ដឹងថាគ្រូ Man City បញ្ចេញប្រតិកម្មដូចម្ដេចអត់ បន្ទាប់ពី Sane ត្រូវបានគេឈូសឲ្យរបួស!!
គ្រូបង្វឹកក្រុមមេឃខៀវ Manchester City លោក Pep Guardiola បានទទូចសុំឲ្យអាជ្ញាកណ្ដាលជួយការពារកីឡាករផង ខណៈដែលការលើកឡើងនេះត្រូវបានធ្វើឡើងបន្ទាប់ពីខ្សែបម្រើស្លាប Leroy Sane ត្រូវបានកីឡាកររបស់ក្រុមគូប្រកួតឈូសឲ្យរងរបួស អំឡុងការប្រកួតពានរង្វាន់ FA Cup ទល់នឹងក្រុម Cardiff City ។
ក្រុមរបស់លោក Guardiola បានទទួលជ័យជម្នះដោយលទ្ធផល ២-០ ទៅលើក្រុមនៃក្របខ័ណ្ឌលំដាប់ទី ២ របស់អង់គ្លេស Cardiff City និងបានឈានដល់វគ្គជម្រុះជុំទី ៥ នៃការប្រកួតពានរង្វាន់ FA Cup ខណៈដែលខ្សែបម្រើ Kevin de Bruyne និងខ្សែប្រយុទ្ធ Raheem Sterling ជាអ្នកបំប៉ើងសំណាញ់ទីបានសម្រេចម្នាក់មួយគ្រាប់ឲ្យ Man City នៅក្នុងជ័យជម្នះនោះ។
តែទោះជាយ៉ាងណាវាហាក់ដូចជារឿងអកុសលមួយសម្រាប់ Man City ដែល Sane ខ្សែបម្រើរបស់ពួកគេបានរងរបួសកជើង អំឡុងការប្រកួតនោះ បន្ទាប់ពីត្រូវបានកីឡាករ Joe Bennett របស់ Cardiff City ធ្វើឲ្យរបួស ហើយ Pep បានបញ្ជាក់ថាខ្សែបម្រើសញ្ជាតិអាល្លឺម៉ង់រូបនេះអាចនឹងអវត្តមានពីទីលានប្រកួតយ៉ាងតិចក៏មួយខែដែរ។
“សម្រាប់វិស័យបាល់ទាត់ ជាទូទៅកីឡាករទាំងអស់គឺជាសិល្បករ។” Pep បានមានប្រសាសន៍។ “រឿងតែមួយគត់ដែលពួកគេ(អាជ្ញាកណ្ដាល)អាចធ្វើបាននោះគឺការពារកីឡាករទាំងនោះ។ អាជ្ញាកណ្ដាលត្រូវតែការពារកីឡាករទាំងអស់ មិនមែនការពារតែខ្ញុំម្នាក់នោះទេ។”
“Sane នឹងត្រូវនៅក្រៅទីលានប្រកួតមួយរយៈ។ ប្រហែលជា ២ ឬ ៣ សប្ដាហ៍ ឬដល់មួយខែក៏អាចថាបានដែរ។” គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះបានបន្ថែម។ “យើងនឹងរង់ចាំមើលបន្តទៀត ហើយវាគឺជារបួសកជើង។”
ទាក់ទងនឹង Sane រងរបួសនេះដែរ សហព័ន្ធកីឡាបាល់ទាត់អាល្លឺម៉ង់បានបង្ហោះនូវសារមួយនៅលើ Twitter ដោយបានសុំក្រុម Cardiff City កុំធ្វើឲ្យកីឡាករនៃក្រុមជម្រើសជាតិអាល្លឺម៉ង់មានបញ្ហារបួសតទៅទៀត ព្រោះពួកគេជិតដល់ពេលត្រូវទៅប្រកួតពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ ២០១៨ ហើយ។
“យើងគ្រាន់តែចង់ឲ្យអ្នកដឹងថាយើងមានការប្រកួតដ៏សំខាន់នារដូវក្ដៅខាងមុខ ដូច្នេះសុំកុំធ្វើឲ្យកីឡាកររបស់ពួកយើងរបួសតទៅទៀតអី។”
ហើយក្រោយពីចប់ការប្រកួតនោះដែរ កីឡាករ Joe Bennett ដែលបានបង្កឲ្យ Sane របួសនោះបានចេញសារសុំទោសនៅលើបណ្ដាញសង្គមយ៉ាងដូចច្នេះថា ៖ “ខ្ញុំគ្រាន់តែចង់សុំទោស Sane ចំពោះការបង្កកំហុសរបស់ខ្ញុំ។ ខ្ញុំបានព្យាយាមដើម្បីបញ្ចប់ការវាយប្រហារ ប៉ុន្តែការប៉ុនប៉ងរបស់ខ្ញុំគឺវាខុសទាំងស្រុង។”
“ខ្ញុំគ្មានបំណងចង់បង្កឲ្យគាត់របួសដូចដែលខ្ញុំបានធ្វើនោះទេ។” Bennett រៀបរាប់បន្ថែមនៅលើ Twitter ។ “ខ្ញុំសង្ឃឹមថាវានឹងមិនបង្កជារបួសធ្ងន់ធ្ងរដល់គាត់ទៅចុះ និងជូនពរឲ្យគាត់ឆាប់ជាសះស្បើយ។”
Sane អាចនឹងខកខានការប្រកួតនៃលីកកំពូលរបស់អង់គ្លេសទល់នឹងក្រុម West Bromwich Albion, Burnley និង Leicester City និងត្រូវបានគេសង្ស័យថាអាចនឹងខកខានសម្រាប់ការប្រកួតនៃពានរង្វាន់ Champions League ដែល Man City ត្រូវប៉ះគ្នាជាមួយ Basel នៅថ្ងៃទី ១៣ កុម្ភៈ ខាងមុខផងដែរ។
ប្រែសម្រួល ៖ អំពិលអំពែក
ប្រភព ៖ BBC Sport
- ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ