល​នៃ​ការ​ចូល​លេង​របស់​​ Zlatan មាន​កាន់​តែ​តិច​​ទៅ​ៗ​។

ហើយ​ពេល​នេះ​ប្រភព​​សារពត៌មាន​ ESPN បាន​រាយការណ៍​មក​ថា​កីឡាករ​វ័យ​ ៣៦ ឆ្នាំ​ Zlatan កំពុង​​មាន​​ការ​ចរចារ​គ្នា​យ៉ាង​ស៊ី​ជម្រៅ​មួយ​ជាមួយ​ LA Galaxy ដើម្បី​​បញ្ចប់​ការ​ស្នាក់​នៅ​របស់​គាត់​​ជាមួយ​ទឹកដី​ Old Trafford និង​ផ្លាស់​ទៅ​​លេង​នៅ​ក្របខ័ណ្ឌ​កំពូល​របស់​សហរដ្ឋ​អាមេរិក​​ “Major League Soccer” ។

Zlatan បាន​ចុះ​កុងត្រា​ថ្មី​ជាមួយ​ United ចំនួន​មួយ​ឆ្នាំ​កាល​ពី​ខែ​សីហា​ និង​បាន​និយាយ​ថា​គាត់​នឹង​បញ្ចប់​នូវ​អ្វី​ដែល​​ខ្លួន​បាន​ចាប់​ផ្ដើម​ ប៉ុន្តែ​រដូវកាល​នេះ​គាត់​ចូល​លេង​បាន​ ៧ ប្រកួត​ឲ្យ​គត់​​ ឬ​​ស្មើ​នឹង​ ១៨៧ នាទី​​​ ខណៈ​ដែល​ LA Galaxy មាន​ទំនុក​ចិត្ត​ថា​ពួក​គេ​នឹង​អាច​អូស​ទាញ​អតីត​កីឡាករ​របស់​ក្រុម​អ្នក​មាន​បុណ្យ​ Barcelona រូប​នេះ​ចេញ​ពី​ United បាន​។

ប្រែ​សម្រួល​ ៖ អំពិល​អំពែក​
ប្រភព​ ៖ Metro Sport

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial